កំពង់ចាមៈ​ បើ​គេ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គេ​នឹង​ឮ​សំឡេង​អ៊ូអរ​របស់​ក្មេងប្រុស​-ស្រី​បន្លឺ​ចេញពី​អគារ​ថ្ម​ប្រក់​ដំបូល​ស័ង្ក​សីស​ង់​ផ្ទាល់​ដី​ ១​ កន្លែង​។ ​អគារ​ដែល​ហ៊ុម​ព័ទ្ធ​ទៅដោយ​វាលស្រែ​នោះ​ គឺជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​ក្មេង​ប្រុស-​ស្រី​កំព្រា​ឪពុក​ម្តាយ​ចំនួន​ ៤៧ (​ស្រី​ ២៦ ​នាក់​)​ និង​មាន​មនុស្ស​ចាស់​ប្រុស-​ស្រី​ចំនួន ​២៥​ នាក់ ​(​ប្រុស ​៥ ​នាក់​)​ផង​ដែរ​។​


​កំពុង​ឈរ​ជ្រកនៅ​ក្រោម​ម្លប់​ដើម​ក្រខុប​ស្ថិត​ក្នុង​បរិវេណ​ដី​អគារ​ ១ ក្មេងស្រី​ ឈ្មោះ​ពន្លឺ​ស្រី​ និក​ អាយុ ​១២ ​ឆ្នាំបាន​រៀប​រាប់​ថា​នាង​រៀន​ថ្នាក់​ទី​៥ ​នៅ​សាលា​បឋម​សិក្សា​ថ្កូវ​ស្ថិតក្នុង​ឃុំ​ត្រប់​ ស្រុក​បា​ធាយ ​ខេត្ត​កំពង់ចាម​។ ​នាង​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​ដែលបច្ចុប្បន្នកំពុង​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​មួយ​​ជាមួយ​កុមារ​កំព្រា​ដទៃទៀ​ត​ក្នុង​ភូមិ​ថ្មកែវ​ឃុំ​ត្រប់​ស្រុក​បាធាយ​ខេត្ត​កំពង់​ចាម​។​នាង​មិន​បានដឹង​ថា​ ម្តាយ​ឪពុក​បង្កើត​របស់​នាង​រស់នៅ​ទីណា​ទេ​តែ​នាង​ធំ​ដឹងក្តី​ឡើង​ស្គាល់​តែ​ម្តាយ​ឈ្មោះ​អ៊ួ​នព្រីង​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​ស្រី ​និក​ បានប្រាប់​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹងថា​ខ្ញុំ​មាន​ម្តាយ​ឈ្មោះ ​អ៊ួ​ន ព្រីង ​ហើយ​ខ្ញុំ​មក​រស់នៅ​ទីនេះ​ដោយ​សារ​ព្រះសង្ឃ​ចិញ្ចឹម​បីបាច់​ខ្ញុំ​តាំង​ពី​ឆ្នាំ​ ២០១៦ ​មក​ម្ល៉េះ​។ ​ខ្ញុំ​រស់នៅ​ទីនេះ​បាន​រៀនសូត្រ​និង​មើលថែ​ពី​លោក​ឪពុក​[​ព្រះ​សង្ឃ​]​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​»​។​


​ពាក់​ព័ន្ធ​ក្មេង​ស្រី​ខាង​លើ​នេះ​ អ្នក​ស្រី​អ៊ួ​នព្រីង​អាយុ​ ៦៣ ​ឆ្នាំ​ ជា​ម្តាយ​ចិញ្ចឹម​និង​ជា​អ្នក​មើល​ថែ​ក្មេងៗ​កំ​ព្រា​រួមទាំង​មនុស្ស​ចាស់​ប្រុស​ស្រី​នៅ​ស្នាក់ការ​ក្មេង​កំព្រា​និង​ចាស់​ជរា​គ្មាន​ទីពឹង​សរុប​ចំនួន​ ៧៣​ នាក់​បាន​ប្រាប់​ថា​ កាល​ពី​ជាង ​១០​ ឆ្នាំ​មុន ​អ្នកស្រី​បាន​យក​ចៅ​ទៅ​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ជាក្នុង​រាជ​ធានី​ភ្នំពេញ​។​ រីឯ​កូន​ស្រី​និក​ក៏ត្រូវ​ម្តាយ​បង្កើត​របស់​នាង​យក​ទៅ​ព្យា​បាល​ជំងឺ​ស្ទះ​ទឹក​នោម​នៅ​ទីនោះ​ដែរ​។​

