ព្រះសីហនុៈ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ បានធ្វើការគូសបញ្ជាក់ជាថ្មីថា មូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា មិនមែនជារបស់បរទេសណាមួយឡើយគ្រាន់តែការធ្វើទំនើបកម្មមូលដ្ឋាននេះ ត្រូវបានចិនជួយជាជំនួយបច្ចេកទេសតែប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់បន្តថា កម្ពុជាមានសិទ្ធិក្នុងការធ្វើទំនើបកម្មយោធាខ្លួន ហើយមូលដ្ឋានទ័ពរាមមិនបានគំរាមកំហែងសន្តិសុខតំបន់នោះទេ ដែលការធ្វើទំនើបកម្មនេះក្នុងន័យពង្រឹងសមត្ថភាពការពារជាតិ និងដើម្បីបុព្វហេតុសន្តិភាព។
ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជានេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាទូរស័ព្ទនៅថ្ងៃទី ១ ខែសីហា គឺ ២ ថ្ងៃបន្ទាប់ពី លោក និងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពរាម នៅចំពោះមុខការលើកឡើងពីបណ្តាញផ្សព្វផ្សាយអន្តរជាតិយ៉ាងផុសផុលថា មូលដ្ឋានទ័ពរាមនេះ ជាកម្មសិទ្ធិរបស់ចិន ក្នុងយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋានទ័ពចិនក្រៅប្រទេសទី២ នៅលើពិភពលោក។
ជុំវិញបញ្ហានេះ លោក ទៀ បាញ់ បានថ្លែងដូច្នេះថា៖ «ខ្ញុំបញ្ជាក់មួយថា សំណង់នៅមូលដ្ឋានរាម ដែលកំពុងសាងសង់ ឬកំពុងធ្វើទំនើបកម្មនេះ គឺនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា គឺកម្ពុជាជាម្ចាស់ គ្មាននរណាផ្សេងមកធ្វើជាម្ចាស់ទេ ប៉ុន្តែកម្ពុជាស្វះស្វែងរកជំនួយ គឺយើងរកបានជំនួយពីចិន ដោយជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានសមុទ្រ»។
លោកបានបន្តថា ចិនបានជួយផ្នែកបច្ចេកទេសលើហេដ្ឋារចនាសម្ព័ន្ធយោធាដូចជា កំពង់ផែ រោងជាង អគារសម្រាប់ស្នាក់នៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព ជាដើមសម្រាប់ការប្រើប្រាស់របស់កងទ័ពកម្ពុជាប៉ុណ្ណោះ។ការធ្វើទំនើបកម្មនេះ ដើម្បីបង្កើនសមត្ថភាពផ្នែកយោធាកម្ពុជាក្នុងបុព្វហេតុសន្តិភាព មិនដូចការចោទប្រកាន់នានាថា ជាការគំរាមកំហែងសន្តិសុខតំបន់នោះឡើយ ហើយជាសិទ្ធិរបស់កម្ពុជាក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។
លោកលើកឡើងថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ជាការចាំបាច់មិនអាចខ្វះបាន ដើម្បីបម្រើដល់ការថែទាំ និងជួសជុលនាវា យោធាចាស់ៗរបស់កម្ពុជា និងជាការបើកផ្លូវសមត្ថភាពផែ ដែលអាចផ្ទុកនាវាចម្បាំងធុនមធ្យមនៅពេលខាងមុខ ដើម្បីបង្កើនសមត្ថភាពការពារដែនអធិបតេយ្យជើងទឹករបស់កម្ពុជា។
