ភ្នំពេញៈ សាលា​ជំនាន់​ថ្មី​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​បង្កើតជា​គោលនយោបាយ​តាំងពី​ឆ្នាំ ​២០១៦ ​មកហើយ​រហូតទល់​ប​ច្ចុ​ប្បន្ន​មាន ១១​ សាលា​នៅ​រាជធានី​-​ខេត្ត​។ ជាទូទៅ​សិស្ស​ដែល​បាន​សិក្សា​នៅ​សាលា​ជំនាន់​ថ្មី បើ​ទោះ​ជា​សាលា​រដ្ឋ​ក្តី តែមាន​លក្ខខណ្ឌ​បង់ថ្លៃ​សិក្សា​រៀន​ទាំង​ព្រឹកល្ងាច និង​មាន​បន្ទប់ពិសោធន៍​ជាក់ស្តែង​តែម្តង​។​


​លោក​ ឆុំ សុភ​ក្តិ នាយក​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រែកលៀប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​សិស្ស​ដែល​ចូលរៀន​នៅ​សាលា​ជំនាន់​ថ្មី​នេះ​មាន​ចាប់ពី​ថ្នាក់​ទី ​៧ ដល់​ថ្នាក់​ទី​ ១២ ហើយ​សាលា​តម្រូវឱ្យ​រៀន​ទាំង​ព្រឹកល្ងាច និង​មាន​បន្ទប់ពិសោធន៍​ជាក់ស្តែង​។ សម្រាប់​គោលនយោបាយ​របស់​កម្ម​វិធី​សាលា​រៀន​ជំនាន់​ថ្មី​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អ្នកគាំទ្រ​។ ការដាក់​កម្មវិធី​នេះ​គឺ​ដើម្បីឱ្យ​សាលា​បង្ហាញ​ពី​លទ្ធផល​ឬក៏​គុណ​ភាព​បង្រៀន​ដល់​សហគមន៍​ឱ្យមើល​ឃើញ​ពី​គុណ​តម្លៃ​នៃ​ការបង្រៀន​។​

​លោក​បាន​បន្តថា ចំពោះ​សិស្ស​រៀន​នៅ​សាលា​ជំនាន់​ថ្មី​គឺ​ក្នុង​បន្ទប់​នីមួយៗ​មានកំណត់​ចំនួន​សិស្ស​ដែល​មិនអាច​ផ្ទុក​សិស្ស​ដូច​សាលា​ទូទៅ​ទេ​ពោល គឺ​ក្នុង​ ១​ ថ្នាក់​ដាក់​សិស្ស​តែ​ចន្លោះ​ពី​ ៣២​ ទៅ​ ៣៦ ​នាក់​ប៉ុណ្ណោះ​។ អ៊ីចឹង​ក្នុង​ ១ ​ឆ្នាំៗ​សាលា​ជំនាន់​ថ្មី​ព្រែកលៀប​មាន​ចំនួន​កំណត់​។ ដូច្នេះ​ប្រសិនបើ​សិស្ស​ដាក់ពាក្យ​ចូលរៀន​លើស​កំណត់​របស់​សាលា​គឺ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ដើម្បី​បំពេញតម្រូវការ​សាលា​តែ​ប៉ុណ្ណឹង​។​


​លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​យើង​មិនបាន​ផ្តោត​ថា​គាត់​ពូកែ​ឬ​មិន​ពូកែ​ទេ​។​តែ​យ៉ាងហោចណាស់​យើង​បានដឹង​ពី​សមត្ថភាព​របស់​ពួកគាត់​ម្នាក់ៗ​ដែរ​។​អ៊ីចឹង​ត្រូវតែ​មានការ​ធ្វើតេស្ត​ដូចគ្នា​»​។​

​បើតាម​លោកនាយក​សាលា ចំពោះ​សិស្ស​តម្រូវឱ្យ​គាត់​រៀន​ពេញ​ម៉ោង​ទាំង​ព្រឹក និង​ល្ងាច ហើយ​មិន​តម្រូវឱ្យ​រៀន​គួរ​បន្ថែម​ទេ តែមាន​ការបង្រៀន​បំប៉ន​។ ក្នុងករណី​សិស្ស​រៀន​ខ្សោយ​លើ​មុខវិជ្ជា​ណាមួយ​គឺ​ត្រូវតែ​បង្រៀន​បំប៉ន ជាពិសេស​មុខវិជ្ជា​ខ្មែរ និង​គណិតវិទ្យា​ដែលជា​មូលដ្ឋានគ្រឹះ​។ បញ្ហា​នេះ​បើ​លោកគ្រូ អ្នកគ្រូ​ពិនិត្យឃើញថា សិស្ស​ខ្វះខាត​លើ​មុខវិជ្ជា​ណាមួយ​ទើប​គាត់​បង្រៀន​បំប៉ន​លើ​មុខវិជ្ជា​នោះ​។​