​អ្នកស្រី​បានបន្តថា ​បន្ទាប់​មក​នៅ​ថ្ងៃ​មួយ​ម្តាយ​ស្រី​ និក​ បាន​ផ្ញើ​នាង​ឱ្យ​អ្នក​ដេក​ពេទ្យ​ជាមួយ​គ្នា​ជួយ​មើល​ជំនួស​ព្រោះ​គាត់​ប្រាប់​ថា​ ចុះទៅ​ទិញ​អាហារ​មួយ​ភ្លែត​ហើយក៏​ទៅ​ចោល​កូន​បាត់​រហូត​តែម្ដង​។​ នៅ​ពេល​នោះ​អ្នកស្រី​បាន​មើល​ថែ​ស្រី​ និក រ​ហូត​បាន​ជា​សះ​ស្បើយ​ហើយ​យក​ធ្វើជា​កូន​តែម្តង​ទៅ​ និងបាន​ដាក់​ឈ្មោះថា​ពន្លឺ​ស្រី​និក​។


​«​កូន​ស្រី​ និក​ ខ្ញុំ​បាន​ធ្វើ​សំបុត្រ​កំណើត​ និង​មាន​អាជ្ញា​ធរ​ដឹ​ងឮ​ផង​ហើយ​តាំង​ពី​ត្រកូល​ក៏​ខ្ញុំ​ដាក់​ឱ្យ​ដែរ​ ព្រោះ​កាល​នោះ​នាង​នៅ​តូច​ សូម្បីតែ​ឈ្មោះ​ខ្លួន​ឯង​ក៏​មិន​ស្គាល់​ផង​​»​។​

​ចំពោះ​ការ​គ្រប់​គ្រង​ទំនុក​បម្រុង​ក្មេង​កំព្រានិង​មនុស្ស​ចាស់​នៅ​ស្នាក់​ការ​ក្មេង​កំព្រា​និង​ចាស់​ជរា​គ្មាន​ទីពឹង​នេះ​ដែរ​ព្រះគ្រូ​វិ​រិ​យ​ធម្ម​ញាណ​ពៅ ស៊​ត គង់ នៅ​វត្ត​ថា​ន់​កុដិ​លេខ​ ១ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ មាន​ថេរ​ដីកា​ថា ​ស្នាក់​ការ​​ក្មេង​កំព្រា និង​ចាស់​ជរា​គ្មាន​ទីពឹង​នេះ ​គឺ​មាន​អតីត​ព្រះគ្រូ​ជា​សុ​មាលា​ជា​ស្ថាប​និក​ហើយ​បាន​ប្រមូល​ក្មេងៗ​កំព្រា​​ម្តាយ​ឪពុក​រួម​ទាំង​មនុស្ស​ចាស់​គ្មាន​ទីពឹង​មក​ស្នាក់​នៅ​ និង​ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​ព្រះគ្រូ​។​

