ភ្នំពេញៈ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការបោះឆ្នោត ​(​គ​.​ជ​.​ប​) បាន បញ្ជាក់ថា ការបោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុ​ត្តិ​​ធម៌ នេះ​ជាការ​ឆ្លើយតប​ទៅនឹង​ក្រសួងការបរទេស​សហ​រដ្ឋ​អា​មេ​រិ​ក​ដែល​បាន​លើកឡើងថា ការបោះឆ្នោត​នេះ​សហរដ្ឋ​អា​​មេ​រិ​កមាន​ការរំខាន​ចិត្ត គ្មាន​ភាពយុត្តិធម៌ និង​សេរី​។​


​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​លោក Matthew Miller អ្នក​នាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​លើកឡើងថា សហរដ្ឋអាមេរិក​មាន​ការរំខាន​ចិត្ត ដោយ​ការ​បោះឆ្នោតជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ គ្មាន​ភាពយុត្តិធម៌ និង​សេរី ដោយហេតុ​នៅមុន​ការបោះ​ឆ្នោត អាជ្ញាធរ​កម្ពុជា​បានធ្វើការ​គំរាមកំហែង និង​យាយី​ជា​បន្តបន្ទាប់ ទៅលើ​គណបក្សនយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សង្គម​ស៊ីវិល ដែលជា​ការបំផ្លាញ​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុ​ញ្ញ​របស់​ប្រទេស និង​កាត​ព្វ​កិច្ច​ជា​អន្តរជាតិ របស់​ប្រទេស​កម្ពុជា​។​

​យោងតាម​សេចក្ដី​​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា​៖ «​សកម្មភាព​ទាំងនេះ​មិនអាច​ធ្វើឱ្យ​ប្រជាជន​កម្ពុ​ជាមាន​សំឡេង និង​ជម្រើស​ក្នុងការ​កំណត់​អនាគត​នៃ​ប្រទេស​របស់គេ​បាន​»​។​


​ឆ្លើយតប​ការលើកឡើង​នេះ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៤ ខែកក្កដា ថា ភាពសេរី និង​យុត្តិធម៌ គឺ​សំដៅ​ទៅលើ​ការគោរព និង​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត មានន័យថា ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ដោយ​យក​មូលដ្ឋាន​ច្បាប់​គតិយុត្ត​ទាំងអស់​មក​អនុវត្ត​ដោយ​ត្រឹមត្រូវ​នោះ​ហើយ​គឺជា​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​មួយ​ដែលមាន​ភាពសេរី និង​យុត្តិធម៌​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​ការលើក​ឡើង​អំពី​ការគំរាមកំហែង ឬក៏​ការធ្វើ​ទុក្ខ​បុក​ម្នេញ ការយាយី ទៅលើ​គណ​បក្សប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា​អត់​មាន​គណបក្សប្រឆាំង ឬ​គណបក្សកាន់អំណាច​នោះទេ គណបក្ស​ន​យោ​បាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​ ៧​ មាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ចំនួន ​១៨»​។​


​លោក​ សោម សូ​រី​ដា ពន្យល់ថា គណបក្ស​ទាំង​ ១៨ ​នេះ គឺ​បាន​បំពេញ​លក្ខខណ្ឌ​សម្រាប់​ការចុះបញ្ជី​គណ​បក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ត្រឹមត្រូវ​នោះ​ទើប​ទទួលបាន​ការចុះបញ្ជី​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ជា​ផ្លូវការ​។ ការធ្វើសកម្មភាព​រប​ស់ គណបក្សនយោបាយ ដែល​បាន​ចុះ​​បញ្ជី​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​​នយោបាយ​នៅក្នុង​សកម្មភាព​ឃោស​​នា​រយៈពេល ​២១ ​ថ្ងៃ​ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ​ធ្វើការ​វាយតម្លៃថា​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ល្អ គ្មាន​អំពើហិង្សា គ្មាន​ការ​គំរាម​​កំហែង​។ បរិយាកាស​នេះ​គឺ​កើតមាន​ទាំង​មុនពេល​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​។

