ភ្នំពេញ:នៅកណ្ដាលរោងជាងផ្កាភ្លើងបានបែកព្រាកៗ ពេលលោក អ៊ូ វណ្ណឌី ប្រើឧបករណ៍ចុចផ្សារដែកយ៉ាងប្រុងប្រយ័ត្ន។ ជាមួយនឹងការសម្លឹងដោយយកចិត្ដទុកដាក់ និងដៃចុចឧបករណ៍ផ្សារទៅតាមចំណុចគោលដៅ សិល្បករបានប្រែក្លាយដែក ដែលគេបោះចោលពីម៉ូតូនិងកង់ចាស់ៗទៅជាវត្ថុសិល្បៈគួរឱ្យទាក់ទាញ។
នៅពេលលោកបានផ្ដល់ព្រលឹងដល់លោហៈឱ្យក្លាយជាវត្ថុសិល្បៈ លោកក៏បានផ្ដល់ភាពស្រស់បំព្រងទៅដល់បញ្ហាបរិស្ថានផងដែរ។ រូបចម្លាក់របស់លោក វណ្ណឌី បានចូលរួមចំណែកដល់ការកាត់បន្ថយកាកសំណល់រឹងព្រមទាំងជួយដល់ការផ្សព្វផ្សាយចំណេះដឹងនិងការស្រឡាញ់បរិស្ថាន។
កាលពីចុងឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងពីកង្វល់ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង ដោយបានបញ្ជាក់ថាកម្ពុជាបង្កើតសំរាមជាង១ម៉ឺនតោនក្នុង១ថ្ងៃហើយបរិមាណសំណល់រឹងក្នុងប្រទេសកើនឡើងប្រមាណពី១០ទៅ១៥ភាគរយ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ខែតុលាលោកភក្ត្រាបានប្រាប់អ្នកសារព័ត៌មានអំពីគោលនយោបាយនិងការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីកែលម្អការគ្រប់គ្រងសំណល់រឹង និងលើកកម្ពស់ភាពត្រឹមត្រូវនៃការអនុវត្តការចាក់សំរាម។
ស្នាដៃចុងក្រោយបង្អស់របស់ វណ្ណឌី គឺហនុមានកម្ពស់ ២,៤ ម៉ែត្រ និងទទឹងពីដៃម្ខាងទៅដៃម្ខាងទៀត ១,៦ ម៉ែត្ រជាខ្នាត ដែលបង្ហាញពីការគិតគូររបស់លោកចំពោះការទទួលខុសត្រូវផ្នែកសិល្បៈ និងបរិស្ថាន។
ផ្ដើមពីសេចក្ដីស្រឡាញ់សិល្បៈវប្បធម៌បុរាណខ្មែរ និងចូលរួមអភិរក្សវប្បធម៌ដូនតាតាមរយៈការផ្លាស់ប្ដូរពីចម្លាក់បែបបុរាណមកជាចម្លាក់សហសម័យ ដោយប្រកាន់ខ្ជាប់នូវក្បាច់រចនាទម្រង់ និងក្បួនខ្នាតបុរាណ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ម្យ៉ាងវិញទៀតសម្ភារដែកចាស់ៗ ដែលយើងគិតថាវាលែងមានប្រយោជន៍ យើងអាចយកវាមកធ្វើវត្ថុមានប្រយោជន៍ឡើងវិញ។ វាជាកិច្ចការចូលរួមចំណែកកាត់បន្ថយកាកសំណល់រឹង និងផ្សព្វផ្សាយពីចំណេះដឹងការស្រឡាញ់បរិស្ថានតាមរយៈការទុកដាក់របស់របរឱ្យមានសណ្ដាប់ធ្នាប់»។
ដោយចំណាយពេលជិត២ឆ្នាំដើម្បីបញ្ចប់រូបចម្លាក់ហនុមានដែកគឺជាសក្ខីភាពនៃសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់ និងការខិតខំប្រឹងប្រែង។
លោកបាននិយាយថា៖ «ខ្ញុំបានចំណាយពេលជិត២ឆ្នាំ នៅពេលទំនេរពីការងារទើបអាចបញ្ចប់ចម្លាក់ហនុមានដែកនេះបាន។ ប្រសិនបើខ្ញុំមានពេលវេលាជាប់លាប់ កិច្ចការនេះចំណាយត្រឹមតែ៣ទៅ ៤ ខែប៉ុណ្ណោះ»។
