ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បាន​ណែ​នាំនូវ​មុខងារ​យ៉ាងសំខាន់​ថ្មី​មួយទៀត គឺ​មុខងារ​ការដាក់​ពាក្យបណ្ដឹង​តវ៉ា ដែល​អនុញ្ញាតឱ្យ​អតិថិជន​រាយការណ៍​ពី​បញ្ហា​គុណភាព​សេវា ដែល​កំពុង​ជួបប្រទះ និង​ទទួល​បាន​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនេះ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា។​


សេចក្តីជូនដំណឹង​រប​ស់ ក​.​ប​.​ទ​. ចុះ​ថ្ងៃទី ២០ ខែកក្កដា បានឱ្យដឹងថា ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ក្នុងការ​ទទួល​បាន​សេវា​ទូរគមនាគមន៍​ប្រកបដោយ​គុណភាព និង​ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​ការផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ជាក់លាក់​អំពី​ស្ថានភាព​នៃការ​ប្រើប្រាស់ នៅ​ឆ្នាំ ២០២២ ក.ប.ទ. បានដាក់​ឱ្យប្រើ​ប្រាស់ កម្មវិធី​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ និង​ល្បឿន​អ៊ីនធឺណិត ដែល​មាន​ឈ្មោះថា “MPTC Speed Test ” នៅលើ​ទូរស័ព្ទដៃ។ លទ្ធផល​នៃការ​វាស់ស្ទង់​របស់​អ្នកប្រើប្រាស់​នឹង​ក្លាយជា​ទិន្នន័យ​ចាំបាច់ សម្រាប់​យកទៅ​វិភាគ និង​រក​ដំណោះស្រាយ សំដៅ​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរ។

ក​.​ប​.​ទ​. ឱ្យដឹងថា​៖ «​បច្ចុប្បន្ននេះ ក្រៅ​អំពី​មុខងារ​ចម្បង​សម្រាប់​វាស់​ស្ទង់​កម្រិត​សេវា​ទូរស័ព្ទ និង​ដំណើរការ​អ៊ីនធឺណិត​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា កម្មវិធី MPTC Speed Test នេះ មាន​មុខងារ​យ៉ាងសំខាន់​មួយទៀត​គឺ មុខងារ​ការដាក់​ពាក្យ​បណ្ដឹងតវ៉ា ដែល​អនុញ្ញាតឱ្យ​អតិថិជន​រាយការណ៍​ពី​បញ្ហា​គុណភាព​សេវា​ដែល​កំពុង​ជួបប្រទះ និង​ទទួលបាន​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនេះ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា»។


បើតាម ក​.​ប​.​ទ​. អតិថិជន​អាចធ្វើ​ការដាក់​ពាក្យបណ្តឹង​បាន​តាមរយៈ​កម្មវិធី MPTC Speed Test ដែលមាន​នៅលើ App Store ឬ Play Store និង​អំពាវនាវ​ជាថ្មី​ម្ដងទៀត ដល់​សាធារណជន​ទាំងអស់​ចូលរួម​ទាញយក (Download) កម្មវិធី​នេះ ដើម្បី​ចូលរួម​លើក​កម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរ។

ក​.​ប​.​ទ ជម្រាបជូន​ថា ប្រសិនបើ​មាន​បញ្ហា​ក្នុង​ការបំពេញ​ពាក្យបណ្តឹង សូម​ទំនាក់ទំនង​លេខ ៦៧៨៩ (​រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​ឥតគិតថ្លៃ)។​


គួរ​ជម្រាប​ថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​វាស់​ស្ទង់​គុណភាព​សេវា​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍ សហការគ្នា​បង្កើន​គុណភាព​សេវា​នៅតាម​តំបន់​នានា ជាពិសេស​នៅ​តំបន់​ទេសចរណ៍៕​