​ព្រះអង្គ​បានបន្តថា​ ចំពោះ​ស្នាក់​ការ​ក្មេង​កំព្រា​ និង​ចាស់​ជរា​គ្មាន​ទីពឹង​នេះ​មាន​ផ្ទៃដី​ក្បាល​ ៨ ​ម៉ែត្រ​និង​មាន​បណ្តោយ​ ២០ ​ម៉ែត្រ​ជា​ដី​ទិញ​ពី​អ្នក​ភូមិ​។​ ដំបូង​ឡើយ​សង់​ជា​ខ្ទម​ប្រក់​ស្លឹក​ធម្មតា​គ្រាន់តែ​បាន​ជ្រក​ទេ​តែ​ក្រោយ​មក​ព្រះគ្រូ​ជាសុ​មាលា​ក៏​បាន​សង់​ជា​អគារ​ថ្ម​ប្រក់​ស័ង្ក​សី​ ១ ​ខ្នង​មាន ​៣ ​បន្ទប់​ដើម្បី​ជា​ជម្រក​សមរម្យ​មួយ​សម្រាប់​ពួកគេ​ស្នាក់​នៅ​។ ប៉ុន្តែ​ក្រោយមកដោយសារ​ព្រះគ្រូ​ជា​សុ​មាលាបាន​លាចាក​សិក្ខា​បទ​ព្រះអង្គ[​ពៅ​ស៊​ត]ក៏ទទួល​រ៉ាប់រង​គ្រប់​គ្រង​បន្តដែល​គិតពីមកទល់ពេលនេះទើបទទួលបន្ត​បានរយៈពេលជាង​ ១​ ខែ​នេះ​ទេ​។ ​ព្រោះ​ក្មេងៗ និង​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង​ទាំង​នោះ​នឹងត្រូវ​ជួប​បញ្ហា​ប្រសិន​បើ​គ្មាន​អ្នក​មើល​ថែ​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​ថា​៖ «​សព្វ​ថ្ងៃនេះ​អាត្មា​នៅតែ​បន្ត​អំពាវ​នាវ​ស្វែងរក​សប្បុរស​ជន​ដើម្បី​បាន​ជា​បច្ច័យ​ជា​ប្រាក់​ជា​ស្បៀង​អាហារ​អង្ករ​ ដើម្បី​ឧប​ត្ថម្ភ​ចិញ្ចឹម​ក្មេងៗ​កំព្រា​ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​»​។​

​បើ​តាម​ព្រះគ្រូ​វិ​រិ​យ​ធម្ម​ញាណ​ ពៅ ស៊​ត ក្មេងៗ​កំព្រា​ទាំង​នោះ​​ត្រូវបានយកមកពី​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពង់​ចាមត្បូង​ឃ្មុំ​និង​ខេត្តក្រ​ចេះ​តាមរ​យៈ​ការដឹងឮ​បន្តៗ​គ្នា​។​ ពួកគេ​មាន​អាយុ​ចន្លោះ​ពី ​២ ​ទៅ​ ១៥​ ឆ្នាំ​ និង​បាន​ចូល​រៀន​នៅ​សា​លា​បឋម​សិក្សា​ក្នុង​តំបន់​នោះ​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៧​។ ​រីឯ​មនុស្ស​ចាស់​វិញ​សុទ្ធតែ​ជា​ក្រមុំ​និងកំលោះចាស់​មាន ​២៥ ​នាក់​ (​ប្រុស​ ៥​ នាក់​)​ ដែលគ្មាន​កូន​ចៅ​មើល​ថែ​និង​មាន​អាយុ​ចន្លោះ​ពី ​៥៥​ ឆ្នាំ​ដល់ ​៨០​ ឆ្នាំ​។​

