ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​បញ្ជាក់​ជាថ្មី​ថា ​ក្រោយ​ការ​បង្កើត​រាជ​រដ្ឋា​បាល​ថ្មី​សម្រាប់​អាណត្តិ​នេះ​ នឹង​អាច​មាន​លទ្ធ​ភាព​ខ្ពស់​បំផុត​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ហើយ​លោក​នឹង​បក​ស្រាយ​លម្អិត​ពីរឿងនេះ​នៅ​ដើម​ខែ​សីហា​ខាង​មុខ​ ​ខណៈ​​នៅក្នុ​ង​ដំណាក់​កាល​នៃ​រាជរដ្ឋាភិ​បាល​ចាំ​ផ្ទះ​លោក​ចង់​ឱ្យ​អ្វីៗ​មាន​ភាព​ល្អ​ប្រសើរ​។​


​​ការ​បង្ហើប​ប្រាប់​របស់​លោក​បែប​នេះ​ធ្វើ​ឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​ប្រមាណ​៤​នាទី​ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​នៅ​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ ២០២៣ ស្តីពី​ការ​លើក​ពេល​ជួប​សំណេះ​សំណាល ​និង​សួរសុខ​ទុក្ខ​បង​ប្អូន​កម្មករ​កម្ម​ការិនី​។​

​តាម​រយៈ​សារ​សំឡេង​នេះ​ លោក​ហ៊ុន សែន បាន​លើក​ឡើង​ថា កាល​ពី​ពេល​ចុះ​សួរ​សុខទុក្ខ​ចំពោះ​កម្មករ​ កម្ម​ការិ​នី​នៅ​តាម​បណ្តា​រោង​ចក្រ ​សហ​គ្រាស​លោក​បាន​សន្យា​ថា ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ហើយ​គឺ​នៅ​ត្រឹម​ថ្ងៃទី​២៧​ខែ​កក្កដា​លោក​នឹង​ចាប់​ផ្តើម​សួរ​សុខ​ទុក្ខ​កម្មករ​ជា​បន្ត​ទៀត​នៅ​១០គោល​ដៅទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ​។


​លោកបាន​បន្តថា​ ប៉ុន្តែ​ដោយ​សារ​កត្តាពេល​វេលា​និង​កត្តា​ទាក់​ទង​ទិដ្ឋ​ភាព​នៃ​ការ​រៀបចំ​រដ្ឋាភិ​បាល​ថ្មី​លោក​សូម​អភ័យ​ទោស​ពី​កម្មករ​កម្ម​ការិ​នី​ទាំង​អស់ ដែល​មាន​ការអា​ក់​ខាន​មិន​បាន​ទៅ​សួរសុខ​ទុក្ខ​តាម​ការ​សន្យា​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ដូច្នេះ​សូម​បញ្ជាក់​ឡើង​វិញ​ថា យើង​នឹង​ជួប​គ្នា​នៅ​ក្រោយ​ការ​បង្កើត​រាជ​រដ្ឋា​បាល​ថ្មី ​ដែល​នឹង​អាច​មាន​លទ្ធ​ភាព​ខ្ពស់​បំផុ​តមាន​នាយក​រដ្ឋមន្ត្រី​ថ្មីនឹង​ទៅ​សួរ​សុខ​ទុក្ខ​ចំពោះ​កម្មករ ​ កម្ម​ការិ​នី​របស់​យើង ជំនួស​នាយក​រដ្ឋ​មន្ត្រី​ចាស់​ដែល​នេះ​គឺ​ជា​លទ្ធ​ភាព​នៃ​ការ​កើត​ឡើង​នៃ​រាជរដ្ឋាភិ​បាល​ថ្មីដែល​មាន​ទាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​»​។​


​លោកហ៊ុន សែន បាន​បន្ត​ថា ៖ «​ខ្ញុំ​ក៏​មិន​ទៅ​ណា​ទេ ​ខ្ញុំ​នឹង​បក​ស្រាយ​រឿង​នេះ​នៅ​ថ្ងៃទី៣​ ខែសីហា​ខាង​មុខ​នេះ នៅ​ក្នុង​ពេល​សម្ពោធ​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ខ្ញុំ​នឹង​និយាយ​រឿង​នេះ​នៅ​ពេល​នោះ​ ព្រោះថា​ ឥឡូវនេះ​ស្ថិត​នៅ​ដំណាក់​កាល​នៃ​រាជ​រដ្ឋាភិ​បាល​ចាំ​ផ្ទះ ខ្ញុំ​ចង់​ឱ្យ​អ្វីៗ​បាន​កើត​ឡើង​នៅ​ដំណាក់​កាល​នៃ​រាជរដ្ឋាភិ​បាល​ថ្មី​ដែល​នឹង​ត្រូវ​ទៅ​ជួប​ក្មួយៗ​កូនៗ​ចៅៗ ​ជា​កម្មករ ​កម្ម​ការិ​នី​ទាំង​អស់​»​។​

​សម្រាប់​តំណែង​នាយក​រដ្ឋម​ន្ត្រី​ថ្មី​នេះ​ បើ​ទោះបីជា​លោក ​ហ៊ុន សែន មិនបា​ន​លើក​ឡើង​ចំ​ឈ្មោះ​ក្តី​ ប៉ុន្តែ​ជា​ការ​សំដៅ​ទៅលើ​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​និង​ជា​បេក្ខ​ភាព​នាយករ​ដ្ឋមន្ដ្រី​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អនា​គត​ដែល​នឹង​ទទួល​តំណែង​បន្ត​ពី​លោក​នៅ​ដើម​អាណត្តិ​ទី​៧ ​ឆ្នាំ​២០២៣ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត​ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋា​ភិបាល ហើយ​ក៏​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មា​ធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណ​បក្ស​ថ្នាក់​កណ្តាល ​ត្រូវបាន​សមា​ជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ ជា​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនា​គត​កាលពី​ថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ​២០២១​។​

