ភ្នំពេញៈ USAID មរតកបៃតង និង អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រៀបចំ​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ កាល​ពី​ខែ​មិថុនា ដើម្បី​ដាំ​កូន​ឈើ​ជាង ២៦ ៦០០ ដើម​លើ​ផ្ទៃ​ដី​ប្រមាណ ២១ ហិកតា​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ កែវសីមា ខេត្ត​មណ្ឌលគិរី ដើម្បី​ស្តារ​ដីព្រៃ​ដែល​ត្រូវ​បាន​សឹក​រេចរឹល និង​ឈូស​ឆាយ​អស់​ទាំងស្រុង​ដោយសារ​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ។


ព្រឹត្តិបត្រ​ព័ត៌មាន USAID មរតក​បៃតង បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៧៨ នាក់ រួម​ទាំង​អភិបាល​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សហគមន៍ និង​ជនជាតិដើម​ភាគតិច បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដាំ​កូនឈើ​ទាំង​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីតាំង​ចំនួន ៥ ស្ថិត​នៅក្នុង និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ។


ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​បញ្ជាក់​ថា៖ «សហគមន៍​មូលដ្ឋាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ផ្តល់​កម្លាំង​ពលកម្ម​សម្រាប់​ការ​រៀប​ចំ​ដី ការ​ដាំ និង​ការ​ថែទាំ​កូន​ឈើ​ឱ្យ​លូតលាស់​បន្តបន្ទាប់​ពី​ការ​ដាំរួច។ អ្នក​ក៏​អាច​ចូលរួម​ជាមួយ​យើង​ពី​ចម្ងាយ​បានដែរ ដោយ​ដាំ​ដើមឈើ​ពី​ទីតាំង​ដែល​ងាយស្រួល​សម្រាប់​អ្នក!»៕