ភ្នំពេញៈអ្នក​ប្រដាល់​ និង​ជា​គ្រូ​បង្វឹក​ជន​ជាតិ​ប្រេ​ស៊ី​ល Thiago Teixeira ដែ​លមាន​ឈ្មោះ​ខ្មែរ​ថា ​សែន ​ច័ន្ទ​ឫទ្ធី​គុន បាន​និង​កំពុង​ស្វែង​រក​ដៃគូ​សហ​ការ​ថ្មី ​ដើម្បី​បន្ត​អាជីព​របស់​ខ្លួន នៅ​លើ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជើង​ខ្លាំង​រូប​នេះ បាន​សម្រេច​ចែក​ផ្លូវ​ជា​មួយ​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​របស់​លោក ​ស្រី ​ចាន់​ថន​។​

​ការ​សម្រេច​ចាក​ចេញ​ពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ ​របស់សែន ច័ន្ទ​ឫទ្ធី​គុន ​ត្រូវ​បាន​សាមី​ខ្លួន​ទម្លាយ​ឱ្យដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​ដំណឹង​នេះបាន​ក្លាយ​ជា​រឿង​ដ៏​គួ​រឱ្យភ្ញាក់​ផ្អើល​បំផុត ​ព្រោះ​លោក ​ស្រី ​ចាន់ថន​ បាន​ក្លាយ​ជា​បុគ្គល​ដ៏​សំខាន់ ​ដែល​បាន​ទាក់​ទាញ ​Thiago និង​អ្នក​ស្រី ROMA MARIA ROZANSKA STEFFEN ដែល​ជា​ប្រពន្ធឱ្យ​មក​ចាប់​ចិត្ត​នឹង «​គុន​ខ្មែរ​» និង​ព្រម​ឡើង​ប្រកួត​តំណាង​ឱ្យ​ខ្មែរ​ បើ​ទោះបី​ជា​ពេល​នោះ ​Thiago មាន​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួននៅ​ប្រទេស​ថៃ​ក៏​ដោយ​។​

​បន្ទាប់​មក នៅ​ថ្ងៃទី​១​ ខែមេសា ឆ្នាំ​២០២៣ ​Thiago បាន​រក​ឃើញ​ជ័យ​ជម្នះ​យ៉ាង​សំខាន់​ ដោយ​រូបគេបាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ WMO សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន ​Apex Fight Series ប្រទេស​អាល្លឺ​ម៉ង់ ប៉ុន្តែ​ខ្សែ​ក្រវាត់​ WMO នោះ ត្រូវបា​ន​សមា​គម​ប្រដាល់ ​Muay Thai ពិភ​ពលោក​ដកយ​ក​ទៅ​វិញ ​ដោយ​បាន​ចោទ​ប្រកាន់ Thiago ថា មិន​ប្រកួត​តំណាង​ឱ្យ ​Muay Thai តែ​បែរជា​ទៅ​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ​ទៅ​វិញ ហើយ​ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ ​Thiago មាន​ការ​ខូច​ចិត្ត​ខ្លាំង​។​


​ជា​មួយ​ភាព​ឈឺចា​ប់ដែល​មិន​អាច​ទទួល​យក​បាន​ពី​ការ​មិន​ឱ្យ​តម្លៃ​របស់​សមា​គម​ប្រដាល់ ​Muay Thai ពិភ​ពលោក Thiago បានស​ម្រេច​ដើរចេ​ញ​ពី​ប្រដាល់ M​uay Thai ដែល​រូប​គេ​បាន​ហ្វឹក​ហាត់ និង​ប្រកួត​តាំង​ពី​អាយុ​១៦​ឆ្នាំ ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​គុន​ខ្មែរ​វិញ ​បន្ទាប់​ពី Thiago និង​ប្រពន្ធ​របស់​ខ្លួន​ទទួល​បាន​សញ្ជាតិ​ខ្មែរនៅ​ថ្ងៃ​ទី​១១​ ខែមេសា ឆ្នាំ​២០២៣ ដោយ​មាន​លោក ​ស្រី ចាន់​ថន ជា​អ្នក​ជួយ​ជ្រោម​ជ្រែងដោយ​ការ​ចុះ​កិច្ច​សន្យា​នាំ​យក​ Thiago ទៅ​កាន់​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​របស់​លោក​។

​ទោះជា​យ៉ាង​ណា​ ខណៈ​ការចាប់​ដៃគ្នា ដើម្បី​អភិវឌ្ឍនិង​ផ្សព្វ​ផ្សាយ​គុន​ខ្មែរ ទៅកា​ន់​ឆាក​អន្តរជាតិ​របស់​លោក ចាន់​ថន និង Thiago មិន​ទាន់​ទាំង​បាន​ចេញ​ជា​រូប​រាង​ច្បាស់​ផង​ ក៏​ស្រាប់​តែ Thiago ទម្លាយ​ពី​ការ​ចែក​ផ្លូវ​គ្នា ដោយ​រូប​គេបាន​អះ​អាង​ថា ករណី​នេះ​ធ្វើ​ឡើង​ជាង​១​ខែ​មក​ហើយ​។


