ព្រះសីហនុៈ គិតមក​ដល់​បច្ចុប្បន្ន​ពី​ឆ្នាំ២០២២ មក ក្រុមការងារ​របស់​អង្គការ​សត្វព្រៃ និងរុក្ខជាតិ​កម្ពុជា​បានចុះ​ប្រមូល​ទិន្នន័យ​ពីទីតាំង​សរុប​ចំនួន ២៤៣ កន្លែង​នៃសំរាម​សមុទ្រ ដែលកំពុងតែ​បង្កការព្រួយ​បារម្ភ​ជាខ្លាំង​ដល់ប្រព័ន្ធ​ជីវចម្រុះ​កម្ពុជា។


អង្គការ​សត្វព្រៃ និង រុក្ខជាតិ​កម្ពុជា(Fauna & Flora - Cambodia Programme)បានឱ្យដឹង​ថា ក្រុមការងារ បានបន្ត​ការចុះ​ប្រមូល​ទិន្នន័យ​សំរាម​សមុទ្រ​ជាថ្មី​ម្តងទៀត ដែលក្នុង​នោះ ក្រុមការងារ​គម្រោង​ប្លាស្ទិក​សមុទ្រ​របស់​អង្គការ​សត្វព្រៃ និងរុក្ខជាតិ​កម្ពុជា និង​មន្ត្រី​តំណាង​ក្រសួង​បរិស្ថាន​ចំនួន​ ៤ រូប​បានចុះ​បេសកកម្ម​ប្រមូល​ទិន្នន័យ​សំរាម​សមុទ្រ នៅទីតាំងសេសសល់ជុំវិញកោះរ៉ុងសន្លឹមនាពេលថ្មីៗនេះ ដើម្បី​បញ្ចប់​សកម្មភាព​ប្រមូល​ទិន្នន័យ​បន្ទាត់​មូលដ្ឋាន​មួយនេះ។

អង្គការ​បានបញ្ជាក់​ថា៖«គិតមក​ដល់​បច្ចុប្បន្ន ក្រុមការងារ​យើងបាន​ប្រមូល​ទិន្នន័យ​ពីទីតាំង​សរុប​ទាំងអស់​ចំនួន ២៤៣ កន្លែង ក្នុង​ឆ្នាំ២០២២ និង ២០២៣ ដែល​ជារួម សំរាម​បា្លស្ទិក ជាពិសេស​ប្រភេទ​ប្រើម្តងចោល​ដែលក្រុមការងារ​បានរកឃើញ ដូចជា ដបទឹក​សុទ្ធ​និង​ភេសជ្ជៈ កម្ទេច​ស្នោ​តូចៗ ថង់ កែវជ័រ ជាដើម ផ្តល់​ការព្រួយ​បារម្ភ​ជាខ្លាំង​ដល់ប្រព័ន្ធ​ជីវចម្រុះ​របស់​ប្រទេស​កម្ពុជា»។


អង្គការ​សត្វព្រៃ និងរុក្ខជាតិ​កម្ពុជា​បានអំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ដោះស្រាយ​បញ្ហា​បំពុល​ដោយ​ប្លាស្ទិក​នេះ ហើយបាន​រំឭក​ថា៖«យ៉ាងណាមិញ យើងម្នាក់ៗ​គួរចងចាំ​ថា ជម្រើស​នៃការប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​យើង ពិតជា​មានសារៈ​សំខាន់។ តាមរយៈ​ការកាត់​បន្ថយ ប្រើប្រាស់​ប្រភេទ​បា្លស្ទិក​ម្តងចោល ហើយងាក​មកប្រើ ថង់ ដប ឬកែវ ទាំងឡាយ​ណាដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​ច្រក ម្ហូប​អាហារ កាហ្វេ ភេសជ្ជៈ និង អីវ៉ាន់​ផ្សេងៗ​ដែលយើង​ទិញ​រៀងរាល់​ថ្ងៃ គឺសបញ្ចាក់​ឱ្យ​ឃើញ​ថា យើងកំពុង​ដើរក្នុង​ជំហាន​ដ៏សំខាន់​មួយ ក្នុងការចូលរួម​ដោះស្រាយ​បញ្ហា​បំពុល​ដោយ​ប្លាសិ្ទក​នេះ​ទាំងអស់​គ្នា»៕​