​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​នៅលើ​បណ្ដាញ​តេ​ឡេ​ក្រាម​របស់លោក នៅ​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០២៣ ប៉ុន្មាន​ថ្ងៃមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ ដោយបាន​អះអាងថា ការបោះ​ឆ្នោត​សកល​ឆ្នាំ​ ២០២៣ ក្រៅពី​ការ​ប្រកួតប្រជែង​ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​ ១៨ ​គណបក្ស ទន្ទឹម​​គ្នា​នោះ​ក៏មាន​ការប្រកួតប្រជែង​ជាមួយ​កម្លាំង​គណបក្ស​ដែល​ព្យាយាម​បំផ្លាញ​ការបោះឆ្នោត និង​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ផងដែរ​។


​យោងតាម​សារ​របស់​លោកនាយក​​រដ្ឋមន្ត្រី បានឱ្យដឹងថា​៖ «​តើ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ខាងមុខ កម្លាំង​ប្រជាធិបតេយ្យ​ដែល​ចូលរួម​ការបោះ​ឆ្នោត មាន​ច្រើនជាង ឬ​មាន​តិចជាង កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​ការបោះឆ្នោត​? សូម​រង់​ចាំមើល​ទាំង​អស់​គ្នា​»​។​

​សារ​របស់លោក​ ហ៊ុន សែន បានឱ្យដឹង​ទៀតថា​៖ «​ពួក​ជ្រុលនិយម​ដែល​បញ្ជា​ដោយ​ទណ្ឌិត​រត់ចោល​គុក​ពី​ក្រៅប្រទេស មក​បក្សនយោបាយ​មួយ​នៅក្នុង​ប្រទេស បា​នរក​គ្រប់​វិធី​ដើម្បី​បំផ្លាញចោល​ដំណើរការ​ប្រជា​ធិ​ប​តេ​យ្យ តាមរយៈ​ការខិតខំ​បំផ្លាញ​ចោលការ​បោះឆ្នោត ដូចជា​យុទ្ធនាការ​មិនឱ្យ​ប្រជាជន​ទៅ​បោះឆ្នោត និង​បំផ្លាញចោល​សន្លឹកឆ្នោត​»​។​


​លោក​អះអាង​ទៀតថា​៖ «​ការបោះឆ្នោត​សកល​ឆ្នាំ​ ២០២៣ ក្រៅពី​ការប្រកួតប្រជែង​រវាង​គណបក្សនយោបាយ​ចំនួន​ ១៨​ គណ​​បក្ស​ដែល​បាន​ចុះឈ្មោះ​ប្រកួតប្រជែង​យក​កៅអី​ក្នុង​សភាជាតិ យើង​នៅមាន​ការប្រកួត​​ប្រជែង​រវាង​ ១៨​ គណបក្ស ដែល​ចូល​រួមការ​បោះឆ្នោត​ជាមួយ​ពួក​ជ្រុលនិយម ដែល​ចង់​បំផ្លាញចោល​ការបោះឆ្នោត​»​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​​លីន បានបង្ហាញ​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​លោក​សម រង្ស៊ី ដែល​ត្រូវបាន​គណៈ​កម្ម​​ការរៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ (PEC) សម្រេច​ពិន័យ​ជា​ប្រាក់​ចំនួន ២០ ​លាន​រៀល និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត និង​ដកសិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​រយៈពេល ២៥ ​ឆ្នាំ ខណៈ​ជនល្មើស​ចំនួន​ ១៦ ​រូប​ផ្សេងទៀត ក៏​ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់ ពី​ ១០ ទៅ ២០ ​លាន​រៀល និង​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ពី​ ២០ ទៅ ២៥​ ឆ្នាំ​។


​លោក​ ជិន ម៉ា​លីន បានលើកឡើង​កាល​ពីថ្ងៃ​ទី​ ១៨ ខែកក្កដា​ថា ផ្អែក​តាម​មាត្រា​ ១៤២ ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​ ២០២៣ កន្លងទៅនេះ អ្នក​ញុះ​ញ​ង់​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​បោះឆ្នោត និង​អ្នក​ដែល​បាន​ណែ​នាំ ឬ​ញុះញង់​ឱ្យ​អ្នកបោះឆ្នោត បំផ្លាញ ឬ​ធ្វើឱ្យ​ខូច​សន្លឹកឆ្នោត ត្រូវ​ចាត់ទុកជា​បទ​ល្មើស ដែល​ត្រូវ​រង​ទោស​ផងដែរ​។​

