ភ្នំពេញៈ ក្នុងរយៈពេល ១១ ឆ្នាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំង ២៥ រាជធានី ខេត្ត បានរហូតដល់ជាង ១ ពាន់លើក ក្នុងនោះមានប្រជាពលរដ្ឋដែលបានទទួលសេវានេះជាង ១១ លាននាក់។
តាមរយៈរបាយការណ៍របស់លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ក្នុងរយៈពេល ១១ ឆ្នាំ ដែលគិតចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកក្កដា ឆ្នាំ ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១ ០៩៧ លើក នៅទូទាំងប្រទេស។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងរយៈពេល ១១ ឆ្នាំមកនេះ ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»។
ក្នុង ២៥ រាជធានី ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានពិនិត្យព្យាបាលអ្នកជំងឺចំនួន ១ ០៩៧ លើក ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១១ ៨៤២ ១៨៤ នាក់ ក្នុងនោះស្ត្រីមានចំនួន ៦ ០៥៤ ៦៩៤ នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ ដុល្លារ ដែលសរុបត្រូវចំណាយទាំងអស់ជាង ៥៩២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក លេង ផាលី។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ៣០ ខែកក្កដា លោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមនឹងមន្ត្រីជាន់ខ្ពស់នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យ និងចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ៩៨៥ នាក់ ស្រី ៦៥០ នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជុំវិញការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះដែរ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា លោកមានក្តីសប្បាយរីករាយនៅពេលឃើញសមាគមនានាមិនថា សមាគមក្រុមគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី តែមួយនោះទេ សមាគមផ្សេងៗទៀតក៏ដោយ ឱ្យតែបានចុះទៅជួយព្យាបាលជំងឺប្រជាពលរដ្ឋ គឺជារឿងល្អ បំផុត។
លោកបានថ្លែងនៅថ្ងៃទី ៣១ ខែកក្កដាថា នៅពេលដែលមានសមាគមចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់នេះ បានជួយយ៉ាងច្រើនដល់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងគួរតែបន្តធ្វើបន្ថែមទៀត ពិសេសអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់គួរតែបន្តធ្វើដូចនេះបន្តទៀត។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖ «សមាគមទាំងអស់ដែលបានចុះទៅជួយពលរដ្ឋ គឺទី១ ធ្វើការព្យាបាលនៅពេលដែលគាត់មានជំងឺផ្សេងៗដែលនេះយើងឃើញភ្លាមៗហើយមួយទៀត ជួយផ្លាស់ប្តូរទម្លាប់ ផ្លាស់ប្តូរការគិត និងគំនិតរបស់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ឈឺ ហើយទៅបន់ស្រន់ ឬសែនព្រេន បែរមករកវិស័យសុខាភិបាលវិញ៕