ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ឌិ​ត ទីណា និង​ថ្នាក់ដឹកនាំ​បានទទួល​ជួប​និស្សិត​ជយលាភី​អាហារូបករណ៍​ពី​កម្មវិធី​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន ​(JDS) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ជប៉ុន​ចំនួន ​២៦​ រូប​ នា​ថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ​ ២០២៣​។​


​ក្នុង​កិច្ច​ជំនួប​នា​ទីស្តីការ​ក្រសួងកសិកម្ម​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​និស្សិត​ជយលាភី​ទាំង​២៦​រូប ដែល​នឹង​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។ ការសិក្សា​នៅក្រៅ​ប្រទេស​គឺជា​ឱកាស​មួយ​ដ៏​ល្អ ក្នុងការ​ពង្រឹងសមត្ថភាព ដើម្បី​យក​នូវ​ចំណេះ ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​។ ជាមួយគ្នានេះដែរ ចាំបាច់​ត្រូវ​រក្សា​នូវ​សាមគ្គីភាព បើក​ចិត្ត​ទូលាយ​រៀនសូត្រ​អ្វីដែល​ថ្មី ស្វែងយល់​ពី​វប្បធម៌ ភាសា​របស់គេ ដែល​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ជប៉ុន​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​៖«​ការសិក្សា​គឺជា​មូលដ្ឋាន ហើយ​ប្រការ​ចាំបាច់​គឺមាន​សមត្ថភាព​ពិតប្រាកដ ធ្វើការ​ងារ​ឱ្យ​ពិតប្រាកដ មាន​លទ្ធផល​ការងារ​ល្អ ធ្វើខ្លួន​ឱ្យមាន​តម្លៃ​។ ដូច្នេះ​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់ មាន​គោលដៅ​ជាក់លាក់ ធ្វើឱ្យ​ពិតប្រាកដ និង​ឱ្យ​ល្អ​បំផុត ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង​»៕​