ភ្នំពេញៈ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីណែនាំ​ពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម សម្រាប់​អាជីវកម្ម​នាំចូល​បារី ឬ​ចែកចាយ​បន្ត​បារី​នាំចូល​ទាំងអស់ ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ឱ្យមាន​តម្លាភាព និង​សង្គតិភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែសីហាតទៅ ខណៈដែល​អ្នកជំនាញ​សុខភាព បាន​សាទរ​ចំពោះ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​នេះ​។​


​ក្នុង​សេចក្តីណែនាំ​ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​បារី​នាំចូល នៅ​ថ្ងៃទី​២៥ ខែកក្កដា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ដល់​គ្រប់​ម្ចាស់​សហគ្រាស​ដែល​ប្រកប​អាជីវកម្ម​នាំចូល​បារី ឬ​ចែកចាយ​បន្ត​បារី​នាំចូល ទាំង​អស់ពី​នីតិវិធី​នៃ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​(​អត​ប​)​ផងដែរ​។​

​ក្រសួង​បញ្ជាក់ថា ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​(​អត​ប​)​នេះ ដូចជា ចំពោះ​បារី​ដែល​នាំចូល​សម្រាប់​គោលដៅ​លក់​ក្នុងស្រុក សហគ្រាស​ត្រូវអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ដូច​ទំនិញនាំចូល​ជាប់​អាករ​ដទៃទៀត​ដែរ ដោយ​ត្រូវ​ប្រមូល អត​ប តាម​អត្រា ១០(​ដប់​)​ភាគរយ រាល់​ការផ្គត់ផ្គង់​បារី នៅក្នុង​ប្រទេស​កម្ពុជា​។


​ក្រសួង​បន្តថា អត​ប ដែល​បាន​បង់​នៅពេល​នាំចូល ឬ​ទិញ​ក្នុងស្រុក ត្រូវបាន​អនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សម្រាប់​កាត់កង​ជាមួយ អាករ​លើ​ធាតុ​ចេញ​។​

​ដោយឡែក​ចំពោះ​បារី​ដែល​នាំចូល​សម្រាប់​គោលដៅ​នាំចេញ សហគ្រាស​ត្រូវបាន​បន្ត​អនុញ្ញាតឱ្យ​បង់ អត​ប តែម្ដង​គត់ នៅពេល​នាំចូល​ជាការ​ស្រេច ដូចដែល​បាន​អនុវត្ត​នាពេល​កន្លងមក ហើយ​សហគ្រាស​ត្រូវដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​អាករ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​


​ចំពោះ​ការអនុវត្ត​អាករ​តម្លៃបន្ថែម​នេះ ត្រូវបានលោក​ មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា សាទរ និង​គាំទ្រ​ចំពោះ​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច ដោយ​លោក​បាន​អះអាងថា វា​ជាការ​បង្ហាញឱ្យឃើញ​នូវ​ការយកចិត្ត​ទិ​ក​ដាក់​របស់​រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​អ្នក​ឈឺ ឬ​ស្លាប់​ដោយសារ​បារី ឬ​ផលិតផល​ថ្នាំជក់​។​

​លោក​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ថា ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​នេះ ក្រសួង​សេដ្ឋកិច្ច​បាន​អនុវត្ត​ជា​យូរ​មកហើយ គ្រាន់តែ​ថា ​ពីមុន​យកតែ​មួយ​ដំណាក់កាល​ទេ គឺ​នៅពេល​នាំចូល ប៉ុន្តែ​ការអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែសីហា​តទៅ​នេះ បើតាម​សេចក្តីណែនាំ ការអនុវត្ត​អាការ​តម្លៃ​នេះ នឹង​យក​នៅ​រាល់​ដំណាក់កាល​ដូច​ផលិតផល​ដទៃទៀត មានន័យថា យក​អាករ​លើ​តម្លៃបន្ថែម​តាំងពី​នាំចូល​រហូតដល់អ្នកប្រើប្រាស់​ជាដើម​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​ មុំ គង់ ចង់ឱ្យ​ការអនុវត្ត​បែបនេះ មិន​ត្រឹមតែ​លើ​ផលិតផល​បារី​នោះទេ គឺ​ចង់ឱ្យ​អនុវត្ត​លើ​ផលិតផល​ថ្នាំជក់​ផងដែរ​។​

