​ភ្នំពេញៈ លោក ​ប្រាជ្ញ ចន្ទ​ ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​យប់​ថ្ងៃទី ​២៣ ​កក្កដា​ថា ដំណើរការ​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ដែល​បើ​យោងតាម​តួលេខ​បណ្តោះអាសន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ៨៤,៥៨​ ភាគរយ ​បាន​ទៅ​បោះឆ្នោត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩ ៧១០ ៦៥៥ នាក់​។​


​លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​ឱ្យដឹងថា នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ចាប់ពី​ម៉ោង ​៧ ​ព្រឹក រហូតដល់​ម៉ោង​ ៣​ រសៀល ការិយាល័យ​បោះឆ្នោត​ដែលមាន​ចំនួន ​២៣ ៧៨៩ ​ការិយាល័យ​បាន​បើក​​ដំណើរការ​បោះឆ្នោត ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សា​ធា​​រណៈ​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការ​គំរាម​​កំហែង​ណាមួយ​កើតឡើង​ឡើយ​។​

​លោក​បាន​ថ្លែងថា​៖ «​ដំណើរការ​ទូទៅ​នៃ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ដែល​ប្រជាពលរដ្ឋ​បានចេញ​ទៅ បោះឆ្នោត​ក្នុង​អត្រា​មួយ​ខ្ពស់​»​។ គ​.​ជ​.​ប ​បាន​កត់សម្គាល់​ឃើញថា នៅក្នុង​រយៈពេល​ ១ ​ថ្ងៃ​នៃ​ការបោះឆ្នោត​នេះដែរ គណៈកម្មការ​ឃុំ​​សង្កាត់​រៀបចំ​ការបោះឆ្នោត មិនទាន់​ទទួលបាន​បណ្តឹង​ទាក់ទង​នឹង​បណ្តឹង​ពី​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅក្នុង​កា​រិ​យា​​ល័យ​បោះឆ្នោត និង​ស្ថានភាព​ទូទៅ​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​នោះទេ​។​


​នា​ព្រឹក​ថ្ងៃទី ​២៣ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា បាន​ចូលរួម​បោះឆ្នោត នៅ​ការិយាល័យ​លេខ ១៦៩៧ ក្នុង​សាលា​គរុកោសល្យ​វិ​ក្រឹ​ត​ការ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រោយពី គជប បានចេញ​ផ្សាយ​ពី​ចំនួន​តួលេខ​បោះឆ្នោត​បណ្តោះអាសន្ន​នៃ​អ្នក​បាន​ទៅ​បោះឆ្នោត​ចំនួន ​៨៤,២១​ ភាគរយ​លោក ហ៊ុន សែន បានចេញ​សារ​តាម​តេ​ឡេ​ក្រាម​ដោយ​លោក​បាន​បញ្ជាក់ថា ចំណុច​ទាំងនេះ គឺអាច​​សន្និដ្ឋានបានថា ប្រជាពលរដ្ឋ ​គឺ​បាន​ចូលរួម​នៅក្នុង​ចលនា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាងច្បាស់​។

ប្រជាពលរដ្ឋ​ពិតជា​ចង់​ទទួលបាន​នូវ​សេចក្តីសុខ​សេចក្តីចម្រើន​ជាមួយនឹង «​ដំបូល​សន្តិភាព​» ដែល​បាននិងកំពុង​មាន ហើយ​ចង់​ចាក​ឆ្ងាយ​ពី​«​ក្រុម​ជ្រុលនិយម ដែល​ពួកគេ​តែងតែបាន​បំផ្លាញ​»​។


​លោក​ថ្លែងថា​៖ «​ឥឡូវនេះ ប្រៀប​​ធៀប​ចំនួន​ប្រជាជន​ចេញទៅ​បោះឆ្នោត​ គឺមាន​ចំនួន​ច្រើន​លើសលប់ ដែល​ច្រើន​លើស​ការបោះឆ្នោត​ដែលមាន [​គណ​​បក្ស​] ភ្លើងទៀន​ចូលរួម​ទៀតផង​។

