បាត់ដំបងៈ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី កាលពី​ថ្ងៃទី​២៧​កក្កដា បានប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ១០​គ្រាប់​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC​។​


​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​១០​គ្រាប់​នេះ ត្រូវបាន​រកឃើញ ក្នុង​២​ករណី​ផ្សេងគ្នា ដោយ​ករណី​ទី​១ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មង្គល និង​ព្រៃ​ស្វាយ នៃ​អធិការដ្ឋាន​ស្រុក​មោងឫស្សី បានប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនូ​ន ៧​គ្រាប់ ទៅ​អង្គភាព​កំចាត់មីន​ស៊ីម៉ាក CMAC​។

​ក្នុងនោះ​រួមមាន ប្រភេទ​គ្រាប់​ត្បាល់ ១០០​ម​ម ចំនួន ១​គ្រាប់​, គ្រាប់បែកដៃ​ប្រភេទ​ក្រឡា​ទៀប (​សហភាពសូវៀត​) ចំនួន ១​គ្រាប់​, គ្រាប់ផ្លោង ៧៥​ម​ម ចំនួន ១​គ្រាប់​, គ្រាប់​ត្បាល់ ៦០​ម​ម ចំនួន ២​គ្រាប់​, គ្រាប់​ទំលាក់ ២០​ផោន ចំនួន ១​គ្រាប់​, ម៉ា​ករី​កា​លេស ៨២ ម​ម ចំនួន ១​គ្រាប់​។​


​ករណី​ទី​២ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មោង នៃ​អធិការដ្ឋាន​ស្រុក​មោងឫស្សី សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​ចុះ​រាវរក​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ចំណុច​សាលា​អនុវិទ្យាល័យ​មោងឫស្សី ស្ថិតនៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ដើម្បី​សាងសង់​អគារសិក្សា​ចំនួន ១​ខ្នង​។

​ក្រោយ​ចុះ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​ប្រទះ​ឃើ​គ្រាប់​ចំនួន ៣​គ្រាប់ ប្រភេទ​គ្រាប់​កាំភ្លើងត្បាល់​ម៉ាក ៨២​ម​ម ចំនួន ១​គ្រាប់ និង​គ្រាប់​កាំភ្លើងត្បាល់​ម៉ាក ៦០​ម​ម ចំនួន ២​គ្រាប់​។


​ឆ្លៀត​ក្នុងឱកាស​នោះ នគរបាល​ស្រុក​មោងឫស្សី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ ត្រូវ​រាយការណ៍​ជាបន្ទាន់ ជូន​សមត្ថកិច្ច​ចៀសវាង​ការកើតមាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​៕