​លោក​អគ្គលេខាធិការរង គ​.​ជ​.​ប បន្ថែមថា​៖ «​ក្នុងស្ថានភាព​បែបនេះ​គេ​អាចធ្វើ​ការវាយតម្លៃ​បាន​ថា ដំណើរ​ការបោះឆ្នោត​នៅ​កម្ពុជា ជាពិសេស ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ នីតិកាល​ទី​ ៧ ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ កន្លងមកនេះ គឺ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ក្នុង​បរិយាកាស​សន្តិសុខ​សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង​»​។​

​លោក សោម សូ​រី​ដា លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ជិត​ ៨៥​ ភាគរយ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​បាន​ចេញទៅ​បោះឆ្នោត​ប្រកបដោយ​ទឹកមុខ​ញញឹម​រីករាយ​។ ពួកគេ​មាន​សុ​ទិដ្ឋិ​និយម​ថា​សន្លឹកឆ្នោត​របស់​ពួកគេ​បោះ​គាំទ្រ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត ដែល​ពិតជា​រកបាន​ត្រឹមត្រូវ​។ នេះ​គឺជា​អ្វីដែល​ជាការ​កត់សម្គាល់​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​។ គ​.​ជ​.​ប ក៏មាន​មោទនភាព​ចំពោះ​កិច្ចការ ដែល​ប្រជាជាតិ​កម្ពុជា​ទទួលបាន​ដែលជា​សមិទ្ធផល​ដ៏​ធំ​នោះ​គឺ​លទ្ធផល​នៃ​ការ​​បោះឆ្នោត ដែល​ទទួលស្គាល់ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នេះ​គឺជា​ទស្សនៈ​ផ្អែកទៅលើ​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​សហរដ្ឋអាមេរិក​មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​សង្កេតការណ៍​បោះឆ្នោត​នេះ​ទេ រីឯ​ស្ថាប័ន​អន្តរជាតិ​ដែល​មក​សង្កេត​ការណ៍​នៅ​កម្ពុជា​ដែលមាន​ចំនួន រាប់រយ​នាក់​គឺ​បាន​វាយតម្លៃ​ខុសពី​សេចក្តីថ្លែងការណ៍​នេះ​។

​លោក​ថ្លែងថា​៖ «​អ៊ីចឹង សហរដ្ឋ​អាមេរិក វាយតម្លៃ​នេះ តាម​ខ្ញុំ​យល់​គឺ ផ្អែកទៅលើ​ទិដ្ឋភាព​ភូមិសាស្ត្រ​ន​យោ​បាយ ដូច​អ្វីដែល​សហរដ្ឋអាមេរិក តែងតែ​វាយតម្លៃ​រឿង​ផែ​ទឹក​ជ្រៅ​រាម​អ៊ីចឹង​។ អ៊ីចឹង​នេះ វា​ដូច​តែ​គ្នា​ហ្នឹង ហើយ​ខ្ញុំ​មិន​ឯកភាព​តាម​ហ្នឹង​ទេ ពីព្រោះ​មានការ​ប្រកួតប្រជែង ដោយ​ស្វិតស្វាញ ហើយ​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត [​ជាង​] ៨៤ ​ភាគ​រយ ធៀប​នឹង​បញ្ជី​ក្នុង គ ជ​. ប ហើយ​ក្នុង​ហ្នឹង ដូច​ជាមាន​គណបក្ស​ផ្សេង​ទទួលបាន​អាសនៈ​ដែរ ក្រៅពី​គណ​​បក្ស​ប្រជាជន​កម្ពុជា​។ ប្រជាជន​ទៅ​បោះឆ្នោត​មាន​នរណា​ទៅ​បង្ខិតបង្ខំ ដើរ​ភ្ជង់​កាំភ្លើង​ឯណា​! គេ​ទៅ​បោះឆ្នោត​ដោយ​រីករាយ​»៕