ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានកំណត់ក្នុងកម្មវិធីនយោបាយ ៥ ឆ្នាំ (២០២៣-២៨) លើនយោបាយការបរទេសថា កម្ពុជានឹងផ្តោតលើការរួមចំណែកកាន់តែសកម្ម ក្នុងកិច្ចប្រឹងប្រែងតំបន់ និងសកលលោក ដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព។
ក្នុងរយៈពេល ៤-៥ ឆ្នាំទៅមុខ ឬក៏ច្រើនជាងនេះ ទំនាក់ទំនងអន្តរជាតិនឹងវិវឌ្ឍទៅតាមការបត់បែននៃស្ថានការណ៍តំបន់ និងពិភពលោក ដែលនឹងទទួលឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលពីការប្រកួតប្រជែងរវាងមហាអំណាចធំៗ និងពីការប្រែប្រួលខាងភូមិសាស្ត្រនយោបាយតាមតំបន់នានា។ ក្នុងនយោបាយការបរទេសរបស់ខ្លួន CPP បង្ហាញថា កម្ពុជានឹងបន្តដើរតួនាទីជាអ្នកសម្រួលការចរចា ការស្វែងរកច្រកសន្ទនា និងដោះស្រាយបញ្ហានានា តាមផ្លូវនយោបាយ ក្នុងឋានៈជាប្រទេសដែលមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីក្រៅពីសន្តិភាព ស្ថិរភាព និងការផ្សះផ្សា។
នយោបាយការបរទេស CPP ក៏បានបង្ហាញពីការបន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរព និងការពារយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបន្តអនុវត្តការងារការទូតបុរេសកម្មដើម្បីទទួលបាននូវការគោរពដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងការទទួលស្គាល់បំណងប្រាថ្នា និងភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ CPP លើកឡើងថា៖ «ប្រមូល និងប្រើប្រាស់កិច្ចប្រឹងប្រែងរួមរបស់បក្ស រាជរដ្ឋាភិបាលស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ន អង្គការមហាជន ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ការពារផលប្រយោជន៍ពលរដ្ឋកម្ពុជានៅក្រៅប្រទេស ការពារកិត្តិយស និងកិត្តិនាមប្រទេសជាតិ»។
កម្មវិធីនយោបាយនេះក៏បានបង្ហាញពីការបន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា ព្រមទាំងបន្តរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម ចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ក្រៅពីនេះ CPP ក៏បានលើកឡើងពីការប្រើប្រាស់សម្ទុះវិជ្ជមាន ដែលបានមកពី «ជោគជ័យ» នៃការធ្វើប្រធានអាស៊ានដើម្បីពង្រឹងតួនាទីរបស់កម្ពុជា ក្នុងសហគមន៍នេះផង និងក្នុងឆាកអន្តរជាតិផងតាមរយៈតួនាទីកាន់តែសំខាន់របស់អាស៊ាន ក្នុងកិច្ចសន្ទនា ការពិគ្រោះយោបល់ និងការសម្របសម្រួល។
គោលនយោបាយ CPP ថែមទាំងបង្ហាញពីការរឹតចំណងខាងសេដ្ឋកិច្ច ជាមួយដៃគូចាស់ និងថ្មី ដោយលើកឡើងថា៖ «ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខិតប្រទេសយើងជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ខាងផ្នែកនយោបាយទៀតផង»។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈសំណេរជាភាសាអង់គ្លេសដែលមានខ្លឹមសារថា គោលនយោបាយការបរទេសនេះ ឆ្លុះបញ្ចាំងពីការប្រែប្រួលយ៉ាងឆាប់រហ័សនូវបរិយាកាស និងប្រព័ន្ធអន្តរជាតិ។ ក្នុងឋានៈជាប្រទេសតូច និងបើកចំហ កម្ពុជាត្រូវតែសម្របខ្លួនទៅនឹងការប្រែប្រួលនេះមានភាពរឹងមាំលើគោលនយោបាយស្នូល និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងអាចបត់បែនបានទៅលើយុទ្ធសាស្ត្រ។
លោកថ្លែងនៅថ្ងៃទី ២៦ ខែកក្កដាថា «ការទូតរដ្ឋ ការទូតសភា ការទូតបក្ស និងការទូតប្រជាជនចាំបាច់ត្រូវធ្វើសមកាលកម្មបន្ថែមទៀតដើម្បីឱ្យមានភាពស៊ីចង្វាក់គ្នាក្នុងគោលនយោបាយការបរទេស និងជំហរអាចត្រូវបានពង្រឹង។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗនឹងបន្តក្លាយជាកត្តាចម្បងដែលបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសំណេរជាភាសាអង់គ្លេសដែលមានខ្លឹមសារថា នរណាក៏ដោយដែលនឹងដឹកនាំប្រទេសកម្ពុជាត្រូវប្រកាន់ខ្ជាប់គោលនយោបាយអព្យាក្រឹតអចិន្រៃ្តយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយអនុវត្តតាមគោលនយោបាយរួមរស់ដោយសុខសាន្ត និងដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត នៅទូទាំងពិភពលោកដែលកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថ្លែងថា៖«សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរដ៏ល្អមួយក្នុងការធ្វើឱ្យអព្យាក្រឹតភាពនៃគោលនយោបាយការបរទេស និងការទូតរបស់កម្ពុជា។ ការណែនាំរបស់លោកនៅតែផ្តល់សារៈសំខាន់សម្រាប់អ្នកដឹកនាំជំនាន់ថ្មី។ ជាការពិត មានបញ្ហាប្រឈមនានា ដូចជា បញ្ហាមីយ៉ាន់ម៉ា អ៊ុយក្រែន និងបញ្ហាផ្សេងទៀតជុំវិញសេដ្ឋកិច្ច និងសន្តិសុខ។ ប៉ុន្តែយុគសម័យថ្មីត្រូវបានដឹកនាំដោយប្រទេសចិន និងរដ្ឋផ្សេងទៀត នៅទូទាំងពិភពលោកដែលកំពុងស្វែងរកជម្រើសសម្រាប់កំណើន និងសន្តិសុខ ក្រៅពីសណ្តាប់ធ្នាប់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ សម្តេចតេជោហ៊ុន សែន ដឹងច្បាស់អំពីការពិតថ្មីនោះ»។
លោក គិន ភា បន្ថែមថា ក្នុងបរិបទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញគោលការណ៍សំខាន់ៗចំនួន ៧ សម្រាប់វិស័យការទូតរបស់កម្ពុជា រួមមាន ប្រឆាំងការប្រើប្រាស់កម្លាំង មិនគាំទ្រការឈ្លានពានទៅលើរដ្ឋឯករាជ្យ ប្រឆាំងការបំបែករដ្ឋ មិនគាំទ្រការកាន់កាប់ដោយខុសច្បាប់ ប្រឆាំងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃមិនអនុញ្ញាតឱ្យវត្តមានយោធាបរទេសនៅកម្ពុជា និងប្រឆាំងនឹងការព្រមព្រៀងនៃ ការឈ្លានពានទៅលើប្រទេសដទៃ៕