តាម​រយៈសារ​សំឡេង ផ្ញើ​ជូន​ជន​រួមជាតិ ទាក់ទង​ការ​តែងតាំង​មន្ត្រី​ឡើងវិញ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​រក្សា​ទុក​មន្ត្រី​ទាំងអស់ ដែល​បាន​តែង​តាំង​រួច​មក​ហើយ រួម​មាន​រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ ឬ​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឱ្យ​បន្ត​ត​ទៅ​ទៀត ពោល​គឺ​នឹង​ត្រូវ​បាន​រក្សា​មុខ​តំណែង​ដដែល លើកលែង​តែ​សាមីខ្លួន​ស្នើសុំ​ឈប់ ខណៈ​ដែល​មន្ត្រី​មុខងារ​សាធារណៈ ​ក៏​មិន​ប៉ះពាល់​ឡើយ។


លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បន្ថែម​ថា ការ​បញ្ចប់ និង​តែងតាំង​ថ្មី នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ ២០២៣។

លោក ហ៊ុន សែន បាន​ប្រកាស​ដូច្នេះ​ថា៖« ក្រោយ​កិច្ច​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​រួចមក សម្តេច​សម្រេច រក្សា​ទុក​មន្ត្រី​ទាំងអស់ ដែល​បាន​តែងតាំង​រួច​មក​ហើយ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​មន្ត្រី​រាជការ​ទាំងអស់ ដែល​បាន​តែងតាំងរួច​មក​ហើយ ឱ្យ​បន្ត​តទៅទៀត។ ពោល​គឺ​ថ្នាក់​ដែល​បាន​តែងតាំង​ដោយ​ព្រះ​រាជក្រឹត្យ ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ឡើងវិញ ហើយ​មន្ត្រីថ្នាក់​ដែល​តែងតាំង​ដោយ​អនុក្រឹត្យ ក៏​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ​ឡើងវិញ និង​ថ្នាក់​ដែល​តែងតាំង​ដោយ​រដ្ឋមន្ត្រី នៅ​ក្នុង​រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​បណ្ឌិត ហ៊ុន ម៉ាណែត»។


លោកបាន​បញ្ជាក់​ទៀត​ថា៖ «មន្ត្រី​មុខងារ​សាធារណៈ គឺ​មិន​ប៉ះពាល់​ឡើយ រាប់​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​អភិបាលរងស្រុក ក៏​ដូចជាកង​កម្លាំង​ប្រដាប់​អាវុធ លើកលែង​តែ​អ្នក​នោះ ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ ដែល​ត្រូវ​ចូល​និវត្តន៍​តាម​ច្បាប់។ ចំណែក​អ្នក​កាន់​មុខងារ​នយោបាយ ចាប់ពី​ថ្នាក់​អនុរដ្ឋលេខា រដ្ឋលេខាធិការ និង​ទីប្រឹក្សា​រាជរដ្ឋាភិបាល ក៏​ត្រូវ​តែ​តែងតាំង​ឡើងវិញ»។

លោក​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​កែទម្រង់ ដោយ​ទុក​ឱ្យ​សាម៉ី​ខ្លួន ជ្រើសរើស​ថាតើ យក​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី ឬ​ក៏​ជា​រដ្ឋលេខាធិការ នៅ​តាម​ក្រសួង សម្រាប់​រាជរដ្ឋាភិបាល​ថ្មី។ តែ​លើកលែង​សម្រាប់​អង្គភាព​ធំៗ ២ គឺ​រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយករដ្ឋ​មន្ត្រី​នេះ នឹង​រក្សា​ទុក​សម្រាប់​អគ្គនាយកពន្ធដារ និង​អគ្គនាយកគយ ដែល​ទាំង​ពីរ​នេះ ត្រូវ​ធ្វើ​ការ​ម្ខាង​ជាមួយ​រដ្ឋមន្ត្រី និង​ម្ខាងទៀត ត្រូវ​ធ្វើការ​ជាមួយ​នាយករដ្ឋមន្ត្រី ដែល​ក្តាប់​ផ្ទាល់​ពី​ថវិកា​ប្រចាំថ្ងៃ ប្រចាំខែ។


សរុបជារួម បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ពាក់ព័ន្ធ ការ​តែងតាំង​ឥស្សរជន​កម្រិត​នយោបាយ ឡើង​វិញ​នេះ អគ្គនាយកគយ និង​ពន្ធដារ ត្រូវ​រក្សា​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដដែល។

ចំណែក​មន្ត្រី​រាជការ​ចាប់​ពី​ថ្នាក់​អគ្គនាយក ឬ​ប្រហាក់​ប្រហែល ចុះ​ក្រោម និង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ មិនមាន​ការ​ប្រែប្រួល​មុខ​តំណែងទេ សម្រាប់​អាណត្តិ​ថ្មី ខណៈ​ដែល​រដ្ឋមន្ត្រី​នានា​ដែល​មិន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ត្រូវ​ធ្វើ​ជា​សមាជិក​រដ្ឋសភា៕