រចនាឡើងទាំងស្រុងពីគ្រឿងបន្លាស់ម៉ូតូកែច្នៃឡើងវិញរូបចម្លាក់នេះមានទម្ងន់ជាង៤០០គីឡូក្រាម បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំនៅឃុំលំហាច ខេត្តកណ្តាលប៉ុន្តែក្រោយមកត្រូវបានយកមកកែច្នៃឡើងវិញ។
លោកវណ្ណឌីបានឱ្យដឹងថា៖ «ដោយសារខ្ញុំធ្វើចម្លាក់នេះម្នាក់ឯងពេលខ្លះខ្ញុំមើលវាទៅរាងស៊ាំភ្នែកមិនដឹងចំណុចត្រង់ណាមានភាពឆ្គាំឆ្គងឡើយ។ បងប្អូនខ្លះបានរិះគន់កែលម្អ ហើយខ្ញុំក៏ធ្វើការកែសម្រួលតាមការណែនាំរបស់ពួកគាត់»។
ធ្លាប់តែទទួលបានគ្រឿងបន្លាស់ម៉ូតូនិងកង់ចាស់ៗពីបងប្អូននៅបណ្ដាស្រុកភូមិជួយប្រមែប្រមូលដែកពីកន្លែងលក់អេតចាយ និងជួសជុលម៉ូតូដោយឥតគិតថ្លៃ ឥឡូវនេះ ភាគច្រើនគ្រឿងបន្លាស់ដែកទាំងនោះលោកវណ្ណឌីត្រូវចំណាយប្រាក់ទិញ។
ជាមួយទស្សនៈប្រើប្រាស់សម្ភារចាស់ៗឡើងវិញថ្វីដ្បិតតែលោកត្រូវចំណាយប្រាក់ក៏ពិតមែន ប៉ុន្ដែគ្រឿងដែកទាំងនោះសុទ្ធតែវត្ថុចាស់ៗ អេតចាយប៉ុណ្ណោះ។
ទាក់ទងការឆ្លាក់គ្រឿងអលង្ការតុបតែងកាយទៅតាមរចនាប័ទ្មបុរាណ សិល្បករចម្លាក់សហសម័យលោកវណ្ណឌីទទួលស្គាល់ថាវាពិតជាកិច្ចការលំបាកខ្លាំង ប៉ុន្ដែជាមួយបទពិសោធន៍ចម្លាក់ជាច្រើនឆ្នាំលោកបាននិយាយថាវាមិនសូវជាឧបសគ្គចំពោះរូបលោកទេ។
លោកបានឱ្យដឹងថាមុនពេលដំណើរការដំឡើងជារូបរាងអ្វីមួយ លោកត្រូវចាប់ផ្ដើមពីការគូរជាដំណាក់កាលជាអ្វីដែលលោកវណ្ឌឌីអះអាងថាវាពិតជាសំខាន់បំផុត។
សិល្បករកាន់ឧបករណ៍ជាងដែកជំនួសជក់ឬដែកដាប់រូបនេះបានបន្ដថា៖«ថ្វីដ្បិតតែក្បាច់រចនាគ្រឿងអលង្ការនៅលើចម្លាក់ដែកនេះមិនល្អស្អាតដូចទិដ្ឋភាពពិតយ៉ាងណាក៏ដោយ ក៏វាមានការទាក់ទាញម្យ៉ាងដែរ»។
ការស្វែងរកសម្ភារគ្រឿងដែកចាស់ៗទៅតាមទម្រង់ដែលសិល្បករចង់បានពិតជារឿងដ៏លំបាកមួយ ដោយសារទីកន្លែងជួសជុលម៉ូតូ មិនចង់បំបែកលក់គ្រឿងដែកទៅតាមសណ្ឋានចង់បាននោះទេ តែជាការលក់សរុបទាំងអស់តែម្ដង។
លោក វណ្ណឌី បាននិយាយថា៖ «ខ្ញុំអាចទិញគ្រឿងដែកដែលខ្ញុំចង់បាននៅកន្លែងលក់អេតចាយបាន តែតម្លៃរបស់វាបានកើនឡើង ១ ជា ៣ ឬ ៤ ដងឯណោះ»។
វាពាក់ព័ន្ធនឹងការចំណាយលើការដឹកជញ្ជូនដុសលាងសម្អាតគ្រឿងដែកទាំងនោះ ដំពត់ កាច់ទៅតាមម៉ូដក្បាច់រចនា ដែលមិនខុសពីជាងដែកឡើយ។
រហូតមកទល់បច្ចុប្បន្នសិល្បករចម្លាក់ដែកអាចត្រឹមប្រើគ្រឿងបន្លាស់ដែកពីកង់និងម៉ូតូប៉ុណ្ណោះដោយមិនមានលទ្ធភាពទិញគ្រឿងឡាន ដែលត្រូវចំណាយប្រាក់ច្រើននិងកង្វះឧបករណ៍ផ្សារដែក ក៏ដូចជាបរិវេណរោងជាងតូចមិនអំណោយផលដល់ការផ្ទុកគ្រឿងរថយន្ដ។
ក្រៅពីការអញ្ជើញឱ្យចូលរួមការតាំងបង្ហាញក្នុងព្រឹត្ដិការណ៍ផ្សេងៗ ចម្លាក់ស្នាដៃសិល្បៈពីដែករបស់លោក វណ្ណឌី រួមមានចម្លាក់ គោព្រៃ នង្គ័ល របាំត្រុដិ និងរូបដំរី ចម្លាក់អប្សរា រួមទាំងចម្លាក់ហនុមាននេះ ធ្លាប់ត្រូវបានតាំងបង្ហាញនៅតាមសណ្ឋាគារនានា ប៉ុន្ដែដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ នៅមានកម្រិត ចម្លាក់ហនុមាន មិនសូវមានការដាក់តាំងដូចមុនៗឡើយ។