Thiago បាន​សរសេរ​បង្ហោះ​ នៅ​លើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ កា​លពី​ថ្ងៃទី​២៦​ ខែ​កក្កដា​ ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​អ្នក​រាល់គ្នា​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ហើយ ​គឺ​តាម​ពិត​ខ្ញុំ​ចាក​ចេញ​ជាង​មួយ​ខែ​មុន​។ ខ្ញុំ​ជឿថា វា​ដល់​ពេល​ហើយ​ ដើម្បី​ស្វែង​រក​ឱកាស​ថ្មីៗ និង​ស្វែងរក​បញ្ហា​ប្រឈម​ថ្មីៗ នៅ​កន្លែង​ផ្សេង​។ បច្ចុប្បន្ន​នេះ ​ខ្ញុំ​បើក​ចំហ​ ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​ថ្មី ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​​យ៉ាង​អន្ទះ​សា​ក្នុង​ការ​ស្វែង​រក​គម្រោង និង​បុគ្គល​ផ្សេង​ទៀត ​ដែល​ខ្ញុំ​អាច​សហ​ការ​ជា​មួយ ​ដើម្បី​ឱ្យ​សិល្បៈ​ក្បាច់​គុន​របស់​យើង​រីក​ចម្រើន​!»​។​

​ចំណែក​ភាគី​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ (Kun Khmer International Fighters) នៅ​មិន​ទាន់​បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវការ​ជាមួយ Thiago ជា​ផ្លូវ​ការ​នៅ​ឡើយ​​ទេ ហើ​យ​ថ្មីៗ​នេះ ក្លិប​មួយ​នេះ ក៏​ទើប​ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​នាំយក​កីឡា​ករ​ សុខ ធី មក​ប្រទេស​ថៃ ដើម្បី​ចូល​រួម​ផង​ដែរ​។

​ទោះ​បីជា​យ៉ាង​ណា ស​ម្រាប់​អ្នកគាំ​ទ្រ​វិស័យ​កីឡាប្រ​ដាល់​នៅ​កម្ពុជា បា​នកើត​ចិត្ត​អាណិត​ដល់ Thiago ដែល​ស៊ូ​បោះ​បង់​ក្លិប​ប្រដាល់​របស់​ខ្លួន​ នៅ​ប្រទេស​ថៃ ​ដើម្បី​មក​ចាប់​អាជីព​ប្រដាល់​នៅ​លើ​ទឹកដី​កម្ពុជា ​ទៅ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​ ក៏​ព្រោះតែ​ Thiago ចង់​រួម​ចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ក្បាច់​គុន​បុរាណ ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មួយ​នេះ ​ឱ្យ​កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង ​។​ជា​មួយ​គ្នានេះ ​Thiago និង​ប្រពន្ធ​ ក៏បាន​ចាត់​ទុក​កម្ពុជា ជា​ផ្ទះ​របស់​ពួក​គេ​ផង​ដែរ ដោយ​ពេល​នេះ​អ្នក​ទាំង​២ កំពុង​រៀន​ភាសា​ខ្មែរ​។​

​លោក​គ្រូ​ ស៊ន អេ​លី​ត ស្ថា​បនិក​កម្មវិធីគុន​ខ្មែរ​អ​ល​ស្តារ ​ដែល​ទើប​តែ​នាំយក​ព្រឹត្តិ​ការណ៍​នេះ​ទៅ​រៀបចំ​នៅ​ប្រទេស​បារាំង​នោះ ​ក៏បាន​បង្ហាញ​អារម្មណ៍​អាណិត​ដល់​ Thiago ផងដែ​រ​។ លោក​បាន​ចែក​រំលែក ពី​ការ​ប្រកាស​ដំណឹង​របស់ ​Thiago រួច​បាន​សរសេរ​បង្ហោះ​បន្ត​បែប​នេះ​ថា​៖«​សម្រាប់​ខ្ញុំ មិន​ចង់​និយាយ​ច្រើន​ទេ ​គ្រាន់​តែមា​ន​អារម្មណ៍​ថា ​អាណិត​គាត់​ខ្លាំង​ណាស់ ​ហើយ​ក៏​សង្ឃឹម​ថា ​គាត់​នឹង​អាច​រក​ទ្រនំ​ថ្មី​ល្អ សម្រាប់​គាត់​ទៅ​ចុះ​»​។​

​ជា​មួយ​គ្នានេះ​ គ្រូបង្វឹក​ជម្រើសជា​តិ សេន ប៊ុន​ថេ​ន ដែល​មាន​ក្លិប​ផ្ទាល់​ខ្លួន​ដែរ​នោះ ​បាន​បង្ហោះ​សារ​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​មួយ​ទៅ​កាន់ Thiago បែបនេះ​ដែរ​ថា​៖ «​រិទ្ធី​គុន​ អ្នក​ត្រូវ​ចាំ ចាប់​តាំង​ពី​អ្នក​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ​ខ្ញុំ​មិន​បាន​ទុក​អ្នកជា​មិត្ត​ខ្ញុំ​ទេ ​តែ​ខ្ញុំ​បាន​ចាត់​ទុក​អ្ន​កជា​គ្រួសារ​របស់​ខ្ញុំ​បាត់​ទៅ​ហើយ​... កុំ​គិត​ច្រើន​! តោះ​យើង​កាន់​ដៃ​គ្នា​ដើរ​បន្ត​ទៀត​»៕