​ភ្នំពេញៈ លោក អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ និង​ជា​សមាជិក​ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​លើកឡើងថា ក្រុមគ្រូពេទ្យ​តែងតែ​ធ្វើការ​ប្រឹក្សា​ជាមុន មុននឹង​ធ្វើតេស្តរ​កមេ​រោគ​អេដស៍​ដើម្បី​ពន្យល់​អ្នក​ចង់​ធ្វើតេស្ត​ឱ្យបាន​ច្បាស់​។​


​លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​កម្មវិធី​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ លើក​ទី​ ៤៣ ប្រចាំខែ​កក្កដា ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ «​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ការព្យាបាល​ដោយ​ឱសថ​ប្រ​ឆាំង​មេរោគ​អេដស៍​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​ព្យាបាល​ថ្នាក់ជាតិ​» កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា ឆ្នាំ​ ២០២៣​។​

​លោក អ៊ុក វិជ្ជា ថ្លែងថា​៖ «​ការ​​ផ្តល់​ប្រឹក្សា​ជាមុន គឺ​ដើម្បីឱ្យ​អ្នកជំងឺ ឬ​អតិថិជន ត្រៀម​ចិត្ត ត្រៀមខ្លួន​ដែល​លទ្ធផល​នៃ​ការ​​ធ្វើតេស្ត​អាចមាន ២ ក្នុងនោះ​អាចមាន​វិជ្ជមាន និង​អវិជ្ជមាន ហើយ​បើ​អ្នកនោះ​តេស្ត​វិជ្ជមាន ក៏មាន​ថ្នាំ​សម្រាប់​បង្ការ ហើយ​បើ​តេស្ត​អវិជ្ជមាន យើង​ធ្វើ​ការអប់រំ ណែនាំ​ឱ្យ​រក្សា​ភាព​អ​វិ​ជ្ជ​មាន​នេះ​បាន​រហូត​»​។​


​ទាក់ទង​នឹង​ការព្យាបាល​អ្នក​​ជំងឺអេដស៍​ដែល​បាន​តេស្ត​ឃើញ​វិជ្ជមាន​ភ្លាមៗ​នេះដែរ ក្រុមគ្រូពេទ្យ​បាន​ប្តូរ​ឱ្យទទួល​​បានការ​ធ្វើតេស្ត និង​ព្យាបាល​នៅ​ថ្ងៃ​តែមួយ ដែល​ពីមុន​មានការ​ពិនិត្យ​រក​លទ្ធ​ផល​កោសិកា​សេ​ដេ​កាត់ របស់​អ្នកជំងឺ​មក​ចុះ​ទាប​គឺ​ចុះ​ទាប​ជាង​ ២០០​ ហើយ ទើប​ចាប់ផ្តើម​ព្យាបាល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​! អ្នក​ដែល​ប្រឈមមុខ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ដែល​ស្ថិតនៅ​ក្នុងការ​ប្រឈម​ចម្លង​មេរោគ​អេដស៍ ហើយ​ខ្លាច​ឆ្លង​ក្នុង​ប្រការ​ណាមួយ​គឺ​សូម​រូតរះ​ទៅធ្វើ​តេស្ត​ឈាម ដើម្បី​បង្ការ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដែល​ពិបាក​នឹង​សង្គ្រោះ​ជីវិត​»​។​


​នា​កម្មវិធី​នោះដែរ លោក អ៊ុក​ វិជ្ជា បាន​សង្កេតឃើញ​តាមរយៈ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទាក់ទង​នឹង​ការយល់​ដឹង​ពី​បញ្ហា​ជំងឺអេដស៍​នេះ លោក​ថា ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ​មានការ​យល់ដឹង​ច្បាស់ និង​ខ្លះទៀត​មិនទាន់មាន​ការយល់ដឹង​បាន​ច្បាស់​នៅឡើយ​ទេ​។​