​លោក​បញ្ជាក់ទៀតថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ ក៏​អាចនឹងទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀតផង​ដែរ ទៅតាម​បញ្ញត្តិ​នៃ​ច្បាប់ព្រហ្មទណ្ឌ​ដែលមាន​ជា​ធរមាន​។​

​លោក ជិន ម៉ា​លីន ថ្លែងថា​៖ «​ជា​ទិដ្ឋភាព​ច្បាប់​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ពិសេស​ការសម្រេច​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត គឺមាន​អានុភាព​ជា​ស្ថាពរ ហើយ​ពុំមាន​យន្តការ​ច្បាប់​ណាមួយ​ដែល​អនុញ្ញាតឱ្យ​មានការ​លើកលែងទោស​បាន​នោះឡើយ ដែល​ខុសពី ការផ្តន្ទាទោស​ដោយ​សេចក្តីសម្រេច​របស់​តុលាការ ដែល​អាច​ស្នើសុំ​ឱ្យមាន​ការលើក​​លែង​ទោស​បាន តាមរយៈ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស ឬ​ដោយ​យន្តការ​ផ្សេង​»​។​

​សូម​រំឭក​ដែរ​ថា លោក សម រង្ស៊ី​ កាលពី​ថ្ងៃទី​ ១៧ ខែកក្កដា ត្រូវបាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ (PEC) សម្រេច​ពិន័យ​ជា​ប្រាក់​ចំនួន ២០​ លាន​រៀល និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​​ឆ្នោត និង​ដកសិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​រយៈពេល ២៥ ​ឆ្នាំ​។

​ចំណែក មនុស្ស ១៦ ​រូប​ផ្សេងទៀត ក៏​ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់ ពី ​១០ ទៅ ២០​ លាន​រៀល និង​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ពី​ ២០-២៥​ ឆ្នាំ​។ ការសម្រេច​ផ្ទ​ន្តា​​ទោស​នេះ កើតឡើង​បន្ទាប់ពី​ជនល្មើស​ទាំង​ ១៧ ​រូបនេះ បានធ្វើ​ការណែនាំ និង​ញុះញង់​ឱ្យ​អ្នកបោះឆ្នោត គូស​បំផ្លាញ​សន្លឹកឆ្នោត ដែល​នេះ​ជា​អំពើ​ល្មើស ទៅនឹង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​បញ្ញត្តិ​នៃ​ច្បាប់ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប នៅ​ថ្ងៃទី​ ១៩ ខែកក្កដា បានឱ្យដឹង​ដែរ​ថា លោក​សម រង្ស៊ី និង​បក្ខពួក​របស់ខ្លួន​បាន​បំពាន​ទៅលើ​ព្រះរាជសារ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ដែល​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ​ជ្រើសរើស​គណបក្សនយោបាយ​ដែល​ខ្លួន​ស្រឡាញ់​។

​លោក​ថ្លែងថា ក្រុម​នេះ​ក៏បាន​បំភ្លៃ​ព័​ត៌​មាន ដោយ​បង្កើតឱ្យមាន​ចលនា​សង្គម​ព្រមទាំង​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល​ដែល​នេះ​គឺជា​ការបំពានច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​

​លោកថ្លែងថា​៖ «​ការសម្រេច​ពិន័យ​លោក​សម រង្ស៊ី ជា​ប្រាក់​ចំនួន ២០ ​លាន​រៀល និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ដកសិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​រយៈពេល ​២៥ ​ឆ្នាំនេះ​ធ្វើទៅ​តាមច្បាប់​មិន​ច្រើន​នោះទេ​ព្រោះ​បុគ្គល​នេះ​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ​មានការ​ភាន់ច្រឡំ​ចំពោះ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត និង​បង្កឱ្យមាន​ចលាចល​នៅក្នុង​សង្គម​ជាច្រើន​ផងដែរ​»៕