​ភ្នំពេញៈ ក្នុង​រយៈពេល ​៦ ​ខែ ឆ្នាំ ​២០២៣​ នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យាបាល​កុមារ​សរុប​ប្រមាណ​ ៥០ ​ម៉ឺន​នាក់ ​ដែល​ក្នុងនោះ​កុមារ​ឈឺ​ធ្ងន់ៗ​ប្រមាណ ៩​ ម៉ឺន​នាក់ ត្រូវបាន​ទទួល​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដែល​ចំនួន​នៃ​ការ​សម្រាក​ព្យា​បាល​នេះ​មានការ​កើនឡើង​ជាង​ ១០០ ​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​សង្ខេប សកម្មភាព​ការងារ​ក្នុង​រយៈពេល​ ៦​ ខែ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


​របាយការណ៍​បន្តថា ក្នុងចំណោម​កុមារ​ ៥០ ​ម៉ឺន​នាក់​នោះ​មាន​កុមារ​ឈឺ​ចំនួន ៣៩២ ០៣៤​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​កើន ​៥២% ច្រើនជាង​ឆ្នាំ​ ២០២២​។ ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ៨៨ ៩៣០​ នាក់​ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ កើន​ ១០៨% ច្រើនជាង​ឆ្នាំ ​២០២២ ​ក្នុងនោះដែរ​មាន​កុមារ​ចំនួន​ ១ ៣២៦​ នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​របាយការណ៍​បន្ថែមថា​៖ «​ក្រៅពីនេះ មាន​កុមារ​ចំនួន ១២ ៧៤៧ ​នាក់​​ បានទទួល​ការវះកាត់​ហើយ​ក្នុងនោះ វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃ​​ឈាម នៅ​គន្ធបុប្ផា​សៀមរាប និង​ភ្នំពេញ​បាន​ចំនួន ​៤៥៧​ នាក់​»​។​


​ជុំវិញ​ករណីនេះ លោក​ គី សង់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំ​ពេញ ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២៧ ខែកក្កដា​ថា ក្នុងចំណោម​កុមារ​ដែល​មក​ទទួល​ការព្យាបាល និង​ពិគ្រោះ​យោបល់​ទាំងនោះ កុមារ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម ទារក​កើត​មិន​គ្រប់​ខែ និង​កើតមក​មិន​ប្រក្រតី ជំងឺឆ្លង​ផ្សេងៗ​ប្រចាំ​រដូវ ជំងឺ​វះកាត់​ផ្សេងៗ​ជំងឺគ្រុនឈាម​ជំងឺ​រលាក​ខួរ និង​ស្រោម​ខួរក្បាល​ជំងឺ​បេះដូង​ពី​កំណើត គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សេងៗ​។​

​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ យក​ចិត្ត​ទុកដាក់​ថែរក្សា​កូនចៅ​ដោយ​ត្រូវ​រស់នៅ​ស្អាត និង​មាន​អនាម័យ​ និង​ចូលរួម​ទាំងអស់គ្នា ពិសេស​លុបបំបាត់​ជម្រក​មូស​ខ្លា​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​។ លោក​ថា​៖«​អាណាព្យាបាល ត្រូវ​ស្វែង​រក​ការពិគ្រោះ​ព្យាបាល​ជំងឺ ជាមួយ​គ្រូពេទ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ពេល​កូនចៅ​មាន​ជំងឺ​តម្កាត់​។ កុំ​ស្វែង​​រក​ទិញ​ថ្នាំ​ព្យាបាល​កូនចៅ​ដោយ​ខ្លួនឯង តែ​ត្រូវ​ស្វែងរក​ការព្យាបាល​មួយ​ត្រឹមត្រូវ នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ជាដើម​»​។


​បើតាម​របាយការណ៍ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធបុប្ផា​ទី​៣) មាន​គ្រែ​អ្នកជំងឺ​ប្រមាណ ​២ ២០០ ​គ្រែ ដោយ​ក្នុង ​១ ​ថ្ងៃ​ មាន​កុមារ​ជា​មធ្យម​ប្រមាណ​ជាង​ ៣ ០០០ ​នាក់ មក​ពិគ្រោះ​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុងនោះ​នៅ​ភ្នំ​ពេញ​ប្រមាណ​ ២ ០០០​ នាក់ សៀមរាប​ប្រមាណ​ ១ ២០០​ នាក់​។

​ក្នុង​ ១ ​ថ្ងៃ មាន​កុមារ ដែលមាន​ជំងឺ​ធ្ងន់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ​៥០០​ នាក់ ហើយ​ជា​រៀងរាល់ថ្ងៃ មាន​កុមារ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ជា​មធ្យម​ ២ ០០០​ នាក់ ក្នុងនោះ​កុមារ​ប្រមាណ ​៥០០ ​នាក់ ត្រូវបាន​សម្រាក​ផ្នែក​សង្គ្រោះ​បន្ទាន់​។

របាយការណ៍​បញ្ជាក់ទៀតថា ក្នុង ​១ ​ថ្ងៃ មាន​កុមារ​ចំ​នួន​ប្រមាណ ៨០ ​នាក់ ត្រូវ​បានទទួល​ការវះកាត់ ក្នុងនោះ​កុមារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ៗ វះ​កាត់​ជំងឺ​សួត វះកាត់​ប្រព័ន្ធ​រំលាយ​​អាហារ វះកាត់​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល វះកាត់​កែតម្រូវ​ផ្នែក​ទារក​កើតមក​មិន​ប្រក្រតី និង​វះកាត់​បេះដូង​។ រីឯ​ជំងឺ​កុមារ​ទូទៅ​មាន​៦០% ជា​ជំងឺឆ្លង​បង្កឡើង​ដោយ​ពួក​បាក់តេរី និង​វីរុស​ផ្សេងៗ​។

​របាយការណ៍​ថា​៖ «​ក្នុង​រដូវវស្សា ធ្លាក់ភ្លៀង​ច្រើន ករណី​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​រលាក​ប្រព័ន្ធ​ផ្លូវដង្ហើម​ពិសេស​ជំងឺ​រលាក​សួត​លើ​កុមារ​តូចៗ​អាចមាន​ហានិភ័យ​គំរាមកំហែង​ដល់​អាយុជីវិត​កុមារ​»៕