​ភ្នំពេញៈ លោកស្រី ជា សិរី ត្រូវបានតែងតាំង​ទៅជា​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) នា​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ពី​លោកស្រី​ត្រូវបាន​ដំ​​ឡើង​ពី​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​ទៅជា​ទេ​សា​ភិ​បាល​រង នៅក្នុង​ខែមីនា​។​


​ការតែងតាំង​នេះ​ត្រូវបាន​ព្រះ​មហាក្សត្រ​ឡាយព្រះហស្ត​លេ​ខា​តាមរយៈ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី ​២៩ ខែកក្កដា ឱ្យធ្វើជា​ទេ​សា​ភិ​បាល​ជំនួស​លោក ជា ចាន់តូ ដែល​កាន់​មុខតំណែង​នេះ​ជា​​ច្រើន​ទសវត្សរ៍​មកហើយ​។​

​លោកស្រី ជា សិរី បាន​បម្រើ​ការងារ​នៅ NBC រយៈពេល​ជាង ​១ ​ទសវត្សរ៍ ដោយ​លោកស្រី​បាន​លើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុងន័យ​លើកកម្ពស់​ឯករាជភាព​ជាតិ​លើ​គោលនយោបាយ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​ឧបករណ៍​គោល​នយោបាយ​ប្រកបដោយ​ភាព​​ច្នៃប្រឌិត​ត្រូវបាន​ដាក់ឱ្យ​ដំណើរ​​ការ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​អន្តរ​​ធនាគារ និង​លើកកម្ពស់​ការប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​។​


​លោកស្រី​ក៏​កំពុង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ការទូទាត់​លក់រាយ​ឱ្យ​កាន់តែ​ទំនើប ជាមួយនឹង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​សែ​ស្វិ​ច​ថ្នាក់ជាតិ សម្រាប់​ប្រតិ​​ប​ត្តិ​ការ​កាត និង​ប្រព័ន្ធ​ទូទាត់​រហ័ស​ដែលជា​ការផ្ទេរ​ប្រាក់​តាម​ពេលវេលា​ជាក់​ស្តែង​ពី​គណនី​ធនាគារ​មួយ​ទៅ​គណនី​ធនាគារ​មួយ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​នេះ​លោកស្រី​ក៏បាន​ដឹកនាំ​គម្រោង​បាគង ដែលជា​គំនិត​ផ្តួច​ផ្តើម​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​ស្វែងយល់ និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ជំនាន់​ថ្មី​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន Japan Up Close កាលពី​ខែមេសា ឆ្នាំ ​២០២៣ លោកស្រី ជា សិរី បានឱ្យដឹងថា លោកស្រី​បានធ្វើការ​នៅ​ផ្នែក​ត្រួតពិនិត្យ​ធនាគារ បន្ទាប់មក​បាន​ផ្លាស់​ទៅ​អគ្គនាយកដ្ឋាន​ផ្សេងទៀត​ដែល​ទទួលបន្ទុក​ប្រព័ន្ធ​ទូទាត់​គោ​លន​យោ​បាយ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​តំណែង​ផ្សេងៗ​ទៀត​។​


​លោក សុខ វឿន អគ្គនាយក​ក្រុមហ៊ុន LOLC (Cambodia) Plc និង​ជា​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា សម្តែង​ការអបអរសាទរ​ចំពោះ​ការតែងតាំង​ថ្មី​របស់​លោកស្រី ជា សិរី ខណៈ​លោកស្រី​បាន​ដឹកនាំ​អភិ​វឌ្ឍន៍​ឧស្សាហកម្ម​មួយ​នេះ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញថា លោកស្រី​កំពុង​ដើរតួនាទី​កាន់តែ​ធំ​នៅក្នុង​ការលើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដោយ​ខ្ញុំ​អាច​និយាយបានថា លោកស្រី​គឺជា​ជើងឯក​ក្នុង​ការជំរុញ​ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​(Fintech) និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។​

​អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា លោក តូច ចៅ​ចេក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៣០ ខែកក្កដា​ថា ការ​តែង​តាំង​ថ្មី​នេះ​កំពុង​ឆ្លុះបញ្ចាំង​អំពី​វិជ្ជាជីវៈ​ខ្ពស់ និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់លោក​ស្រី​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ជាច្រើន​ទសវត្សរ៍​មកហើយ​។ ក្រោម​ការ​​ដឹកនាំ​របស់លោក​ស្រី​នឹង​ជំ​រុញឱ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «​យើង​សូម​អបអរ​សា​ទរ​ចំពោះ​ការតែងតាំង​ថ្មី​នេះ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​មុខ​តំណែង​នេះ ខណៈ​លោកស្រី​បម្រើការ​​ងារ​ក្នុង​ឧស្សាហកម្ម​នេះ​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​»​។​

​លោក​បញ្ជាក់ថា​៖ «​លោកស្រី ជា សិរី កំពុង​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ ជា​ពិសេស​ការសម្រេចបាន​នូវ​សមិទ្ធផល​របស់លោក​ស្រី​លើ​ការអភិវឌ្ឍ Fintech សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ អ្វី​ដែលជា​សមិទ្ធផល​សំខាន់​ក្រោម​ការដឹកនាំ​របស់លោក​ស្រី​គឺ​ការអភិវឌ្ឍ​ប្រព័ន្ធ​បាគង ដែល​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ការ​អភិវឌ្ឍ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​»​។​

NBC បានបញ្ជាក់​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ ​២០២២ ថា ប្រព័ន្ធ ​«​ធនាគារ​» ផ្លូវការ​របស់​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន ​៥៩ ធនាគារ​ឯកទេស ​៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ​៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤ និង​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន ​១៦​។​

NBC ក៏មាន​ដំណើរការ​ភាគី​ទី​៣ ចំនួន​ ៥ ក្រុមហ៊ុន​ផ្តល់​សេវា​បង់ប្រាក់ ​៣៤ ក្រុមហ៊ុន​ផ្តល់​សេវា​ចែករំលែក​ព័​ត៌​មាន​ឥណទាន​ ១ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន ​៦ និង​អាជីវកម្ម​ប្តូរប្រាក់​ចំនួន​ ២ ៨៦៩៕