លោក វណ្ណឌី ដែលកើតក្នុងឆ្នាំ១៩៧៧ នៅខេត្តកណ្តាល ជាវិចិត្រករ មានទេពកោសល្យម្នាក់ ដែលបានសិក្សាផ្នែកចម្លាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបញ្ចប់ការសិក្សានៅឆ្នាំ២០០៥។
លោកបានចូលរួមក្នុងគម្រោងសន្តិភាពសិល្បៈកម្ពុជាពីឆ្នាំ២០០៣ ដល់២០០៥ ជាអង្គការដែលលោកបានរៀនផ្នែកចម្លាក់ដែកនិងកែច្នៃកាំភ្លើង AK-47 ទៅជារូបចម្លាក់ដំរី។
ជាមួយការផលិតចម្លាក់ដែកតូចៗ ដែលមិនសូវមានទីផ្សារលោក វណ្ណឌីបានសម្រេចផ្អាកសកម្មភាពផលិតចម្លាក់ ក្រោយបញ្ចប់គម្រោងរបស់អង្គការ។
រយៈពេល ៤ ឆ្នាំក្រោយរហូតដល់ឆ្នាំ២០០៩ សិល្បកររូបនេះចាប់ផ្ដើមការងារជាថ្មី ដោយផ្ដោតលើចម្លាក់ធំៗ និងមានការជួយទិញពីម្ចាស់ភោជនីយដ្ឋាននិងអង្គភាពរបស់រដ្ឋមួយចំនួន ដែលធ្វើឱ្យសា្នដៃសិល្បៈចម្លាក់កកើតឡើងវិញរបស់លោក វណ្ឌឌី បានបង្ហាញរូបរាងជាច្រើន។
ចម្លាក់គោព្រៃរបស់លោក វណ្ណឌី ត្រូវបានធនាគារជាតិជាស្ថាប័នរដ្ឋដ៏មានឥទ្ធិពលមួយ បានទិញ ហើយបច្ចុប្បន្នវាត្រូវបានតាំងលម្អនៅទីនោះ។
លោកបានថ្លែងថា៖ «ខ្ញុំសូមអរគុណដល់ធនាគារជាតិដែលបានជួយជាវនិងតាំងស្នាដៃរបស់ខ្ញុំនៅទីនោះ។ នេះជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ។ វាពិតជាកម្រណាស់ដែលមានស្នាដៃសិល្បៈរបស់សិល្បករត្រូវបានតាំងនៅអង្គភាពធំៗរបស់រដ្ឋ។
លោកបានរំឭកថា គម្រោងធំដំបូងរបស់លោកគឺជារូបចម្លាក់នាគរាជសន្ដិភាព និងការអភិវឌ្ឍនៅបាត់ដំបង ឬនាគកន្ទុយ ២ កម្ពស់ ៦ ម៉ែត្រ ទម្ងន់ ៥ តោន ដែលកែច្នៃកាកសំណល់សង្គ្រាម។ បន្ទាប់ព្រះពុទ្ធបដិមាផលិតពីស្ពាន់ កម្ពស់ជាង២ម៉ែត្រត្រូវបានដាក់តាំងនៅខេត្ដព្រះសីហនុ។
លោកបានឱ្យដឹងថាស្នាដៃសិល្បៈកកើតឡើងវិញរបស់លោកទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកជំនួញ និងមន្ដ្រីរដ្ឋាភិបាល ដែលចូលចិត្ដតាំងបង្ហាញស្នាដៃសិល្បៈខ្មែរ ជាពិសេសការកែច្នៃសម្ភារចាស់ៗ ប្រើប្រាស់ឡើងវិញ។
លោក វណ្ណឌី បានបញ្ជាក់ថា៖ «អ្នកខ្លះបានឃើញគម្រោងមុនៗរបស់ខ្ញុំដូចជាគោព្រៃមានការចាប់អារម្មណ៍ ក៏កុម្ម៉ង់ឱ្យធ្វើបន្ថែម សម្រាប់ពួកគាត់ទៅតាមខ្នាតពួកគាត់ស្រឡាញ់។ មួយវិញទៀត ស្នាដៃសិល្បៈខ្លះខ្ញុំបានគូរសាកមើលរួចបង្ហោះលើហ្វេសប៊ុកហើយ បើមានអ្នកពេញចិត្ដ ក៏ទាក់ទងកុម្ម៉ង់តាមនោះទៅ។
ក្រៅពីចម្លាក់ហនុមានចុងក្រោយបំផុតនេះលោក វណ្ណឌី មានបំណងធ្វើរូបចម្លាក់មួយទៀត ទាក់ទងនឹងគុនខ្មែរ ពីសិល្បៈក្បាច់ប្រដាល់ខ្មែរ ដែលមានកម្ពស់ជាង ២ ម៉ែត្រ៕