​ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមហ៊ុន​កៅស៊ូ​វៀត​ណា​ម​ដែល​មក​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា យកចិត្ត​ទុក​ដាក់​គិតគូរ​ពី​ការអភិវឌ្ឍ​បច្ចេក​ទេស​កៅស៊ូ និង​ការកែច្នៃ​ជ័រ​កៅស៊ូ ដើម្បី​ទទួលបាន​នូវ​តម្លៃបន្ថែម​និង​កាន់​តែមាន​ប្រសិទ្ធ​ភាព​និង​និរន្តរភាព​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។​


​លើសពីនេះ​ទៀត លោក ​ឌិ​ត​ ទីណា បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​លទ្ធភាព និង​ពិ​ចារ​ណា​លើ​ការកំណត់​យុទ្ធសាស្ត្រ ជាពិសេស​គម្រោង​ជំនួប​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម​រៀ​ត​ណា​ម នាពេលខាងមុខ ​ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ ការកំណត់​លើ​ការផលិត​ទំនិញ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​ទទួលបាន​ចំណេញ​ជាមួយគ្នា​រវាង​ប្រទេស​ទាំង ​២​។​

​លោក ឌិ​ត ទីណា បានធ្វើ​ការណែនាំ​បែបនេះ​ក្នុងពេលដែល​លោក និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​បានទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​សម្ព័ន្ធ​ឧស្សា​​ហ​កម្ម​កៅស៊ូ​វៀតណាម នៅ​ទីស្តីការ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី ​២៦ ​ខែកក្កដា​។


​នៅក្នុង​កិច្ច​ជំនួប​នេះដែរ លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ទាំង​ ១៧ ដែល​ទទួលបាន​លទ្ធផល​ល្អ ក្នុងការ​វិនិយោគ​វិស័យ​កៅស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​របាយការណ៍​អគ្គ​​នាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា ការនាំចេញ​ជ័រកៅស៊ូ​ ​និង​ផលិតផល​ធ្វើ​អំពី​កៅស៊ូ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៦​ ខែ​ ​ឆ្នាំ​ ២០២៣ ​ទទួលបាន​ចំណូល​ ៣២៤ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​គឺមាន​កំណើន​ប្រមាណ​ជាង​ ៤២,១ %​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​ ​ក្នុងនោះ​ការនាំចេញ​កៅ​​ស៊ូ​ក្នុង​ខែមិថុនា​ឆ្នាំ​ ២០២៣ ​ទទួលបាន​ចំណូល​ជិត​ ៦៤ ​លាន​ដុល្លារ​ ​កើន​ឡើយ​រហូតដល់​ ៤៤,៨  ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២៕