ភ្នំពេញៈ គម្រោង USAID Cambodia Green Future បានអំពាវនាវឱ្យមានការចូលរួមនិយាយពីការទុកដាក់សំរាម ដើម្បីការពារបរិស្ថាន សុខភាព និងសោភ័ណភាពកម្ពុជា ខណៈពេលដែលសំរាមជាង ៤០ ភាគរយហោះហើររាយប៉ាយពាសវាលពាសកាល។
គម្រោងUSAID Cambodia Green Futureបានលើកឡើងកាលពីថ្ងៃទី២០ខែកក្កដាថា ខណៈពេលសំរាមកាន់តែកើនឡើងនោះ មានការកត់សម្គាល់ឃើញថា ការគ្រប់គ្រងសំរាមនៅមានកម្រិត ដែលជាហេតុធ្វើឱ្យសំរាមជាង៤០ភាគរយបានហោះហើររាយប៉ាយពាសវាលពាសកាល។
USAID Cambodia Green Futureបានបន្តតាមរយៈហ្វេសប៊ុករបស់ខ្លួនថា សំរាមមួយចំនួនត្រូវបានទុកចោលនៅតាមដងផ្លូវ ខ្លះត្រូវបានបោះចូលក្នុងប្រភពទឹក និងមួយផ្នែកទៀតត្រូវបានដុតឬកប់ចោលដែលនេះបង្កជាផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និងសោភ័ណភាពប្រទេស។
គម្រោងនេះបានអំពាវនាវដូច្នេះថា៖ "ចូលរួមនិយាយពីការទុកដាក់សំរាមទាំងអស់គ្នា ដើម្បីការពារបរិស្ថាន សុខភាពយើង និងសោភ័ណភាពកម្ពុជា។ រួមគ្នានិយាយដើម្បីបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។
នាសប្តាហ៍មុនផងដែរ ក្រុមការងារគម្រោងក៏បានផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម(Social Media Influencer)ក្រោមប្រធានបទ«បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។
យោងតាមUSAID Cambodia Green Futureបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនការយល់ដឹង អំពីស្ថានភាពទូទៅនៃការគ្រប់គ្រងសំណល់និងសំរាមនៅកម្ពុជា គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ផលប៉ះពាល់នៃការទុកដាក់សំរាមមិនត្រឹមត្រូវ ផ្តល់បច្ចុប្បន្នភាពនៃយុទ្ធនាការ និងការប្រើប្រាស់សម្ហារទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម(SBCC Toolkit)របស់គម្រោង ជាពិសេសគឺ ការពិភាក្សាគ្នាអំពីកិច្ចសហការរវាងគម្រោងនិងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម ក្នុងការផ្សព្វផ្សាយ សារនៃយុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ដល់សាធារណជន ឱ្យចូលរួមដើម្បី«បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»៕