​ឥឡូវ​យើង​រង់ចាំ​មើលថា តើ​មាន​សន្លឹកឆ្នោត​ដែល​គូស​ខ្វែង​ប៉ុន្មាន​សន្លឹក ព្រោះ​មេដឹកនាំ​ក្រុម​ជ្រុលនិយម​បាន​និយាយ​យ៉ាងច្បាស់​ថា សន្លឹកឆ្នោត​ណា​ដែល​គូស​ខ្វែង​គឺជា​សន្លឹកឆ្នោត​គាំទ្រ​ពួកគេ​។ ដូច្នេះ​តើ​មាន​សន្លឹកឆ្នោត​គូស​ខ្វែង​ប៉ុន្មាន​សន្លឹក​? ឯ​អត្រា​សន្លឹកឆ្នោត​មោ​ឃៈ​ដូចជា​ការ​គូស​ខុស​គឺ​វា​ជា​រឿង​ធម្មតា ដែលមាន​កម្រិត​ប្រមាណ​ជា ​២​ ភាគរយ​»​។​

​លោ​ក ស ខេង បោះឆ្នោត​នៅ​អនុវិទ្យាល័យ សោ ហ៊ឺ ក្រុង​បាត់ដំបង​។ រូបថត ហ្វេ​ស​ប៊ុ​កស ខេង​

​ចំណែក នៅឯ​ខេត្តបាត់ដំបង បន្ទាប់ពី​បោះឆ្នោត​រួចហើយ នា​ព្រឹក​ថ្ងៃទី ​២៣ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ ៨ ព្រឹក មិនទាន់មាន​ព័ត៌មាន​ណាមួយ ដែលជា​ឧបសគ្គ​ឬ​បញ្ហា​ប្រឈម ដែល​កើតឡើង​នៅ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ទូទាំងប្រទេស​នោះទេ​។

លោក​ថា​៖ «​ដូច្នេះ​ខ្ញុំ​គិតថា ជា​ទិដ្ឋភាព​រួម គឺមាន​ភាពល្អប្រសើរ និង​សង្ឃឹម​ជឿជាក់ថា ការបោះឆ្នោត​ក៏​មិនមាន​បញ្ហា​អ្វី​កើតឡើង​ដែរ​។ អ៊ីចឹង​! ចាត់ទុកថា លទ្ធផល​បោះឆ្នោត​នេះ​គឺ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​»​។ ក្នុងឋានៈ​ជា​ប្រធាន​គណៈ​​បញ្ជាការ​សន្តិសុខ​អចិ​ន្រៃ្ត​យ៍ សម្រាប់​ការបោះឆ្នោត​ និង​ជា​សមាជិក​រដ្ឋាភិបាល​លោក ស ខេង ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ ត្រូវ​បន្ត​បំពេញបេសកកម្ម​របស់​ខ្លួន​ស្របតាម​តួនាទី ភារកិច្ច និង​ច្បាប់ បទបញ្ជា ពាក់ព័ន្ធ​ការបោះឆ្នោត ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោត​នេះ អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។​

​ជាមួយគ្នានេះ​លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ​បាន​សរសេរ​នៅលើ​បណ្តាញ​តេ​ឡេ​​ក្រាម​ថា សមត្ថកិច្ច​កំពុង​អង្កេត​ស្រាវ​ជ្រាវ​ប្រមូល​ភ័ស្តុតាង​ចំពោះ​បុគ្គល​ណា ថត​ផ្សាយ​អំពី​ការ​គូស​ខ្វែង​ចោល​លើ​សន្លឹកឆ្នោត ឬ​ធ្វើឱ្យ​ខូច​សន្លឹកឆ្នោត ដើម្បី​ចាត់វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​។

