ព្រះវិហារៈ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បា​នរៀប​ចំ​ព្រឹត្តិ​ការណ៍​ដាំ​កូន​ឈើ​ចំនួន​ ៧០០​ ដើម នៅ​ក្នុង​តំបន់​អភិរក្ស​នៃ​រមណីយ​ដ្ឋាន​ប្រា​សាទ​ព្រះវិហារ​ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ ​ដល់​សិស្សានុ​សិស្ស​ក្នុង​តំបន់​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក ​ឱ្យ​ចេះ​ស្រឡាញ់​ ការពារ​ធន​ធាន​ធម្ម​ជាតិ​ និង​វប្ប​ធម៌​ជាតិ​ខ្មែរ​។​


​នាយក​ដ្ឋាន​បរិ​ស្ថាន​ព្រៃឈើ ​និង​ទឹកនៃ​អាជ្ញា​ធរ​ជាតិ​ព្រះវិ​ហារបាន​ឱ្យដឹងថា ​​កូន​ឈើ​ដែល​បាន​ដាំ​សរុប​ចំនួន ៧០០​ ដើម រួម​មាន ​​គ្រញូង ​ធ្នង់ បេង និង​ត្របែក​ព្រៃ ដែល​ជា​ប្រភេទ​ឈើ​រង​ការ​គំរាម​កំហែង ​និង​ឈើ​លម្អ​។ ព្រឹត្តិ​ការណ៍​ដាំ​កូន​ឈើ​នេះ ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ​២០២៣ ​ដោយ​មាន​ការ​ចូលរួម​ពី​លោក​ ឃូ អៀង​ហួត ​អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​មន្ត្រី​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ ​នាយក​សាលា ​រួមជា​មួយ​សិស្សា​នុសិស្ស​ចំនួន​៥០​នាក់​ មកពី​អ​នុវិ​ទ្យាល័យ ​ហ៊ុន សែន ស្រះ​ក្តុល​។​នេះ​បើ​តាម​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ ។​

​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​បញ្ជាក់​ថា​៖«​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​សិស្សានុ​សិស្ស​ក្នុង​តំបន់​បេតិក​ភណ្ឌ​វប្ប​ធម៌​ពិភព​លោក​ឱ្យ​ចេះ​ស្រឡាញ់​ទេស​ភាព​ធម្មជាតិ ​និង​វប្បធម៌ ​និង​ចូលរួម​ថែរក្សា​ការ​ពារ​ព្រៃឈើ​ទាំង​អស់​គ្នា​ក្រោម​ពាក្យ​ស្លោក ប្រាសាទ​ និង​ព្រៃឈើ​គឺជា​ធនធាន​ទេស​ចរណ៍វ​ប្បធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ​ និង​ធម្ម​ជាតិ​»​។


​លោកឃូ អៀង​ហួត បាន​ថ្លែង​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ថា អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​គ្រប់​គ្រង​ព្រៃ​ឈើ ​និង​ដាំ​ស្តារ​ឡើ​ងវិញ​ ដើម្បី​ប្រែក្លា​យ​តំបន់​រេចរឹល​​ឱ្យ​មាន​គម្រប​ព្រៃ​ឡើង​វិញ រហូត​មក​ទល់​បច្ចុប្បន្ន​កូន​ឈើ​ជាង ៧៨​ ០០០​ ដើម ដែលមាន​៣៥​ប្រភេទ​ ត្រូវ​បាន​ដាំ​ស្តារ​ក្នុង​តំបន់​អភិរក្ស​នៃ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ​។

​លោក​ ឃូ អៀង​ហួត បាន​ឱ្យ​ដឹង​ថា​៖ «​ព្រៃ​ឈើ​បាន​ផ្តល់គុណ​តម្លៃ​ជាច្រើន​ដល់​មនុស្ស​ដូច​ជា ​អនុផ​ល​ដ៏​សម្បូរ​បែប​សម្រាប់​ទ្រ​ទ្រង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដល់​សហ​គមន៍​យើង ​ដូច​នេះ​ការ​ចូល​រួម​ថែរ​ក្សា ការពារ​ និង​ស្តារ​ព្រៃ​ឈើ​រេច​រឹល​ឡើង​វិញ​គឺ​ជា​កត្តា​ចាំ​បាច់​បំផុត​»​។


