តាកែវៈ លោក អ៊ូច ភា អភិបាល​ ខេត្តតាកែវ ​បាន​លើកឡើង​ថា ការប្រើប្រាស់​គណនេយ្យភាព​សង្គម អាច​បង្កើន​ប្រសិទ្ធភាព​សង្គម ធ្វើឱ្យ​សេវាសា​ធារណៈ​បម្រើ​ដល់​ប្រជាពលរដ្ឋ​បានកាន់តែ​ប្រសើរ និងបង្កើន​ការផ្ដល់​ភាពអង់អាច​ដល់​ប្រជាពលរដ្ឋ​របស់​យើងបាន​ផងដែរ។


ការលើកឡើង​នេះត្រូវ​បានធ្វើ​ឡើងក្នុង​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង ស្ដីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅ​ការងារ​បន្ត។ នេះបើយោង​តាម​ក្រសួង​មហាផ្ទៃ​នាថ្ងៃទី២៨ ខែកក្កដា​នេះ។

លោកអភិបាល​ខេត្ត​បានបញ្ជាក់​បន្ថែម​ថា គណនេយ្យភាព​សង្គម គឺជា​កិច្ចដំណើរ​ការកំណែ​ទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ ដែលមាន​គោលបំណង ដើម្បី​ផ្តល់នូវ​សិទ្ធិអំណាច​ដល់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ក្នុងការចូលរួម​ពង្រឹង​ការចាត់ចែង ការប្រើប្រាស់​ថវិកា និងការផ្តល់​សេវាសា​ធារណៈ​នៅមូលដ្ឋាន តាមរយៈ​ការលើកកម្ពស់​នូវភាព​ងាយ​ទទួល​បាន​ព័ត៌មាន និង​ការចូលរួម​ពិនិត្យ​តាមដាន​លើការងារ​ថវិកា និងការបំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។


លើសពី​នោះ គណនេយ្យភាព​សង្គម​បានផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និងតំណាង​របស់​ខ្លួន​អាចការពារ​នូវ​ផលប្រយោជន៍​របស់​ខ្លួន និងពិនិត្យ​តាមដាន​លើការបំពេញ​ការងារ​របស់​ក្រុមប្រឹក្សា មន្ត្រី​រដ្ឋបាល និងអ្នកផ្តល់​សេវាកម្ម​នានា​ដែលជា​អ្នកអនុវត្ត​សេចក្តី​សម្រេចចិត្ត​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​បទ​ប្បញ្ញត្តិ ធនធាន និងការផ្តល់​សេវាកម្ម​នៅមូលដ្ឋាន​ផងដែរ។

យោងតាម​លេខាធិការដ្ឋាន​នៃគណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ (គ.ជ.អ. ប NCDDS) បានឱ្យដឹង​ថា ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​បាន​អនុម័ត​ដោយ គ.ជ.អ.ប.បានដាក់​ចេញ​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន ៥ ដើម្បី​សម្រេចបាន​គោលបំណង​រួមគឺ​លើក​កម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ពង្រឹង​គុណភាព ប្រសិទ្ធភាព នៃការ​ផ្តល់​សេវា និងការអភិវឌ្ឍ​មូលដ្ឋាន។


យុទ្ធសាស្ត្រ​ចំនួន​ ៥ ទាំងនេះ​មានដូចជា៖ យុទ្ធសាស្ត្រ​ទី១ ព័ត៌មាន យុទ្ធសាស្ត្រ​ទី២ ការត្រួត​ពិនិត្យ​តាមដាន យុទ្ធសាស្ត្រ​ទី៣ ការងារ​ថវិកា យុទ្ធសាស្ត្រ​ទី៤ ការសម្របសម្រួល​ការចូលរួម និង​យុទ្ធសាស្ត្រ​ទី៥ គឺ ការសិក្សា​រៀនសូត្រ​និង​ស្វែងយល់។

គ.ជ.អ.ប គឺជាយន្តការ​អន្តរក្រសួង​សម្រាប់​ការលើកកម្ពស់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​តាមរយៈ​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា៕​