​នៅ​ថ្ងៃទី​២៥ ​ខែក​ក្កដា លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ប្រជាព​លរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ឆន្ទៈ​រប​ស់ខ្លួន​យ៉ាង​ច្បាស់​តាម​រយៈ​ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ច្រើន​កុះ​ករ(​ជាង៨៤​ភាគ​រយ)និង​បោះឆ្នោ​ត​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា​ឱ្យ​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដីដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​តទៅ​អនា​គត​។

​លោក​បាន​បញ្ជាក់​ថា៖«​ខ្ញុំ​មាន​តែ​ពាក្យ​២​ម៉ាត់​ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត គឺ​១ អរ​គុណ​ចំពោះ​លោក​តា​ លោក​យាយ​ លោក​អ៊ំ ​ពូ​មីង​ បង​ប្អូន​ទាំង​អស់​ដែល​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជូន​គណប​ក្ស​ដែល​ខ្លួន​ស្រឡាញ់និង​ជាពិ​សេស​ចំពោះ​ការ​ស្រឡាញ់​និង​ការទុក​ចិត្ត​ចំពោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជានិង​២ប្តេជ្ញា​ចិត្តបន្ត​ចូល​រួម​បម្រើ​ប្រទេស​ជាតិ​និង​ប្រជា​ជន​ឱ្យ​បាន​កាន់តែ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​»​។​

​លោក គិ​ន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជានិង​ជា​អ្នក​តាម​ដាន​នយោបា​យ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ការ​ផ្ទេរ​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​នេះ ​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ជាង​៥០០​ឆ្នាំ​។

​លោក​បានបន្ត​ថា​ ការ​បញ្ជាក់​ជាថ្មី​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន​សែន ពី​លទ្ធ​ភាពមាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​ច្បាស់​លាស់​ និង​ភាព​ប្រា​កដ​ប្រជា​អំពី​ផែន​ការ​បន្ត​វេន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​

​លោក គិន ភា​ បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃទី​២៦ ​ខែ​កក្កដា​ ថា​៖​​«​យើង​ឃើញ​ថា​នឹង​មិន​មាន​ឧ​ប​សគ្គ​អ្វី​នោះ​ទេ ​ដូច​យើង​ដឹង​ហើយ​ថា​នីតិ​វិធី​ផ្ទៃក្នុង​របស់​គណ​បក្ស​ក៏បាន​បំពេញ​រួច​សព្វ​គ្រប់​អស់​ហើយ ​និង​សន្លឹក​ឆ្នោត​របស់ ​CPP ដែល​បាន​ទទួល​នោះ​ក៏​បាន​បញ្ជាក់​អំពី​ការ​ទទួល​យក​នូវ​ផែន​ការ​បន្ត​វេន​របស់​បក្ស​នេះ​»​។

​លោក​បន្ថែម​ថា៖«​អ៊ីចឹង​! អ្វី​ដែល​សម្តេច​តេ​ជោ​បាន​បញ្ជាក់​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​សម្តេច​ ឬ​ឆន្ទានុ​សិទ្ធិ​ក្នុង​ការ​រៀបចំ​ការ​បន្ត​វេន​មួយ​ដែល​មាន​គណៈ​រដ្ឋមន្ត្រី​ថ្មី ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ដែល​បាន​រៀបចំ​ទុក​រួច​ជាស្រេច​»​។​

​បើតាម​លោក គិន ភា គណៈរដ្ឋមន្ត្រី​ថ្មីអាច​ចាត់​ទុកថា​ជា​ថាម​ពល​ថ្មី​សម្រាប់​កម្ពុជា​ក្នុង​ការ​កែទ​ម្រង់អភិ​វឌ្ឍសេដ្ឋ​កិច្ច​សង្គម ​ក៏​ប៉ុន្តែ​ដូច​ដឹង​ហើយ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺជា​គណ​បក្ស​ដែល​ផ្អែក​លើ​សមូហ​ភាព​ដឹក​នាំ ដូ​ច្នេះ​រដ្ឋាភិ​បាល​ថ្មី​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​នៅ​តែ​គោរព​នូវ​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​ដែល​បាន​ព្រាង​ផែន​ការអ​ភិវឌ្ឍន៍​ជាតិ​។

​លោក គិ​ន ​ភា បានបញ្ជាក់​ថា ៖ «​អ៊ីចឹង​!​ទាំង​ក្រប​ខ័ណ្ឌ​នយោ​បាយ​ សេដ្ឋកិ​ច្ច និង​ទំនាក់​ទំនង​ការប​រទេស​របស់​កម្ពុ​ជា នឹង​មិន​មាន​ការ​ប្លា​ស់​ប្តូរ​ក្នុង​កម្រិត​គោល​នយោ​បាយ​ទេ ដោយ​សារ​គណ​បក្ស​មាន​ខ្សែ​បន្ទាត់​គោល​នយោ​បាយ​របស់​ខ្លួន​ ហើយ​ម្តេច​តេ​ជោ នៅតែ​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដូច្នេះ​លោក​នៅតែ​មាន​អំណាច​ទៅ​លើ​អង្គ​ការ​ចាត់​តាំង​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​ប្រជា​ជន​»៕