ភ្នំពេញៈ ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី ​(ADB)​ សម្រេច​អនុម័ត​ប្រាក់​កម្ចី​ផ្អែក​លើ​គោល​នយោ​បាយ​ចំនួន ​៤០​ លាន​ដុល្លារ​ ដើម្បី​គាំ​ទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា ​ក្នុង​ការ​ពង្រឹង​បន្ថែម​ការ​ផ្តល់​សេវា​សាធារ​ណៈ​​រដ្ឋបាល​មូល​ដ្ឋាន​ តាម​រយៈ​ កំ​ណែ​ទម្រង់​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​សា​ធារណៈ ​​និង​វិមជ្ឈ​ការ​។​


​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់ ​ADB​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦​ខែកក្កដា​ បាន​ឱ្យដឹង​ថា ​កម្ចី​កម្ម​វិធី​រង​ទី​ពីរ​ និង​ចុង​ក្រោយ ក្រោម​​​កម្មវិធី​អភិ​វឌ្ឍន៍​វិស័យ​សេវា​សាធារ​ណៈ​និង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ដែល​បាន​ធ្វើ​វិមជ្ឈ​ការ​លើក​ទី​ពីរ​នេះ ​នឹង​បញ្ចប់​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់​ ដើម្បី​ពង្រឹង​តួនាទី​ ​និង​ សមត្ថ​ភាព​របស់​រដ្ឋ​បាល​មូលដ្ឋាន​ ក្នុង​ការ​ផ្តល់​សេវា​សាធារ​ណៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​​

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​៖​«​កំណែ​ទម្រង់​ក្រោម​កម្មវិធី​រង​ទី​ពីរ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ ​ដើម្បី​ពង្រឹង​ការ​ធ្វើ​ផែន​ការ​និង​រៀបចំ​ថវិកា​ ​ការ​គ្រប់​គ្រង​ចំណូល​និង​ចំណាយ​ ​និង​សមត្ថ​ភាព​បុគ្គលិក​នៅ​កម្រិត​រដ្ឋបាល​មូលដ្ឋាន​ ​ដើម្បី​ផ្តល់​សេវា​កម្ម ប្រសើរ​ឡើង​ ​លើក​កម្ពស់​ការ​ធ្វើ​ផែនកា​រ​រដ្ឋាភិ​បាល​មូល​ដ្ឋាន ​និង​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​របស់ ប្រជា​ពល​រដ្ឋ​»​។​​


ADB​ គឺ​ជា​ដៃគូ​របស់​កម្ពុជា​ក្នុង​ការ​គាំទ្រ​កំណែ​ទម្រង់​លើ​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារ​ណៈ ​និង​វិមជ្ឈ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​ ​ដោយ​សង្កត់​ធ្ងន់​លើ​ការ​បន្ត​គោល​នយោ​បាយ ​ដើម្បី​ធ្វើការ​កែ​លម្អ​ការឱ្យ​ស៊ី​ជម្រៅ​ទាំង​វិធាន​ការ​វិមជ្ឈ​ការ​ផ្នែក​រដ្ឋបាល​ ​និង​សារ​ពើ​ពន្ធ​សម្រាប់​ផ្តល់​សេវា​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មូលដ្ឋាន​ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ នេះ​តាម​ការ​អះអាង​នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ​។​

​ADB ​បាន​បញ្ជាក់​ថា​៖«​ ADB ​បាន​ជួយ​បង្កើត​ការិយា​ល័យ​សេវា​កម្ម​ដែល​មាន​ច្រក​ចេញ​ចូល​តែ​១ ​សម្រាប់​ការផ្តល់​សេវា​ដែល​មាន​ការ​ឆ្លើយ​តប​កាន់​តែ​ច្រើន​ទៅកា​ន់​ប្រ​ជា​ពលរដ្ឋ​ ក៏​ដូច​ជា​ការិយា​ល័យ ​ombudsperson ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​ប្រសើរ​ឡើង​នៃ​ការ​រីក​ដុះ​ដាល ​ស៊ី​ជម្រៅ ​និង​គុណ​ភាព​នៃ​សេវា​កម្ម​ដែល​បាន​ផ្តល់​។ ​ADB បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​នូវ​ភាព​រីក​ចម្រើន​ រួម​បញ្ចូល​ ​ភាព​ធន់ ​និង​និរន្តរ​ភាព​នៃ​អាស៊ី​ និង​ប៉ាស៊ី​ហ្វិក​ ខណៈ​នឹង​ការរក្សា​និរន្តរ​ភាព​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ខ្លួន​ ​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រីក្រ​ខ្លាំង​»​។​​


