ភ្នំពេញៈក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ថា មន្ត្រីជាន់ខ្ពស់នៃក្រសួង បានដឹកនាំក្រុមការងារជួបសម្តែងការគួរសម ជាមួយនឹងនាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋាន ប្រណីតសំខាន់ៗនៅកម្ពុជា។
កិច្ចពិភាក្សានេះ ដឹកនាំដោយលោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជួបជាមួយលោក Dennis Keller នាយកប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកនេះ។
យោងតាមក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីចុះបញ្ជីហោះហើរជាផ្លូវការនិងសិក្សាពីលក្ខណៈបច្ចេកទេសនិងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម។
ក្រសួងបន្តថា ក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះលើទឹកចំនួន ២ គ្រឿងនៅចុងឆ្នាំ២០២៣ នេះ នឹងសាកល្បងហោះហើរ សម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណីតសំខាន់ៗ ដូចជា កោះសង្សារ កោះក្របី សណ្ឋាគារ Royal Sand។
ក្នុងជំនួបនោះ លោក ជុក ជំនោរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «ផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា»។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោក ជុក ជំនោរ នឹងស្នើសុំការគាំទ្រជាផ្លូវពីការ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដើម្បីជំរុញផលិតផលនេះឱ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឱ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១ ខែសីហាដែរថា ដោយលោកគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការនេះ ជាពិសេសគាំទ្រចំពោះការវិនិយោគរបស់ក្រុម ដែលធ្វើឱ្យមានសេវាកម្ម កម្សាន្តសម្បូរបែបដែលនឹងជួយជំរុញភ្ញៀវទេសចរឱ្យមកលេងខេត្តព្រះសីហនុបន្ថែមទៀត។
ទោះជាយ៉ាងណា លោកក៏បានស្នើឱ្យក្រុមហ៊ុនត្រូវមានច្បាប់អនុញ្ញាត និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមយន្តហោះរបស់ខ្លួន មុននឹងដាក់ឱ្យដំណើការសេវាកម្ម ។
លោក តាំង សុចិត្រគ្រឹស្នា ថ្លែងថា៖ «ខ្ញុំសូមជម្រាបថា វាគ្រាន់តែផ្នែកមួយនៃសេវាកម្មទេសចរណ៍ វាមិនអាចទាក់ទាញបានច្រើនទេ ប៉ុន្តែបើគោលដៅមួយមានសេវាកម្មសម្បូរបែប វានឹងអាចជួយទាក់ទាញបន្ថែមទៀត»។
សូមរំឭកផងដែរថា នាដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការលើយន្តហោះតាមសមុទ្រនៅប្រទេសកម្ពុជា៕