​លោក​បានបញ្ជាក់​ទាក់ទង​នឹង​ចំណុច​នេះ​ថា​៖ «​ការយល់​​ដឹង​ទាក់ទង​នឹង​ការការពារ និង​ការបង្ការ​ជំងឺអេដស៍​នេះ យើង​ត្រូវមាន​ការខិតខំ​ផ្សព្វផ្សាយ​បន្តទៀត​ទៅតាម​ក្រុម​ប្រជាជន​ផ្សេងៗ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន កាលពី​ចុងខែ​មិថុនា ឆ្នាំ​ ២០២៣ កន្លងទៅ​ថា ករណី​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់​ចប់​នោះទេ ដោយសារ​អត្រា​នៃ​ការឆ្លង​មេរោគ​អេដស៍​ក្នុង​ឆ្នាំ ​២០២២ មានការ​កើនឡើង ប្រមាណ​ ៣០០​ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២១ ដែល​លោក​អំពាវ​​នាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​នេះ​ផងដែរ​។​

​លោក​ថ្លែង​នាពេលនោះ​ថា​៖ «​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​អេដស៍​មាន​និន្នាការ​កើនឡើង ដែល​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​អត្រា​ឆ្លង​នេះ​ទាក់ទង​នឹង​អ្នកយក​ភេទ​ដូចគ្នា ហើយ​អ្នកយក​ភេទ​ដូចគ្នានេះដែរ ស្រី និង​ស្រី​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ តែ​រឿង​ប្រុស និង​ប្រុស ជា​ប្រភព​ចម្លង​ដែល​គេ​រកឃើញ​នៃ​ការឆ្លង​»​។

​យោងតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា បង្ហាញថា អាជ្ញាធរ​បាន​ឯកភាព​ដាក់ចេញ​នូវ​សេចក្តី​ស​ម្រ​ច​មួយចំនួន​ដោយ​ក្នុងនោះ មានការ​ជំរុញ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ ៩៥ ទី​១ (៩៥% ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​របស់​ពួកគេ​។ តាមរយៈ​ការជំរុញ​ការងារ​បង្ការ​នៃ​ការ​ចម្លង​មេរោគ​អេដស៍ និង​ជំងឺ​​អេដស៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​​ភាព និង​ការជំរុញ​លើកទឹកចិត្ត​អ្នកមាន​ការសង្ស័យ​មក​ទទួល​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ឱ្យបាន​ឆាប់រហ័ស​។

​បើ​យោង​តាម​ឯកសារ ​UNAIDS នៅ​កម្ពុ​ជាមាន​អ្នករស់នៅ​ដោយ​ផ្ទុក​មេ​​រោគ​អេដស៍​មាន​ចំនួន ៧៤ ០០០ នាក់​ក្នុង​ឆ្នាំ​ ២០២១ ហើយ​ករណី​ឆ្លង​ថ្មី​គឺ មាន​ចំនួន ១ ១០០ នាក់​ក្នុង​ឆ្នាំ ​២០២១ ហើយ​គិត​ត្រឹម​ឆ្នាំ ​២០២១ អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​កំពុង​ទទួលបាន​ការព្យាបាល​ដោយ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍​ គឺមាន​ចំនួន ៦២ ៥៦១ ​នាក់​។

ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ចំនួន ៣​ នាក់​បាន​ឆ្លង​មេរោគ​អេដស៍​។ ក្នុង​ចំ​ណោម​អ្នក​ឆ្លង​ថ្មី ១ ១០០​ នាក់​ក្នុង​ឆ្នាំ​ ២០២១ គឺ​បុរស និង​ក្មេងប្រុស​មាន​រហូតដល់ ៧១ ភាគរយ ហើយ​អ្នក​ឆ្លង​ច្រើនជាងគេ​មាន​អាយុ​ចន្លោះ​ពី ១៥ -២៤ ឆ្នាំ ប្រមាណ ៤២ ​ភាគរយ​៕