​នាយិ​កា​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ ​លោក​ស្រី ​Jyotsana Varma ​មាន​ ​បាន​រំពឹង​ថា ​កំណែ​ទម្រង់​ និង​ដំណោះ​ស្រាយ​ឌីជី​ថល​ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​កម្ម​វិធី​នេះ ​នឹង​ជួយ​តម្រង់​ផែន​ការ​កម្រិត​មូលដ្ឋាន​ ជាមួយ​នឹង​ថវិកា​ជាតិ​ និង​ខេត្ត​សម្រាប់​ផ្តល់​សេវា​សាធារ​ណៈ​នៅ​មូល​ដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​សម​ធម៌​ ដូច​ជា​កា​រទទួល​បាន​ទឹក​ស្អាត​អនា​ម័យ​ និង​ ​ការ​អប់រំ​ជា​ដើម​។​

​លោក​ស្រី​ ​បាន​បញ្ជាក់​ថា​៖«​វិធាន​ការ​ដែល​អនុវត្ត​ក្នុង​កម្មវិ​ធី​នេះ​ ក៏​នឹង​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច ចិត្ត​ក្នុង​កម្រិត​មូល​ដ្ឋាន​ផង​ដែរ​។ ​កម្ចី​កម្ម​វិធី​ថ្មី​នេះ ​គឺ​ស្រប​តាម​យុទ្ធ​សាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ​ADB​ សម្រាប់ កម្ពុ​ជា​ឆ្នាំ ​២០១៩​-​២០២៣​»​។​​

​លោក ​សន​ ជ័យ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​ ​បាន​និយាយ​ថា ​ការ​ផ្តល់​សេវា​ជា​មូលដ្ឋាន​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ ​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ពលរដ្ឋ​ ​ខណៈ​លោកចង់​ឱ្យមា​ន​ការ​ផ្តល់​ចំណេះ​ដឹ​ង​ទៅ​លើ​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​អ្នក​បម្រើ​សេវា​។ ​លោក​ ​បាន​បន្ថែម​ ​ជា​មួយ​ការ​ទទួល​បាន​កម្ចី​បន្ថែម​នេះ​ រដ្ឋាភិ​បាល គួរ​តែ​មាន​គំនិត​ផ្តួច​ផ្តើម​បន្ថែម​ទៀត​ ​ជា​ពិសេស​ការ​បង្កើត​ឱ្យមាន​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​ និង​អ្នក​ផ្តល់​សេវា​ ដោយ​មាន​មន្ត្រី​មូល​ដ្ឋាន​ ​ចុះ​ផ្តល់​សេវា​ទៅ​ដល់​អ្នក​ភូមិ​តែ​ម្តង​។​​

​លោក​ ​បាន​បញ្ជាក់​ថា​៖«​យើង​ចង់​ឱ្យ​មាន​ការ​ពង្រីក​នូវ​វិសាល​ភាព​បែបនេះ​ នៅ​កម្រិត​តំបន់​ជន​បទ​ដាច់​ស្រយាល ជាពិ​សេស​ឃុំ ​ដែល​មាន​ប្រព័ន្ធ​រដ្ឋបាល​ខ្វះខាត​ ​ហើយ​មាន​តំបន់​គ្របដណ្តប់​ច្រើន​ភូមិ ​ហើយ​និង​ឆ្ងាយ​ ព្រោះ​យើង​ នៅ​តែ​ឭ​ព​ល​រដ្ឋ​ធ្វើ​ដំ​ណើរ​ផ្លូវ​ឆ្ងាយ​ ​ដើម្បី​មក​ដល់​សា​លា​ឃុំ​»​។

លោកមាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ចីនេះ មាន​ទម្រង់​ជា​មូល​និធិ​ទ្រ​ទ្រង់​ថវិកា (budget support ឬ program loan) , មាន​ន័យ​ថា រាជ​រដ្ឋាភិ​បាល​បាន​បំពេញ​លក្ខខណ្ឌ​សម្រាប់​​ការ​ដក​សាច់ប្រាក់ពី ADB រួចរាល់ហើយ។ លោក​បាន​បន្ថែម​ថា៖ «លក្ខខណ្ឌ ឬ កំណែទម្រង់​ទាំងនោះ​ រួម​មាន​កា​រ​កសាង​ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ។ សកម្មភាព​សម្រាប់​បម្រើ​ឱ្យ​កិច្ចការកែទម្រង់សុទ្ធតែចាំបាច់ និងគួរលើកទឹកចិត្ត»៕​