​លោក​បានឱ្យដឹងថា ជាទូទៅ​នៅក្នុង​សាលា​ជំនាន់​ថ្មី​គឺ​ឌី​ហ្សា​ញ​ចេញមក​គឺជា​បន្ទប់​មុខវិជ្ជា​តែម្តង​។ អ៊ីចឹង​សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ដែលជា​មុខវិជ្ជា​ពិ​សោធន៍​ត្រូវ​រៀបចំ​ជា​ប្រភេទ​[​ឡា​បូ​]​តែម្តង ហើយ​សម្ភារ​ឧបករណ៍​ត្រូវបាន​បំពាក់​ទៅតាម​មុខវិជ្ជា​នីមួយៗ​ដើម្បី​បំពេញ​តាម​តម្រូវការ​ស្រាវជ្រាវ​រប​ស់សិ​ស្ស​។​

​លោក​បាន​បន្ថែមថា សម្រាប់​កម្មវិធី​រយៈពេល​ ៣ ​ឆ្នាំ​ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាំទ្រ គឺ​ដើម្បីឱ្យ​សាលា​នីមួយៗ​បង្ហាញ​អំពី​លទ្ធផល​ឬក៏​គុណ​ភាព​របស់​សាលា​ទៅដល់​សហគមន៍​។​បន្ទាប់មក​មានការ​វាយតម្លៃ​ពី​អនុគណៈ​កម្ម​ការ​នៃ​ក្រុមប្រឹក្សាភិបាល​ថ្នាក់ជាតិ​ហើយ​ប្រសិនបើ​វាយតម្លៃ​ជាប់​គឺ​សាលា​អាច​ស្វយ័ត​ដោយ​ខ្លួនឯង ហើយ​សាលា​ត្រូវ​ការរក​ប្រភព​ថវិកា​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​កម្មវិធី​។ ក្នុងនោះ​ក៏បាន​ចែង​ឱ្យ​អាណាព្យាបាល​សិស្ស​មាន​កាតព្វកិច្ច​ចូលរួមចំណែក​ជា​ថវិកា​ភាគទាន​សម្រាប់​គាំទ្រ​ដំណើរការ​ហ្នឹង​ដែរ​។

​ចំពោះ​លោកគ្រូ​​អ្នកគ្រូ​វិញ​ក្នុង​គោលនយោបាយ គោលការណ៍​ប្រតិ​ប​ត្តិ​ គឺ​គាត់​មាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​លើ​ថវិការដ្ឋ ដែល​នេះ​ជាការ​លើកទឹកចិត្ត​សម្រាប់​គាត់​។​លោក​សង្កត់ធ្ងន់ថា​៖ «​សម្រាប់​នៅ​សាលា​ខ្ញុំ ក្នុង​ ១​ ឆ្នាំ អាណាព្យាបាល​រួម​ភាគទាន ២៦០​ ដុល្លារ​។ តែបើ​សិស្ស​មាន​បញ្ហា​ជីវភាព ហើយ​មាន​ការស្នើ​សុំ​គោលការណ៍ អាហ្នឹង​អាណាព្យាបាល​ត្រូវ​មកជួប​ខាង​គណៈកម្មការ​គ្រប់​គ្រង​សាលារៀន​ដើម្បី​ជជែក​គ្នា​»​។​

​ពាក់ព័ន្ធ​នឹង​ការបង្កើត​សាលា​ជំនាន់​ថ្មី​នេះ​លោក​មាន​មោទនភាព​ណាស់ ព្រោះ​វា​ជា​កំណែទម្រង់​ថ្មី​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយក៏​ស្ថិតក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដូចគ្នា​។ បើទោះបីជា​វា​រាង​ហត់​ឬ​ពិបាក​បន្តិច​សម្រាប់​លោក​គ្រូ អ្នកគ្រូ​ក្តី តែ​សម្រាប់​ពួកលោក​សប្បាយ​ចិត្តនឹង​ធ្វើ ដោយសារតែ​គ្រូៗ​រួមទាំង​លោក​បានដាក់​គោលដៅ​គឺ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​បាន​ឆ្លើយតប​ជាមួយ​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក​បាន​ឱ្យដឹងទៀតថា ពេលនេះ​សិស្ស​នៅក្នុង​សាលា​ជំនាន់​ថ្មី​របស់លោក​អាចមាន​សមត្ថភាព​ក្នុង​ការចូល​រួម​ប្រកួតប្រជែង​មិន​ថា​នៅក្នុង​ប្រទេស​ឬក៏​អន្តរជាតិ​ទេ​។ អ៊ីចឹង​អ្វីដែល​លោក​សប្បាយចិត្ត​គឺ​សិស្ស​មាន​សមត្ថ​ភាព​អាច​ប្រកួត​ជាមួយ​គេ​បាន​។​