​លោក​បាន​ថ្លែងថា៖ «​អ្វីដែល​យើង​រំពឹង ក៏ដូចជា​ប្រជាពលរដ្ឋ​ជាង​៩០​ភាគរយ​ទៀត ចង់បាន នោះ​គឺ​ចង់ឱ្យ​រាជរដ្ឋាភិបាល​មានការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ឱ្យបាន​ជាប្រចាំ មានន័យថា រៀងរាល់​មួយ​ទៅ​២​ឆ្នាំ​ម្តង ទៅតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​»​។​

​បើតាម​ការស្រាវជ្រាវរ​បស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​យកពន្ធ​បារី​បន្ថែម ៥០០​រៀល​ក្នុង​១កញ្ចប់ នោះ​នឹង​ធ្វើឱ្យ​បារី​នៅលើ​ទីផ្សារ​កើន​១៥​ភាគរយ ហើយ​ជា​លទ្ធផល​នឹង​កាត់បន្ថយ​អ្នក​ជក់​បាន​៣​ម៉ឺន​នាក់​នៅ​ឆ្នាំ​បន្ទាប់ និង​បង្ការ​ប្រជាពលរដ្ឋ​១​ម៉ឺន​នាក់ ពី​ការស្លាប់​មុន​អាយុ​កំណត់ ក្នុង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ​ខាងមុខ​។ នេះ​បើតាម​ការបន្ថែម​ពី​លោក​ មុំ គង់​។​

​លោក​បាន​បន្ថែមថា បើតាម​ការស្រាវជ្រាវរ​បស់​អង្គការ​សុខភាព​ពិភពលោក​ដដែល ការបង្កើន​ពន្ធ​បារី​បន្ថែម ៥០០​រៀល​ក្នុង​មួយកញ្ចប់ នឹងធ្វើ​ឱ្យ​ចំណូល​ពន្ធរ​ដ្ឋ​កើនឡើង​ដល់​ជាង​៥៣​លាន​ដុល្លារ​។​

​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​បារី​នាំចូល​នេះដែរ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ​ យល់ឃើញថា ការអនុវត្ត​បែបនេះ គួរតែ​ត្រូវបានធ្វើ​ជាយូរ​មកហើយ ដោយ​លោក​យល់ថា មាន​ចំណុច​២សំខាន់ សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច​ក្នុងស្រុក​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំណុច​សំខាន់​ទី១ យើង​អាច​ប្រមូល​ចំណូល​បន្ថែមទៀត​ពី​ឈ្មួញ ដែល​នាំចូល​ផលិតផល​បារី​មក​លក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​ទី​២ អាចជាការ​លើកស្ទួយ​ដល់​សហគ្រាស​ផលិត​ក្នុងស្រុក ដែល​អាចឱ្យ​ពលរដ្ឋ​ងាក​មកប្រើប្រាស់​ផលិតផល​បារី​ក្នុងស្រុក​វិញ ដែលមាន​តម្លៃ​ធូរ​ថ្លៃ​ជាង​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ហុង វណ្ណៈ បាន​អះអាងថា ការលើកឡើង​បែបនេះ មិនមែនជា​ការជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ជក់ ឬ​ប្រើប្រាស់​បារី​កាន់តែច្រើន​នោះទេ ប៉ុន្តែ​វា​ជា​ផលចំណេញ​សេដ្ឋកិច្ច​មួយ ដែល​ចាំបាច់​ត្រូវតែមាន​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់​៕