​បន្ថែម​ពីនេះ លោក គី តិច ប្រធាន​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុម​មេធាវី​ការពារ​បណ្តឹង​លើ​បុគ្គល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត និង​បំពាន​ច្បាប់បោះឆ្នោត បានស្នើ​ដល់​ក្រុម​មេធាវី​ទាំងអស់គ្នា​សហការ​ពិនិត្យ តាម​ស្រាវជ្រាវ​ក្នុង​បណ្តាញ​សង្គម​នានា​។

លោក​លើកឡើងថា៖ «​ត្រូវ​ប្រមូលយក​ភ័ស្តុ​​តាងដែល​បញ្ជាក់​ចំពោះ​បុគ្គល​ទាំង​​ឡាយ​ណា​ដែល​ថត​ផ្សាយ​អំពី​ការ​គូស​ខ្វែង​ចោល លើ​សន្លឹកឆ្នោត ឬ​ធ្វើឱ្យ​ខូច​សន្លឹកឆ្នោត ឬ​បំផុស​ឱ្យ​អ្នកដទៃ​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់ ដើម្បី​រៀបចំ​បណ្តឹង វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​»​។​

​លោក រ៉ុង ឈុន អនុប្រធាន​គណ​​បក្ស​ភ្លើងទៀន នៅ​ថ្ងៃទី ​២៣ ខែកក្កដា នៅពេលដែល​សាកសួរ​ពី​ដំណើរការ​បោះឆ្នោត​លោក​បាន​ថ្លែងថា លោក​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ ឬ​វាយតម្លៃ​ណាមួយ​ជុំវិញ​ដំណើរការ​បោះឆ្នោត​នាពេលនេះ​ទេ ព្រោះ​គណបក្ស​របស់លោក ត្រូវបាន​បដិសេធ​ដោយ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​មិនឱ្យ​ចូលរួម​ការបោះឆ្នោត​នេះ ហើយ​លោក​ក៏​ដឹង​រួចហើយ នូវ​លទ្ធផល​ថា ជ័យជម្នះ​នេះ នឹង​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ​ដែរ​។

លោក​បន្តថា​៖ «​ថ្វី​ដ្បិត​មាន​គណ​ប​ក្សេ ១៧​ ផ្សេងទៀត ចូលរួម​ប្រកួតប្រជែង​ក្តី ប៉ុន្តែ​គណបក្ស​ទាំងនេះ​មិនមាន​សក្តានុពល​ដើម្បី​អាច​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ខណៈ​គណបក្ស​ភ្លើងទៀន ដែលមាន​សក្តានុពល ត្រូវបាន​គេ​បដិសេធ មិនឱ្យ​ចូលរួម​ប្រកួតប្រជែង​»​។ ទោះជា​បែបនេះ​ក្តី លោក​ថា ភាគច្រើន​នៃ​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន រួម​ជាមួយនឹង​រូបលោក​ផងដែរ ក៏បាន​ចេញទៅ​បោះឆ្នោត​រួចហើយ​ដែរ ព្រោះ​វា​ជា​កាតព្វកិច្ច សម្រាប់​ឈរឈ្មោះ ឱ្យគេ​បោះឆ្នោត​នៅពេល​ក្រោយ ស្របតាម​ច្បាប់បោះឆ្នោត​ថ្មី​។​

​លោក យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាពថ្លែងថា តាម​ការសង្កេត​របស់​លោក​ គឺ​ឃើញ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត បាន​ចេញទៅ​បោះឆ្នោត​ច្រើន​។ ប៉ុន្តែ ទន្ទឹមគ្នា​នោះដែរ ក៏មាន​អាជ្ញាធរ​នៅតែមាន​ការឃ្លាំមើល​អ្នក​ទៅ​បោះឆ្នោត​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​អំពើហិង្សា និង​ការ​គំរាម​​កំហែង​ដល់​អ្នកបោះឆ្នោត លោក យង់ គិ​ម​អេង បញ្ជាក់ថា​៖ «​ករណីនេះ​មិនមាន​កើតឡើង​នោះទេ ដោយសារតែ​កម្រិត​នៃ​ការប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​អាណត្តិ​នេះ មិនមាន​ភាព​ស្រួចស្រាល់​នោះទេ​»​។​