​ដោយ​ឡែក ​លោក ឈាង ពិសាល អនុ​ប្រធាន​នាយក​ដ្ឋាន​បរិ​ស្ថានព្រៃ​ឈើ ​និង​ទឹកក៏​បាន​ថ្លែង​ដែរថា ​ការ​ដាំ​ស្តារ​ព្រៃ​ឈើ​រេច​រឹល​ក្នុង​តំបន់​អភិ​រក្ស​នេះ​ទាម​ទារ​ការ​ចូល​រួម​ពី​មនុស្ស​គ្រប់​គ្នា ​ជា​ពិសេស​អ្នក​ជំនាន់​ក្រោយ ​ដើម្បី​បណ្ដុះ​សកម្ម​ភាព​ឱ្យ​ពួក​គាត់​មាន​ស្មា​រតី​ក្នុងការ​ការ​ពារ និង​ថែរក្សា​ធន​ធានធ​ម្មជាតិ​នៅ​តំបន់​អភិ​រក្ស​ទាំង​អស់​នេះ​។​

​លោក ​ឈាង ​ពិសាល ​បញ្ជាក់​ថា​៖ «​ប្អូនៗ​សិស្សានុ​សិស្ស​ បាន​មក​ចូល​រួម​ដាំ​ដើម​ឈើ​នា​ពេល​នេះ ​គឺ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ចូល​រួម​ការ​ពារ ​និង​ថែរក្សា​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ​ ដើម្បី​លើក​កម្ពស់​ដល់​តម្លៃ​លេច​ធ្លោ​ជាស​កល​ដល់​ប្រា​សាទ​ផង​ និង​ដើម្បី​លើក​កម្ពស់​ជីវ​ចម្រុះ​ផងដែ​រ​»​។​

ទាក់​ទិន​នឹង​រឿង​នេះ ​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចា​រ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ បា​នថ្លែង​ថា កា​រដាំ​កូន​ឈើ​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋា​ន​បេតិក​ភណ្ឌ​វប្បធម៌​ពិភ​ពលោក​ប្រាសា​ទព្រះវិ​ហារ វា​ជា​កិច្ច​ការ​មួយ​សំខាន់ ​និង​ជា​កិច្ច​ការ​ដែល​នាំ​មុខ​មួយ ខ​ណៈ​ដែល​ប្រទេស​កម្ពុជា​ មាន​ការ​ភ័យ​ព្រួយ​ថា​គ្មាន​គម្រប​បៃតង​។ ដូច្នេះ​កិច្ច​ការដាំ​ដើមឈើ​​នេះ ​គឺជា​រឿង​ល្អ​ក្នុង​ការប​ង្កើត​ការ​អប់​រំ ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជំនាន់ក្រោ​យ ឱ្យធ្វើ​សកម្ម​ភាព​ដាំ​ដើម​ឈើ​ទៅ​ជា​ទីជម្រក​បៃតង និង​នៅ​កន្លែង​តំបន់​អភិ​រក្ស ​ដើម្បី​ការពារ​ទឹកដី​របស់​កម្ពុជា​នៅ​តំបន់​បេតិក​ភណ្ឌ​វប្ប​ធម៌​ពិភព​លោក​។

​បើតាមលោក សំបូរ មា​ណ្ណា​រ៉ា ​បន្ទាប់​ពី​ការដាំ​ដើម​ឈើ​នេះ​រួច​ហើយ​ អ្នក​ពាក់​ព័ន្ធ​ក៏​គួរតែ​ថែរក្សា​ការពារ​ដើម​ឈើ​ទាំង​នោះ ពីព្រោះ​កន្លង​មក​លោក​មើល​ឃើញ​ថា ​ដើម​ឈើ​ដែល​ដាំ​រួច​ហើយ​ តែង​តែ​មិន​ទទួល​បាន​ការ​មើល​ថែទាំ ​រហូត​ដល់​ដើម​ឈើ​ទាំង​នោះ​ត្រូវ​បាន​ងាប់ ​ហេតុ​នេះ​លទ្ធ​ផល​ទទួល​បាន​ គឺ​ខាត​តែ​ពេល​វេលា​ ថវិកា កម្លាំង ​និង​សកម្ម​ភាព​ទាំង​អស់​នេះ​ប៉ុណ្ណោះ​។​

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹង​!​ខ្ញុំ​គិតថា​ ការដាំ​ដើម​ឈើ​និង​គិតគូរ​បែប​នេះ គឺ​ល្អ ក៏ប៉ុន្តែ​ក៏ត្រូវ​តែ​គិត​ពី​ការ​ថែទាំ ​និង​និរន្តរ​ភាព​នៃ​ការ​រស់​របស់​ដើម​ឈើ​ដែល​ដាំ​នេះ​ផង ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ដើមឈើ​នេះ​រស់​បាន​ល្អ ហើយ​ជាល​ម្អ​ពិត​ប្រា​កដ​នៃ​សេចក្ដី​ត្រូវ​ការ​របស់​យើង​»៕