ភ្នំពេញៈ ទិន្នន័យជំរឿនសត្វក្រៀលមានការកើនឡើង ខណៈដែលមានកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសម្បុកសត្វក្រាលនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលក្រសួងបរិស្ថានថា លទ្ធផលជំរឿនឆ្នាំ ២០២៣ នេះ បង្ហាញពីសញ្ញាវិជ្ជមានមួយដ៏ល្អ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងនៅយប់ថ្ងៃទី ៣០ ខែកក្កដាថា វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ ២០២៣ បង្ហាញពីសញ្ញាវិជ្ជមានព្រោះថា ទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។
ក្រសួងបរិស្ថានបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។
លោកថ្លែងថា៖ «ចំពោះសត្វក្រៀលនេះក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី ១៤ ខែកក្កដា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអភិរក្សក្រៀលដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអប់រំផ្សព្វផ្សាយ»។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឱ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឱ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ។
ក្រសួងបរិស្ថានបានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ ២០២៣ នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាម ដូចជាតំបន់ដីសណ្តទន្លេមេគង្គ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឦសាន។
បើតាមលោក នេត្រ ភក្ត្រា កាលបរិច្ឆេទនៃការធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈ គឺមានចំនួន ១៨០ ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនឹងលទ្ធផលឆ្នាំ ២០២២ ដែលរាប់បានតែ ១៥៦ ក្បាល និងឆ្នាំ ២០២១ រាប់បានតែ ១៦១ ក្បាល។
លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវាជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសម្បុកសត្វក្រៀលរួមជាមួយនឹងសត្វពេញវ័យបន្តពូជ ១ គូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល ២០ ឆ្នាំកន្លងមកនេះ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានលើកឡើងដែរថា កម្ពុជានៅមានវត្តមានសត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ ប៉ុន្តែសត្វនេះកំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនដែលត្រូវរួមគ្នាដោះស្រាយជាបន្ទាន់។
លោកបានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជា ដើម្បីកៀរគរធនធានក្នុងការអនុវត្តផែនការអភិរក្សសត្វក្រៀលរយៈពេល ១០ ឆ្នាំ (២០២០-២០៣០) នៅកម្ពុជា។
លោកថ្លែងថា៖ «យើងសង្ឃឹមថា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីរដ្ឋបាលព្រៃឈើ រួមនឹងអង្គការពាក់ព័ន្ធសំខាន់ៗមួយចំនួនកត្តាគំរាមកំហែងដស់សត្វក្រៀលដែលបានចែងក្នុងផែនការ ១០ ឆ្នាំនឹងត្រូវបានដោះស្រាយ សត្វក្រៀលយើងនឹងបន្តកើនឡើងវិញ»។
សត្វក្រៀល ជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកសត្វក្រៀល ៤ ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF៕