កំពង់ធំៈ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ចាប់ផ្តើម​គម្រោង​កំចាត់​ប្រភេទ​រុក្ខជាតិ​ទន្ទ្រាន​ឈ្មោះ​បន្លា​អួ​យ​យ៉ា​ស នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ក្នុងខណៈដែល​ពពួក​ទ​ន្ទ្រា​ន​ប្រភេទ​នេះ​កំពុងតែ​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​ជីវចម្រុះ​នៅ​កម្ពុជា​។​


​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានលើកឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​នេះ​ថា បន្លា​អួ​យ​យ៉ា​ស (Mimosa pigra) ជា​ប្រភេទ​ពពួក​ទន្ទ្រាន​មាន​បន្លា ដែលមាន​ដើមកំណើត​ក្នុង​តំបន់​ត្រូពិច​ខាងត្បូង និង​ទ្វីបអាមេរិក​កណ្ដាល ហើយ​វា​កំពុង​រាតត្បាត​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ត្រូពិច​។

​បន្លា​អួ​យ​យ៉ា​ស​នេះ​អាច​ដុះ​លើ​ប្រភេទ​ដី​មាន​ជីវជាតិ​ទាប ស្ទើរ​គ្រប់​សណ្ឋាន​ដី ដែល​តែង​ដុះ​ជា​គុម្ព និង​អាចមាន​កម្ពស់​រហូតដល់​៦​ម៉ែត្រ ហើយ​កំពុងមាន​វត្ដ​មាន​ច្រើន​តាម​តំបន់​ទំនាប តំបន់ដីសើម ដង​ប្រឡាយ ព្រែក និង​បឹងបួរ​ជាច្រើន​ទៀត ក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា​។​


​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា​៖«​កំណើន​នៃ​ពពួក​ទន្ទ្រាន​ប្រភេទ​នេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​ជីវចម្រុះ ទីជម្រក និង​ជីវភាព​ប្រជាជន​ផងដែរ​។ ជាក់ស្ដែង វត្ដ​មាន​បន្លា​យួន ឬ​បន្លា​អួ​យ​យ៉ា​ស​ធ្វើឱ្យប៉ះពាល់​ដល់ទី​ជម្រក​និង​សម្បុក​ពង​កូន​របស់​មច្ឆជាតិ និង​រំខាន​ដល់​ការរក​ចំណី​ប្រភេទ​សត្វ​ស្លាប​ទឹក​ផងដែរ​»​។​

​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដែលជា​តំបន់​ស្នូល​នៃ​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ក៏​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​ការ​ដុះ​រីក​រាលដាល​នៃ​ប្រភេទ​បន្លា​យួន ឬ​បន្លា​អួ​យ​យ៉ា​ស​នេះដែរ​។ ថ្មីៗ​នេះ ក្រោម​ថវិកា​គាំទ្រ​ពី​មូលនិធិ Nagao Wetland Fund​នៃ​អនុសញ្ញា​រាំ់​ម​សារ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ដ​គម្រោង​សិក្សា​សាកល្បង​លើ​វិធីសាស្ដ្រ​កម្ចាត់​បន្លា​អួ​យ​យ៉ា​ស​កាប់​ពន្លិចទឹក ដែលជា​វិធីសាស្ដ្រ​ជោគជ័យ​មួយ​ដែល​បាន​ធ្លាប់​អនុវត្ដ​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ដ​តាកែវ​។


​កាលពីដើម​ខែកក្កដា ឆ្នាំ​២០២៣ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ផលប៉ះពាល់ និង​វិធីសាស្ដ្រ​កំចាត់​ពពួក​ទន្ទ្រាន ដោយមាន​ការចូលរួម​ពី​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ​ទួល​នាង​សាវ​ផ្លូវហ្លួង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ផាត់​សណ្ដាយ និង​ក្រុម​អេកូ​ក្លឹប​នៃ​អនុវិទ្យាល័យ​ផាត់​សណ្ដាយ សរុប​ចំនួន​៤៤​រូប​ផងដែរ​។ ក្រោយពី​វគ្គ​បណ្ដុះបណ្ដាល​នេះ អ្នកចូលរួម​ទាំងអស់​នឹងចូលរួម​អនុវត្ដ​វិធីសាស្ដ្រ និង​អង្កេត​តាមដាន​នៅលើ​ទំហំ​ផ្ទៃដី​ចំនួន​៥០​ហិកតា នៅ​ដើមខែ​សីហា​ខាងមុខនេះ នៅពេល​ទឹក​ចាប់​ផ្ដើមឡើង​។ នេះ​បើ​យោងតាម​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​៕​