ភ្នំពេញៈ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មន្ទីរកសិកម្មទូទាំង ២៥ រាជធានី-ខេត្ត បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកសិករដើម្បីជួយដល់កសិករក្នុងការផ្តល់បច្ចេកទេសនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ដំណាំនានា ដោយសារបាតុភូត El Nino (គ្រោះរាំងស្ងួតអូសបន្លាយ)។
កញ្ញា អ៊ឹម រចនា ថ្លែងកាលពីថ្ងៃទី ២៦ ខែកក្កដាថា ក្រសួងបានដឹងពីបាតុភូត El Nino នេះតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដោយធ្លាប់បានចេញសេចក្តីជូនដំណឹងដល់ប្រជាកសិករ ឱ្យបានដឹងពីបាតុភូតនេះ ដើម្បីត្រៀមខ្លួនក្នុងការទប់ទល់ និងថែទាំដំណាំ ក្នុងពេលដែលកម្ពុជាត្រូវរងឥទ្ធិពលពីបាតុភូត El Nino នេះ។
កញ្ញាបញ្ជាក់ថា៖ «បាតុភូត El Nino នឹងត្រូវជះឥទ្ធិពលអាក្រក់ដល់ដំណាំគ្រប់ប្រភេទ ដោយមិនអាចចៀសបានទេ ប៉ុន្តែទន្ទឹមនឹងនោះ ក្រសួងកសិកម្មនៅតែបន្តធ្វើការជាមួយកសិករ ដែលត្រូវការជំនួយបច្ចេកទេស ដោយក្រសួងមានមន្ត្រីជំនាញកសិកម្ម សម្រាប់ផ្តល់យោបល់លើការបង្ការ និងទប់ស្កាត់ផលប៉ះពាល់ទាំងនោះ»។
ចំពោះបាតុភូត El Nino អាចនឹងបង្កឱ្យមានកត្តាសត្វល្អិតចង្រៃបំផ្លាញដំណាំ ដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើល និងពីងពាង ក្រហមជាដើមដែលជាសត្វល្អិតបំផ្លាញដំណាំរបស់កសិករ។ អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា កសិករអាចទិញថ្នាំសម្លាប់សត្វល្អិតណាដែលស័ក្តិសមនឹងប្រភេទសត្វល្អិត ខណៈថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជីថ្នាំកសិកម្ម មានការធ្លាក់ថ្លៃបន្តិចហើយ នៅក្នុងរយៈពេលចុងក្រោយនេះ។
កញ្ញា អ៊ឹម រចនា បន្ថែមថា៖ «នៅពេលដែលដំណាំរបស់ប្រជាកសិករយើង រងការរំខានដោយសមាសធាតុចង្រៃ ការធ្លាក់ថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម អាចជួយកាត់បន្ថយការចំណាយរបស់កសិករមួយកម្រិតផងដែរ។ ការប្រែប្រួលអាកាសធាតុនេះ វាអាចប៉ះពាល់ទាំងដំណាំ និងទិន្នផលរបស់ដំណាំ ប៉ុន្តែយើងមិនទាន់អាចសន្និដ្ឋានបានថា វាអាចធ្វើឱ្យធ្លាក់ចុះទិន្នផលកសិកម្មក្នុងកម្រិតណាទេខណៈបាតុភូតនេះនឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ណាខ្លះក៏មិនអាចព្យាករបានដែរ»។
បើទោះបីជា ស្វាយចន្ទី ជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុក្តៅយ៉ាងណាក៏ដោយ តែសមាគមស្វាយចន្ទីកម្ពុជា នៅតែមានការព្រួយបារម្ភ ពីឥទ្ធិពលនៃបាតុភូត El Nino នេះ ថា នឹងបង្កឱ្យមានភាពក្ដៅស្ងួតអូសបន្លាយ ខ្វះទឹក ក្នុងដីគ្មានសំណើម ដើម្បីជួយរុក្ខជាតិឱ្យលូតលាស់ល្អ និងបង្កឱ្យមានកត្តាចង្រៃបំផ្លាញស្វាយចន្ទីដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើល និងពីងពាងក្រហម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាក៏បានប្រាប់ឱ្យដឹងដែរថា សមាគមបានជូនដំណឹងរួចហើយដល់សមាជិកជាកសិករស្វាយចន្ទីឱ្យត្រៀមបង្ការចំពោះ បាតុភូត El Nino ដែលមានឥទ្ធិពលមកលើតំបន់ចាប់ពីខែតុលា ២០២៣ ដល់ខែមិថុនា ២០២៤ ខាងមុខ។
សមាគមស្វាយចន្ទីកម្ពុជា បានផ្តល់ដំណោះស្រាយមួយចំនួនដូចជាត្រូវតែងមែកចន្ទីឱ្យសមល្មម ដើម្បីឱ្យដើមអាចចែកទឹកដល់គ្រប់ជ្រុងជ្រោយ,ដាក់ជីនៅគល់ចន្ទីឱ្យសមាមាត្រនឹងដើម ដើម្បីផ្ដល់កម្លាំង និងសន្សំថាមពលដើមស្វាយចន្ទីឱ្យបានយូរ។
លោកបន្តថា ប្រើវិធីសាស្ត្រមួយត្រួយចេញផ្កា ដូចជាប្រើវិធីជម្រុះស្លឹកសម្រាប់ចន្ទីអាយុលើសពី ៧ ឆ្នាំ ជាដើម ធ្វើឱ្យបាននៅចុងខែតុលា ២០២៣ និងត្រូវរៀនស្គាល់ និងប្រើថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមធាតុសកម្ម និងមុខសញ្ញាសត្វល្អិត បំផ្លាញ ចៀសវាងភាពស៊ាំដល់សត្វល្អិត និងការចំណាយច្រើនឥតប្រយោជន៍។
លោក អួន ស៊ីឡុត បន្ថែមថា ថ្វីដ្បិតតែដំណោះស្រាយនេះមិនអាចជួយបាន ១០០ ភាគរយមែន តែយ៉ាងហោចក៏អាចជួយ ៥០ ភាគរយដែរដល់អ្នកដាំដុះស្វាយចន្ទីដែរ។ បែបនេះក្តី លោកថា មិនទាន់អាចសន្និដ្ឋានពីទំហំនៃផលប៉ះពាល់នៅឡើយទេ ប៉ុន្តែការត្រៀមខ្លួនទុកជាមុន គឺជារឿងចាំបាច់ដែលកសិករត្រូវធ្វើ។
លោកថា៖ «យើងមានតែត្រៀមខ្លួនឱ្យហើយដើម្បីកាត់បន្ថយផលប៉ះពាល់ពីបាតុភូតនេះដែលធ្វើយ៉ាងណាឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះតិចតួចបំផុតត្រឹមតែ ១០ ភាគរយ។ ហេតុដូច្នេះហើយទើបនៅខែសីហាខាងមុខនេះ យើងនឹងអញ្ជើញប្រធានសមាគមស្វាយចន្ទីនៅតាមខេត្តនានាមកពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយលើបញ្ហានេះ»៕