ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីបំភ្លឺជុំវិញករណីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលុបឈ្មោះគរុនិស្សិតចំនួន ១២ នាក់ កាលពីឆ្នាំ ២០២១ ក្រោយពីមានគរុនិស្សិតមួយចំនួនបានបន្តការតវ៉ា និងបង្ហោះសារជាវីដេអូនៅក្នុងបណ្ដាញសង្គមជាបន្តបន្ទាប់ ដើម្បីស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើអន្តរាគមន៍ដោះស្រាយបញ្ហានៃការលុបឈ្មោះនេះ។
សេចក្តីបំភ្លឺរបស់ក្រសួងចុះថ្ងៃ ១៨ កក្កដា ឆ្នាំ២០២៣ បាន ឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែកក្កដា មានគណនី ១ ឈ្មោះ កែវ សុវណ្ណឫទ្ធិ បានបង្ហោះសារជាវីដេអូនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការស្នើសុំក្រសួងពាក់ព័ន្ធចូលធ្វើអន្តរាគមន៍ ដើម្បីដោះ ស្រាយបញ្ហានៃការលុបឈ្មោះរបស់បេក្ខជនរូបនេះ។
ក្រោយទទួលបានការស្នើនេះ ក្រសួងអប់រំ បានបំភ្លឺថា នៅមុនការប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌជ្រើសរើស ដោយបានកំណត់ពីកម្រិតវប្បធម៌, អាយុ, នៅលីវរហូតដល់បញ្ចប់ការសិក្សា, កម្ពស់ (នារី ចាប់ពី ១,៥៥ម ឡើងទៅ បុរស ចាប់ពី ១,៦៥ម ឡើងទៅ) និងបានបញ្ជាក់ថា ករណីបេក្ខជនក្លែងបន្លំឯកសារ ឬល្មើសនឹង លក្ខខណ្ឌនៃការជ្រើសរើសណាមួយដូចបញ្ជាក់ខាងលើ ត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវលុបឈ្មោះចេញពីបញ្ជី ឈ្មោះប្រឡងជាប់ជាស្ថាពរ ករណីរក ឃើញក្រោយពេលប្រឡង។
ក្រសួងបានអះអាងថា៖ «ការដាក់ពាក្យប្រឡង និងការប្រឡង គឺប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ ក្រោយពីប្រកាសលទ្ធផលប្រឡង បេក្ខជន ដែលប្រឡងជាប់ត្រូវមកដាក់ពាក្យចូលរៀនដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយគ្រប់បេក្ខជនទាំងអស់ត្រូវទៅពិនិត្យកាយសម្បទាដោយផ្ទាល់នៅនាយកដ្ឋានសុខភាពសិក្សា និងត្រូវបានវាស់កម្ពស់ជាក់ស្ដែងដោយគណៈកម្មការ»។
ជាលទ្ធផលគណៈកម្មការបានពិនិត្យនិងរកឃើញថា គរុសិស្ស គរុនិស្សិតចំនួន ១២ នាក់ ខុសនឹងលក្ខខណ្ឌនៃការប្រឡងនៃការជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ហើយក្នុងចំណោមនោះមានឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលបានជ្រើសរើស ប៉ុស្តិ៍បម្រើការងារនៅវិទ្យាល័យហ៊ុន សែនពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានកម្ពស់ជាក់ស្ដែងគឺ ១,៦២ម ខុសនឹងកម្ពស់ដែលបេក្ខជន បានបំពេញក្នុងពាក្យស្នើសុំប្រឡងគឺ ១,៦៥ម។
ក្រសួងបន្តថា ដោយពិនិត្យឃើញកម្ពស់ដែលបានបំពេញនៅក្នុងឯកសារ និងកម្ពស់វាស់ជាក់ស្តែងខុសគ្នា ផ្ទុយពីលក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ផ្អែកតាមគោលការណ៍ ដែលបានកំណត់ ក្រសួងបានសម្រេចលុបឈ្មោះចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា។
ចំពោះករណីគរុនិស្សិតឈ្មោះ ឌី បញ្ញា ដែលបានប្រឡងជាប់តាមប្រព័ន្ធអនឡាញ ក្រសួង ក៏បានសម្រេចលុបឈ្មោះ ចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាផងដែរ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រោយពីគរុនិស្សិតនេះ មិនបានមកបង្ហាញខ្លួនដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
លិខិតបំភ្លឺនោះ បានបញ្ជាក់ថា៖ «ក្រសួងបានបំភ្លឺជូនមាតាបិតា និងអាណាព្យាបាលរបស់បេក្ខជន និងបេក្ខជន តាមរយៈការប្រជុំដោយផ្ទាល់នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២»។
យ៉ាងណាក្តីក្រោយទទួលបានការបំភ្លឺនេះ យុវជន កែវ សុវណ្ណឫទ្ធិ បានលើកឡើងថា ការសម្រេចរបស់ក្រសួង គឺនៅតែមិនត្រឹមត្រូវ។ យុវជនរូបនេះបានអះអាងថា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្នុងពេលនេះ គឺមានគរុសិស្ស និងគរុនិស្សិត ដែលខុសលក្ខខណ្ឌជាច្រើន ដូចទៅនឹងពួកខ្លួនដែរ ប៉ុន្តែមិនត្រូវបានលុបឈ្មោះ ឬបញ្ឈប់នោះទេ។ ជាមួយគ្នានេះយុវជន កែវ សុវណ្ណឫទ្ធិ នៅតែអះអាងថា ខ្លួននឹងបន្តការតវ៉ាចំពោះការសម្រេចនេះ និងស្នើឱ្យផ្តល់ភាពយុត្តិធម៌ដល់ខ្លួន និងដោះស្រាយបញ្ហាដែលមានភាពមិនប្រក្រតីនេះ។
យុវជន កែវ សុវណ្ណឫទ្ធិ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ កក្កដាថា៖«ក្រោយប្រឡងជាប់ គឺខ្ញុំបានសិក្សានៅសាលាអស់រយៈពេល១ខែរួចមកហើយ រួមទាំងបានចូលរួមហ្វឹកហាត់ និងសម្តែងក្នុងពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យផងដែរ។ ប៉ុន្តែក្រោយមក បែរទទួលបានដំណឹងពីវិទ្យាស្ថានថា ពួកខ្ញុំ គឺត្រូវលុបឈ្មោះ ដោយមិនមានមូលហេតុ ហើយពួកយើងក៏បានតវ៉ាមករហូត»។
តាមលិខិតតវ៉ារបស់ក្រុមគរុសិស្ស និងគរុនិស្សិត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មករហូតមកដល់ឆ្នាំ ២០២៣នេះ គឺពួកគេបានតវ៉ាចំនួន៥លើករួចមកហើយ ហើយករណីឆ្លើយតបនេះ គឺធ្វើឡើងក្រោយពីយុវជន កែវ សុវណ្ណឫទ្ធិ បានបង្ហោះសារជាវីដេអូចុងក្រោយ នៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា៕