ភ្នំពេញៈ លោក ​សោម សូ​រី​ដា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងថា លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ដែល​គជប នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១ សីហា នឹងមិន​មាន​អ្វី​ប្រែប្រួល​នោះទេ ពោល​គឺ​មានតែ​គណបក្ស​ចំនួន​ ២ ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​។​


​លោក សោម សូ​រី​ដា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ​៣១ ខែកក្កដា​ថា គ​.​ជ​.​ប បាន​ពិនិត្យ និង​សម្រេច​ទៅលើ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃទី ​១ ​ខែសីហា​។ លោក​បាន​បន្ថែមថា បើ​ពិនិត្យ​ទៅលើ​លទ្ធផល​ដែល​នឹងត្រូវ​ប្រកាស​នេះ​មានការ​ប្រែប្រួល​លើ​សន្លឹកឆ្នោត​ខ្លះ ប៉ុន្តែ​មិនបាន​ធ្វើឱ្យមាន​ការប្រែប្រួល​ដល់​ភាគរយ នៃ​ចំនួន​អ្នក​ដែលមាន​ឈ្មោះ​បោះ​​ឆ្នោត​ហើយ​បាន​ចេញទៅ​បោះ​ឆ្នោត​នោះទេ​។

​លោក​ សោម សូ​រី​ដា បញ្ជាក់ថា​៖ «​សម្រាប់​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ រក្សាបាន​នូវ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត ៨៤,៥៩% ដដែល​ចំណែក​ចំនួន​សន្លឹកឆ្នោត មានការ​ប្រែ​​ប្រួល​ខ្លះ​នោះ ក៏​មិនបាន​ធ្វើឱ្យ​ប្រែប្រួល​ភាគរយ​របស់​គណបក្ស​នយោបាយ ដែល​ទទួលបាន​សំឡេងឆ្នោត​នោះដែរ​»​។​


​បើតាម​អ្នកនាំពាក្យ​ដដែល សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧​ ឆ្នាំ​ ២០២៣ មានតែ​គណបក្សនយោបាយ​ចំនួន ​២ ​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំនួន​ ១២០ ​អាសនៈ​រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​ ៥ ​អាសនៈ​។ ដោយឡែក​គណបក្សនយោបាយ​ចំនួន​ ១៦ ផ្សេងទៀត ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោ​នេះ​មិន​ទទួលបាន​អា​សនៈ​ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​​ប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ប្រាជ្ញ​​ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ស្តីពី​ការបោះឆ្នោត​លើក​ទី​១ (​បោះ​ឆ្នោត​ឡើងវិញ​) វិសោធនកម្ម​ប្រតិទិន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៧ (​វិសោធនកម្ម ចំណុច​ទី​ ២១-២៧) និង​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការប្រកាស​ផ្សាយ លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ២០២៣​។​


​សេចក្តីប្រកាស​បាន​បន្ត​ថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​លើ​ឯកសារ​ម្តង​មួយៗ​រួចមក អង្គប្រជុំ គ​.​ជ​.​ប បានសម្រេច​នឹងធ្វើ​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ចុង​ក្រោយ​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី ៥ ខែសីហា ក្នុងករណី​គ្មាន ឬ​មាន​ពាក្យបណ្តឹង និង​គ្មាន​ការបោះឆ្នោត​សាជាថ្មី​។

គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា​៖ «​ក្នុង​ប្រតិទិន ការប្រកាស​លទ្ធផល​ផ្លូវការ​ការ​បែង​ចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត (​ករណី​គ្មាន ឬ​មាន​ពាក្យបណ្តឹង និង​ករណី​គ្មាន ការបោះឆ្នោត​សាជាថ្មី​) ​ប្រកាស​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ ​២០២៣»​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ប្រាជ្ញ ចន្ទ ក៏បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​ប្រមូល​ឱ្យបាន​ឆាប់​របាយការណ៍ និង​អនុសា​​សន៍រ​បស់​អ្នកសង្កេតការណ៍​អន្តរ​ជាតិ ដែល​បានមក​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ ​ឆ្នាំ​ ២០២៣​។​

​ដោយឡែក​លោក​ ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ ដែល​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ក្នុង​ខែសីហា​នេះ បានចេញ​លិខិត​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស និង​គណៈ​ក​ម្មា​ធិ​ការ​សាខា​គណបក្ស​ប​ជា​ជនកម្ពុជា នៅក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​និង​បាន​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។​

​តាមរយៈ​លិខិត​ថ្លែងអំណរគុណ​ចុះ​ថ្ងៃទី ​៣០ ​ខែកក្កដា លោក ​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖ «​ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោត​​សរសើរ វាយតម្លៃ​ខ្ពស់​និង​សេច​ក្តី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​លះ​បង់កម្លាំង​កាយ កម្លាំងចិត្ត ពេល​វេលា និង​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី​ ២៣ ខែ កក្កដា ឆ្នាំ​ ២០២៣ កន្លងទៅនេះ​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា ជោគជ័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​នៅក្នុង​ប្រទេស​និង​នៅក្រៅ​ប្រទេស​។ លោក​បន្តថា ន​យោ​​បាយ​បង្រួបបង្រួម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​សម្រាប់​សមាជិក​របស់ខ្លួន​ស្ថិត​នៅទីណា​នោះទេ សូម្បីតែ​សមា​ជិ​ក​មកពី​គណបក្ស​ផ្សេង ក៏​គណ​បក្ស​ប្រជាជន​កម្ពុជា​តែងតែ​ផ្តល់ឱកាស​ផងដែរ​។

​លោក យង់ ពៅ បាន​និយាយថា​៖ «​ជាក់ស្តែង​ដូចជា ការ​ង្កើ​ត​ឱ្យមាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាដើម គឺជា​ការបើកឱកាស​ឱ្យ​គ្រប់គ្នា​ចូល​​រួម​ក្នុង​ការកសាង​ប្រទេស ឬ​អភិវឌ្ឍន៍​ប្រទេស ជាមួយគ្នា​ជាជាង​អង្គុយ​រិះគន់ បន្តុះបង្អាប់​ឬ​បន្ទច់បង្អាក់​ដោយ​មិនបាន​សម្លឹងមើល​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​សង្គម​»​។ លោក​បន្តថា​៖ «​ទាំង​អស់នេះ​ដែល​ឯកឧត្តម​ហ៊ុន ​ម៉ា​ណែ​ត ត្រូវ​បន្ត​មរតក​ពី​គណ​​បក្ស​ប្រជាជន​កម្ពុជា​»៕