​ព្រះគ្រូ​វិ​រិ​យ​ធម្ម​ញាណ​ ពៅ​ ស៊​ត បានរៀបរាប់ទៀតថា​ ចំពោះ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ពួកគាត់​គឺ​ព្រះ​អង្គ​មិន​សូវ​ជា​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ​តែ​អ្វីដែល​ព្រះ​អង្គ​បារម្ភ​គឺបញ្ហា​ស្បៀង​អាហារ​ហូប​ចុក​។​ ទន្ទឹម​នឹង​នេះដែរ ​បើ​ក្មេងៗ​រៀន​នៅ​សា​លា​វិញ​ក៏ត្រូវ​ការ​ប៊ិច​សៀវ​ភៅ​ និង​សម្លៀក​បំពាក់​ដែល​បច្ចុប្បន្ន​ព្រះ​អង្គ​ក៏​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរស​ជន​ជិត​ឆ្ងាយ​មិន​ថា ​ក្នុង​ប្រទេស​ ឬ​នៅក្រៅ​ប្រទេស​ទេ​។ ​ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះអង្គ​ផូស្ត​តាម​ហ្វេ​ស​ប៊ុ​ក​ស្វែងរក​ជំនួយ​ក៏មាន​ជន​ខិល​ខូច​យក​វីដេ​អូ​ព្រះអង្គ​​ទៅ​ដាក់​លេខ​ទូរស័ព្ទ​ខ្លួនឯង ​និង​បង្កើត​អា​ខោន​ធនា​គារ​ផ្ទាល់​ខ្លួន​ហើយដល់​តែ​សប្បុរស​ជួយ​ក៏​ធ្លាក់​ទៅ​លើជន​ខិល​ខូច​ទាំងនោះទៅវិញ​។​

បើតាម​ព្រះគ្រូ​វិ​រិ​យ​ធម្ម​ញាណ ​ពៅ ស៊​ត​ ជារឿយៗមាន​សប្បុរស​ជន​តែង​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ទោះ​ជា​តិច​ឬ​​ច្រើនក្តី​តាម​សទ្ធា​របស់​ពុទ្ធ​បរិស័ទ​។​ពិសេស​ព្រះអង្គ​ចង់​ឱ្យ​សប្បុរស​ជន​បាន​ទៅ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​អំពី​ការរស់​នៅ​របស់​ក្មេងៗ​ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​ទាំង​នោះ​ឱ្យបាន​ជ្រាប​ពី​ការ​ពិត​អំពី​ជីវិត​របស់​ពួកគេ​។​ ព្រោះ​ក្នុង​ ១​ ថ្ងៃៗ​ត្រូវ​ប្រើ​អង្ករ​ដាំ​បាយ​អស់​ ១​ បាវ​ (៥០​ គីឡូ​ក្រាម​)​ រីឯ​ម្ហូប​វិញ​ត្រូវ​ចំណាយ​យ៉ាង​តិច​ក៏ ​១០​ ម៉ឺនរៀល​ដែរ ​ក្នុង​ ១ ​ថ្ងៃ​ ពីព្រោះ​មានក្មេង​ទាំង​អស់ ៤៧ ​នាក់​ មនុស្ស​ចាស់​ ២៥ ​នាក់ ចុងភៅ​ ៨ ​នាក់ ​រួម​នឹង​ប្រជា​ការពារ ​២​ នាក់​ទៀត​ដែល​សរុប​ ៨២ ​នាក់​។ ​ចំពោះ​ការងារ​សប្បុ​រស​ធម៌​នេះ​បើ​សប្បុរស​ជន​មាន​បំណង​ជួយ​តាម​រយៈ ​ABA 002​968​853 ​Pov Soth ​ហើយ​ព្រះ​អង្គ​តាំង​ចិត្ត​ថា ​នឹង​តស៊ូ​ជា​មួយ​ពួកគេ​រហូត​ដល់​អស់​ជី​វិត​ទើប​បញ្ចប់​សកម្ម​ភាព​មនុស្ស​ធម៌​របស់​ព្រះ​អង្គ​។​

​សម្រាប់​លោក ​ង៉ោ ជោ​ត មេឃុំ​ត្រប់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ ចំពោះ​កិច្ចការ​មនុស្ស​ធម៌​បែបនេះ​លោក​គិត​ថា មិន​មាន​បញ្ហា​អ្វី​ចោទ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ​ហើយ​លោក​ចូលរួម​ត្រេក​អរ​​ផងដែរដោយ​សារ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជាទុរគត​ជន​​ទីទ័ល​ក្រ​ខ្វះ​ខាត​មែន​»៕