​ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​​សត្វព្រៃ ​(WCS)​ បានប្រកាសថា សត្វ​ខ្សឹប​ញី​ ១ ​ក្បាល ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក ដែល​ខ្សោយ​អស់កម្លាំង និង​មិនអាច​ហើរ​បាន​នោះ បច្ចុប្បន្ន​មាន​សភាព​ល្អ​ប្រ​​សើរ​ឡើងវិញ​ហើយ ក្រោយ​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​ក្រុម​អ្នកជំនាញ​។​


​យោងតាម​អង្គការ WCS នៅ​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា​កន្លង​ទៅ កសិករ​ឈ្មោះ ​ជិន សុធា រស់នៅក្នុង​ភូមិ​ស្រះ​សំបួរ ឃុំ​ពង្រ ស្រុក​តាំង​គោក ខេត្ដ​កំពង់ធំ បាន​ជួយសង្គ្រោះ​សត្វ​ខ្សឹប​ញី​ ១ ​ក្បាល ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក ហើយ​នៅ​កម្ពុជា​សត្វ​ប្រភេទ​នេះ​មាន​វត្តមាន​នៅតែ​តំបន់​វាលស្មៅ​លិច​ទឹក​នៃ​ទំនាប​បឹង​ទន្លេសាប​ប៉ុណ្ណោះ​»​។

​អង្គការ WCS បាន​បន្តថា​៖ «​សត្វ​​បក្សី​ដែល​ត្រូវបាន​គេ​ជួយសង្គ្រោះ​នេះ គឺមាន​សភាព​ខ្សោយ​អស់កម្លាំង និង​មិនអាច​ហើរ​បាន គាត់​បាន​យក​វា​មក​ផ្ទះ​របស់គាត់​រួច​ក៏​រាយការណ៍​ដល់​ក្រុម​ការងារ​នៃ​គម្រោង​របស់​អង្គការ WCS​ ប្រចាំ​តំបន់​ទេសភាព​ទន្លេសាប​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​បន្ទាប់​»​។​


​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុម​ការងារ​អង្គការ ​WCS បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ​(ACCB)​ ដែលមាន​មូលដ្ឋាន​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ «​ភ្នំ​គូលែន​»​ ដើម្បី​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​សត្វ​នេះ​ឡើងវិញ​។​

​អង្គការ​ WCS បាន​បន្ថែមថា​៖ «​សត្វ​ខ្សឹប​ញី​ ១ ​ក្បាល​នេះ ត្រូវបាន​បញ្ជូន​ដល់​មណ្ឌល​សង្គ្រោះ​នៅ​ម៉ោង ​១១ យប់ នា​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ ​២០២៣​។ បន្ទាប់ពី​ទទួល​ការព្យាបាល និង​ថែទាំ​ពី​ក្រុម​ពេទ្យសត្វ​ជំនាញ​របស់​អង្គការ ACCB សត្វ​ ១ ​ក្បាល​នេះ មាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់ តែ​ជើង​ទាំង​ ២ ​របស់​វា​នៅ​មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ ដែល​ទាមទារ​ការ​ពិនិត្យ​តាមដាន​ជា​បន្ត​ផងដែរ​»​។​


​ជាមួយគ្នានេះ អង្គការ WCS ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ការយល់ដឹង ស្រឡាញ់ និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ដ៏​កម្រ​ទាំងអស់គ្នា​ថែមទៀត​។​

​ជុំវិញ​រឿងនេះ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្នុងនាម​ជា​អ្នក​អភិរក្ស លោក​ពិត​ជាមាន​ក្តីរំភើប និង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​សហការ​ចូលរួម​អភិរក្ស​សត្វ​ខ្សឹប ខណៈ​លោក​ក៏បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ការពារ​សត្វ​ខ្សឹប​ដែលជា​សត្វ​កម្រ​របស់​ពិភពលោក​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​កាយវិការ​មួយ​ដែល​បាន​ចូលរួម​ក្នុង​ការពារ​សត្វ​ខ្សឹប​ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ដាច់​ពូជ​នៅលើ​ពិភពលោក ហើយ​មានតែ​នៅ​ប្រទេស​កម្ពុជា​តែមួយគត់ ហើយ​ផ្នែក​ព្យាបាល​ឱ្យ​ជា​ឡើងវិញ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​មន្ត្រី​បសុសត្វ និង​ក្រុម​អភិរក្ស​ក្នុងការ​ចូលរួមចំណែក​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​ប្រសើរ​ឡើងវិញ​»​។​

​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ លោក​ នេត្រ ភក្ត្រា បានបង្ហាញ​ការ​​ជឿជាក់ថា នឹង​ធ្វើឱ្យ​ចំណេះដឹង​ក្នុងការ​ចូលរួម​អភិរក្ស​សត្វ​កម្រៗ​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​មានការ​កើនឡើង​នេះ ដែលជា​ផ្នែក​ជួយ​ជំរុញឱ្យមាន​កំណើន​ប្រភេទ​សត្វ​កម្រ​មួយ​នេះ​ក៏ដូចជា ប្រភេទ​សត្វ​កម្រ​ដទៃទៀត​មានការ​កើន​ឡើង និង​អាចមាន​លទ្ធភាព​បន្ត​ពូជ​ជា​បន្តបន្ទាប់​បាន​។​

​បើតាម​ក្រសួងបរិស្ថាន បច្ចុប្បន្ន​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប គឺជា​ទីជម្រក​តែមួយគត់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុងមាន​វត្តមាន​សត្វ​ខ្សឹប​ដ៏​កម្រ​របស់​ពិភព​លោក​នេះ​។ សត្វ​ខ្សឹប​ជា​សត្វ​កម្រ និង​ស្ថិតនៅក្នុង​ប្រភេទ​សត្វ​ស្លាប​ដែល​គ្រោះថ្នាក់​បំផុត​ជិត​ផុត​ពូជ​ពីលើ​ពិភព​លោក​យើង​នេះ​ដែល​ទាមទារ​ជា​ចាំបាច់​ឱ្យមាន​ការចូល​រួមការ​ពារ និង​អភិរក្ស​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​ពី​ប្រជា​​ពលរដ្ឋ​នៅក្នុង​តំបន់​ដែលជា​ទីជម្រក​សត្វ​ខ្សឹប​រស់នៅ​ពង​កូន​៕