​ម្យ៉ាងទៀត​គឺ​សាលា​បានរួម​ចំណែក​ក្នុងការ​ផ្តល់​បំ​ណិ​ន​ផ្សេងៗ​សម្រាប់​សិស្ស​ក្នុង​សតវត្សរ៍​ទី២១ សម្រាប់​ជា​ទុន​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ អ៊ីចឹង​សិស្ស​គ្មាន​បញ្ហា​នៅក្នុង​ការ​ប្រឈម ឬ​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទេ​។ ជា​លទ្ធផល​សិស្សសាលា​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រែកលៀប កន្លងមក​ទទួលបាន​មេ​ដាយ​មាស មេដាយប្រាក់ មេដាយ​សំរឹទ្ធិ និង​បណ្ណ​សរសើរ​ទៀតផង​ពី​ក្នុងការ​ប្រកួតប្រជែង​ទាំង​ក្នុង និង​នៅក្រៅ​ប្រទេស​។​

​ពាក់ព័ន្ធ​នឹង​សាលា​ជំនាន់​ថ្មី​នេះដែរ លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​សាលារៀន​ចំនួន​ ១១ កំពុង​ដាក់ឱ្យអនុវត្ត​កម្មវិធីសិក្សា​សា​លា​រៀន​ជំនាន់​ថ្មី​រួមមាន​ទី​១-​សាលា​បឋមសិក្សា​អនុវត្ត​ហ៊ុន សែន ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​, ទី​២-​សា​លា​បឋមសិក្សា​ស្វាយ​ព្រហូត ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​,​ ទី​៣-​សាលាបឋមសិក្សា​អង្គរ​បាន ស្រុក​កង​មាស ខេត្តកំពង់ចាម​,​ ទី​៤-​សាលា​បឋម​​សិក្សា​សម្តេច​ព្រះរាជអគ្គមហេសី​​នរោត្តម មុនីនាថ សីហនុ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​,​ ទី​៥-​វិទ្យាល័យ​ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម​,​ ទី​៦-​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​,​ ទី​៧-​វិទ្យាល័យ​ហ៊ុន សែន ព្រែកលៀប រាជធានី​ភ្នំពេញ​,​ ទី​៨-​វិទ្យាល័យ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ព្រែក​អញ្ចាញ ខេត្តកណ្តាល​,​ ទី​៩-​អនុ​​វិទ្យាល័យ​គោក​ព្រីង ខេត្តស្វាយរៀង​,​ ទី​១០-​វិទ្យាល័យ​ហ៊ុន សែន ពាម​ជី​កង ខេត្តកំពង់ចាម និង​ទី​១១- វិទ្យា​​ល័យ ព្រះ​យុគន្ធ រាជធានី​ភ្នំពេញ E2 STEM​។ ក្រៅពីនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជ​​ធានី​ភ្នំពេញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​ធ្វើឱ្យ​ប្រព័ន្ធ​អប់រំ​មាន​ប្រសិទ្ធភាព និង​សមធម៌​សង្គម​ក្នុង​ដំណើរការ​បង្រៀន​និង​រៀន​ដោយមាន​ប្រព័ន្ធ​បែងចែក​ធនធាន​ឱ្យ​សមស្រប​សំដៅ​លើកកម្ពស់​សេវា​អប់រំ​។ កែលម្អ​ស្តង់ដា​បង្រៀន​តាមរយៈ​វិធីសាស្ត្រ​ថ្មីៗ​ដែល​រួមបញ្ចូល​ការជ្រើសរើស​គ្រូ​ដោយ​ការប្រកួត​ប្រជែង​ប្រាក់​លើកទឹកចិត្ត​អាស្រ័យ​លើ​ភារកិច្ច​។ ការ​បំប៉ន​សមត្ថភាព​គ្រូ​​បង្រៀន​បន្ថែម​លើ​ផ្នែក​បច្ចេកវិទ្យា​អប់រំ វិធីសាស្ត្រ ​STEM និង​ការសិក្សា​ឱ្យ​ស្គាល់​បញ្ហា និង​ការរក​ដំណោះស្រាយ ព្រមទាំង​គន្លង​អាជីព​គ្រូបង្រៀន​ជាក់​​លាក់​ភ្ជាប់​ទៅនឹង​ឱកាស​អភិវឌ្ឍន៍​វិជ្ជាជីវៈ​គ្រូបង្រៀន​»៕