​អ្នកស្រី ឡាយ ស្រី​ចាន់ ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​បាន​ថ្លែងថា ការបោះឆ្នោត​លើក​នេះ​មានការ​រៀបចំ​បានល្អ ទាំង​សន្តិសុខ និង​មិន​រង់ចាំ​យូរ​ឡើយ​។ អ្នកស្រី​និយាយ​

​ថា​៖ «​ពេល​ខ្ញុំ​ទៅដល់​គ្រាន់តែ​បង្ហាញ​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត មាន​មន្ត្រី​គេ​ចាំ​ណែនាំ និង​ប្រាប់​ទៅ​បន្ទប់​នេះ ហើយ​មិន​រង់ចាំ​យូរ​នោះទេ​។ ក្នុងនាម​ពលរដ្ឋ​ខ្ញុំ​ត្រូវតែ​ចូលរួម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស ហើយ​ចំពោះ​គណបក្ស​ណា​ដែល​ខ្ញុំ​គូស​នៅលើ​សន្លឹកឆ្នោត​ខ្ញុំ​មិនអាច​ប្រាប់​ទេ​»​។​

​យោងតាម គ​.​ជ​.​ប​. បានឱ្យដឹងថា ផ្អែក​តាម​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២២ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ​២០២៣ ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ ៩ ៧១០ ៦៥៥ នាក់ ខណៈ​ការិយាល័យ​បោះ​​ឆ្នោត​នៅ​ទូទាំងប្រទេស មាន​ចំនួន​សរុប ២៣ ៧៨៩ ការិយាល័យ​។​

​យោងតាម​ប្រតិ​ទិននៃ​ការរៀបចំ​ការបោះឆ្នោតរ​បស់ គជប លទ្ធផល​ផ្លូវការ ​និង​ការបែងចែក​អាសនៈ​សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៧ ​នឹងត្រូវ​ប្រកាស​នៅ​ចន្លោះ​ថ្ងៃទី​ ៤​ ខែសីហា និង​ថ្ងៃទី​ ៤​ ខែកញ្ញា ឆ្នាំ​២០២៣​។​

​សូម​រំឭកថា ការបោះឆ្នោត​ជ្រើស​​រើស​តំណាងរាស្ត្រនៅ​កម្ពុជា​បានចាប់ផ្តើម​ឡើងជា​ថ្មី​នៅ​ឆ្នាំ ​១៩៩៣ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា ឆ្នាំ ​១៩៩១​។​

​ក្នុងនោះ​ការបោះឆ្នោត​លើក​ទី​១ នៅ​ឆ្នាំ​ ១៩៩៣ មាន​គណបក្ស​ចំនួន​ ៤ ​បាន​ចូលរួម​, អាណត្តិ​ទី​២ ឆ្នាំ​ ១៩៩៨ មាន ​៧ គណបក្ស​, អាណត្តិ​ទី​៣ ឆ្នាំ ​២០០៣ មាន​ ៧ គណបក្ស​, អាណត្តិ​ទី​៤ ឆ្នាំ ​២០០៨ មាន ​១១ គណបក្ស​, អាណត្តិ​ទី​៥ ឆ្នាំ ​២០១៣ ​មាន ​៨​គណបក្ស​, អា​​ណ​ត្តិ​ទី​៦ ឆ្នាំ ​២០១៨ មាន​ ២០​ គណ​​បក្ស និង​អាណត្តិ​ទី​៧ ​ក្នុង​ឆ្នាំ ​២០២៣ ​នេះ​ មាន ​១៨ ​គណបក្ស​ចូលរួម​៕

​រាយការណ៍​បន្ថែមៈ សុខ រក្សា