​សៀមរាបៈ សាលា​បារាំង​ចុង​បូព៌ា (EFEO) នា​ថ្ងៃទី ​២០ ខែកក្កដា បានប្រគល់​វត្ថុ​​បុរាណ​ចំនួន​ ៣១ ​កេស បដិមា​ព្រះពុទ្ធ​ចំនួន ​១ និង​បំណែក​សន្លឹក​សីមា​ចំនួន ​១ ជូន​អាជ្ញា​ធរ​ជាតិ​អប្សរា (ANA) ដើម្បី​រក្សាទុក​ដែល​វត្ថុ​បុរាណ​ទាំង​អស់នេះ​បានមកពី​ការធ្វើ​កំណាយ​នៅតាម​ការដ្ឋាន​ស្រាវជ្រាវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ សាលា​ EFEO ​គឺជា​ដៃគូ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយ ​ANA ដើម្បី​បំពេញការងារ​អភិរក្ស និង​ស្រាវជ្រាវ​នៅ​រមណីយដ្ឋាន​អង្គរ​។​


​លោក ទិន ទីណា អនុ​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​របស់ ANA ថ្លែងថា វត្ថុ​បុរាណ​ទាំងអស់នេះ​ត្រូវបាន​រកឃើញ​ដោយ​ការធ្វើ​កំណាយ​នៅតាម​ការដ្ឋាន​ស្រាវជ្រាវ​មួយចំនួន​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដូច​​ជា គោក​តា​សៀម បឹង​ដូន​ប៉ា ប្រាសាទ​អ៊ុង​ម៉ុង ប្រាសាទ​បា​ភួ​ន និង​ប្រាសាទព្រៃមន្ទីរ​។

​វត្ថុ​ទាំង​​នេះ​រួមមាន ទី១ កុលា​ល​ភាជន៍​មកពី​ប្រាសាទ​បា​ភួ​ន​ចំនួន ​២៧​ កេស ដែល​ក្នុងនោះ មាន​ប្រភេទ​កុលាលភាជន៍​រឹង កុលាលភាជន៍​ផុយ​ជា​របស់​ខ្មែរ និង​កុលាលភាជន៍​ចិន សៀម យួន​ជាដើម​។ ទី​២ ថ្មភក់​ចំនួន​ ២ ​កេស ដែល​មកពី​គោក​តា​សៀម​។ ទី​៣ បំណែក​ថ្មភក់​មាន​ក្បាច់លម្អ​ខ្លះៗ​ចំនួន ​២​ កេស មកពី​បឹង​ដូន​ប៉ា និង​គោក​តា​សៀម ព្រមទាំង​ប្រា​សាទ​អ៊ុង​ម៉ុង​។ ទី​៤ បដិមា​​ព្រះពុទ្ធ​ចំនួន ​១ មកពី​ប្រាសាទ​​អ៊ុង​ម៉ុង និង​បំណែក​សន្លឹក​​សីមា​ចំនួន​ ១ មកពី​ប្រាសាទ​​ព្រៃ​មន្ទីរ​។ នេះ​ជា​លើក​ទី ​៣ ​នៃ​ការប្រគល់​បុរាណវត្ថុ​៕