ភ្នំពេញៈ​ គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ មិនទាន់មាន​ពាក្យបណ្តឹង ដាក់​មក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​​​ភាព​មិន​ប្រក្រតី​​នៃ​ការិយា​ល័យ​​បោះ​ឆ្នោត​ទេ ប៉ុន្តែ មន្ត្រី គជប និង​​សមត្ថកិច្ច​បាន​​ឃាត់​ខ្លួន​​អ្នក​​ល្មើស​ច្បាប់​​បោះ​ឆ្នោត ២​នាក់​ដែល​​គូស​​សន្លឹក​ឆ្នោត​​ចោល និង​​មិន​​ដាក់​​សន្លឹក​ឆ្នោត​​ចូល​ក្នុង​​ហិប​ឆ្នោត​។


​លោក សោម សូ​រី​ដា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា​ថា ចាប់ពី​ម៉ោង​៧ ព្រឹក​រហូតដល់​បិទ​បញ្ចប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ គជប មិន​ទទួលបាន​ពាក្យបណ្តឹង​ណាមួយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត លទ្ធផល​បោះឆ្នោត និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះទេ ប៉ុន្តែ ប្រសិនបើ​មាន​អ្នកប្តឹង​អាច​ប្តឹង​យ៉ាងយូរ​ត្រឹម​ម៉ោង​១១ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា​។

​លោក​បាន​ឱ្យដឹងទៀតថា ជន​ធ្វើឱ្យ​ខូច​សន្លឹក​ឆ្នោតទាំង​២​នាក់​នោះ​ទី​១ គឺ​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​អូឡាំពិក​ប្រព្រឹត្ត​ដោយ​ឈ្មោះ យ៉ុម ធារ៉ា​។ តាម​ការសាកសួរ​រប​ស់ម​ន្ត្រី គជប បញ្ជាក់ថា បុគ្គល​នេះ​បាន​ចូលទៅ​បោះឆ្នោត នៅវេលា​ម៉ោង​៧ និង​៣០ នាទី ព្រឹក​។ នៅពេល​បាន​សន្លឹកឆ្នោត​ ជននេះ​បាន​ថត​សន្លឹកឆ្នោត រួច​យក​ទុក​ក្នុង​ហោប៉ៅ​ខោ ហើយ​បាន​ដើរចេញ​បម្រុង​ទៅ​ជ្រលក់​ដៃ ប៉ុន្តែ​ត្រូវ​មន្ត្រី​ការិយាល័យ​មិន​អនុញ្ញាតឱ្យ​ជ្រលក់​ដៃ ព្រោះ​គាត់​មិនបាន​ស៊ក​សន្លឹកឆ្នោត​ចូលក្នុង​ហិប​ឆ្នោត នៅពេល​សួរនាំ​ជន​នោះបាន​បោះ​សន្លឹកឆ្នោត​ចោល​។​


​ចំណែក ​១​ករណី​ទៀត​កើតឡើង​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ប្រព្រឹត្ត​ដោយ​ឈ្មោះ សាត អូន​។ ​ជននេះ​បាន​គូស​ខ្វែង​លើ​សន្លឹកឆ្នោត រួច​យក​ទូរស័ព្ទ​ថត​ហើយ​យកទៅដាក់​ក្នុង​ហិប​ឆ្នោត​រួច​ជ្រលក់​ដៃ​។ ប្រធានការិយាល័យ​រៀបចំ​ការបោះឆ្នោត​មានការ​សង្ស័យ បាន​ហៅ​មក​សួរនាំ​ ជន​នោះបាន​លុប​រូបថត​ចោល​វិញ ប៉ុន្តែ​ក្រោយ​នគរបាល​ជំនាញ​ពិនិត្យ​ទូរស័ព្ទ​ឡើងវិញ​ឃើញ​សន្លឹកឆ្នោត​គូស​ខ្វែង​។

​លោក​បញ្ជាក់ថា​៖«​ក្នុង​មាត្រា ២៤២​ថ្មី នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អ្នកប្រព្រឹត្ត​ល្មើស​ត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល និង​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​យ៉ាងតិច​៥​ឆ្នាំ​»​។


​ផ្អែក​តាម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២២ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ប្រជាពលរដ្ឋ​មានឈ្មោះ​បោះឆ្នោត សរុប​ចំនួន​៩ ៧១០ ៦៥៥ នាក់ ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​មាន​ចំនួន ២៣ ៧៨៩ ការិយាល័យ​។

​តាម​លិខិត​ជូនដំណឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានឱ្យ​ដឹងថា ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ គិត​ត្រឹម​ម៉ោង​៤ និង ១៧​នាទី​រសៀល​ថ្ងៃទី២៣ ខែកក្កដា​នេះ មាន​ចំនួន ៨ ១៧៧ ០៥៣​នាក់ ស្មើ ៨៤,២១% នៃ​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៕