ខេត្តស្ទឹងត្រែងៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៣០ នាក់​ ទទួល​ការបណ្តុះបណ្តាល​តម្រង់ទិស​រយៈពេល ២ ថ្ងៃ​ស្តីពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ការគ្រប់គ្រង​ធនធាន​ធម្មជាតិ «​ទោស​ប្បញ្ញត្តិ​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ»។​


វគ្គ​បណ្តុះបណ្តាល​នេះ​បានចាប់ផ្តើម​នា​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែកក្កដា​នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ដែល​ដឹកនាំ​ដោយ លោក ស្រេង ជាហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​ស៊ូ សុន្ទរ៉ា អនុប្រធាន​នាយកដ្ឋាន អធិការកិច្ច និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៃ​អគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន និង​ជា​គ្រូឧទ្ទេស។ នេះ​បើ​យោងតាម​មន្ទីរ​បរិស្ថាន ខេត្ត​ស្ទឹងត្រែង។

គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល គឺ ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​បណ្តុះបណ្តាល​ដោយ​គម្រោង SNRM ដើម្បី​ផ្សព្វផ្សាយ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដល់​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អាច​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​របស់ខ្លួន​ប្រកបដោយ​និរន្តរភាព។​


សិក្ខាកាម​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៣០​នាក់​នោះ​គឺ​មកពី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​សៀមប៉ាង តំបន់​រ៉ាមសារ ឧទ្យានជាតិ​វីរៈជ័យ ឧទ្យានជាតិ​វើនសៃ សៀមប៉ាង។ វគ្គ​បណ្តុះបណ្តាល​នេះ​មានការ សហការ​គាំទ្រ​ដោយ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ (SNRM_JICA)៕