លោក ទៀ បាញ់ បញ្ជាក់ថា ៖ «ការធ្វើទំនើបកម្មមូលដ្ឋានយោធាជើងទឹករាមនេះ មិនមែនកើតចេញងាយៗទេ យើងបានស្វែងរកជំនួយ និងលទ្ធភាពនេះរាប់សិបឆ្នាំ ទម្រាំបានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំដូច្នេះសម្រាប់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាក្នុងផ្នែកសមុទ្រហ្នឹង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញការទូតសន្តិសុខយល់ស្របចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ ដែលលោកថា ជាការសមស្របនឹងបរិបទសន្តិសុខតំបន់នាពេលបច្ចុប្បន្ន ខណៈកម្ពុជាតែងប្រកាន់អព្យាក្រឹតក្នុងការធ្វើទំនើបកម្មយោធា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយោធាខ្លួនដើម្បីបង្កើនសមត្ថភាពកងទ័ពស្របពេលចរន្តពិភពលោកក៏កំពុងឱ្យរដ្ឋនីមួយៗ ពង្រឹងសមត្ថភាពផ្នែកនេះដូចគ្នា។
លោក ថុង ម៉េងដាវិត ប្រាប់ថា៖ «ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ជាការលើកកម្ពស់បច្ចេកទេសកសាងជំនាញនិងពង្រីកចំនួននាវាដែលអាចសំចតបាន។ មូលដ្ឋានកងទ័ពជើងទឹករាមជាមូលដ្ឋានទ័ពយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងប្រតិបត្តិការការពារអធិបតេយ្យដែនសមុទ្រកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងសមយុទ្ធជាមួយនឹងប្រទេសជិតខាង និងដទៃទៀត»។
លោកបន្តថា ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ជាចំណែកដើម្បីការពារសន្តិសុខ អធិបតេយ្យភាពកម្ពុជា ជាការបម្រើដល់ប្រយោជន៍កម្ពុជាខ្លួនឯង មិនមែនដើម្បីបម្រើបរទេស ឬប្រទេសមហាអំណាចណាមួយឡើយ។
ទន្ទឹមនឹងនេះ លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ យល់ថា ជាធម្មតាការធ្វើទំនើបកម្មយោធារបស់រដ្ឋមួយ តែងធ្វើឱ្យរដ្ឋក្បែរខាងមានការព្រួយបារម្ភហើយ ជាក់ស្តែងទំនើបកម្មយោធា នៃមូលដ្ឋានទ័ពរាមនេះ ប្រាកដជាធ្វើឱ្យប្រទេសជិតខាង និងប្រទេសដទៃមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេមិនខាន។
លោក រ៉ូ វណ្ណៈ ពន្យល់ពីលក្ខខណ្ឌពិភពលោកពហុប៉ូល និងការប្រណាំប្រជែងភូមិសាស្ត្រនយោបាយ ជាប់ពាក់ព័ន្ធកម្ពុជាដូច្នេះថា៖ «ជាធម្មតា ខណៈពេលចិន និងអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពល ការធ្វើទំនើបកម្មមូលដ្ឋានយោធារាមដែលជាប់ពាក់ព័ន្ធនឹងចិននេះ ត្រូវបានលោកខាងលិចមើលឃើញជាការគំរាមកំហែង»។
លោកបានបន្តថា៖«ក្នុងន័យនេះ វាចៀសមិនផុតពីការចោទប្រកាន់ជុំវិញលទ្ធភាពនៃវត្តមានមូលដ្ឋានទ័ពចិន នៅកម្ពុជា ហើយកម្ពុជានឹងត្រូវទទួលរងសម្ពាធដទៃទៀតនៅពេលខាងមុខ»។ នៅចំពោះមុខការប្រណាំងប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកនេះ លោក រ៉ូ វណ្ណៈយល់ថា ប្រធានបទជុំវិញមូលដ្ឋានទ័ពរាម និងវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជានឹងនៅតែជាការជជែកវែកញែកដ៏ក្តៅគគុកសម្រាប់វេទិកាតំបន់ និងអន្តរជាតិ។
សូមជម្រាបថា ប្រធានបទជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា នៅតែមានភាពចម្រូងចម្រាសក្នុងរង្វង់មតិអន្តរជាតិ ជាពិសេសរវាងសម្ព័ន្ធមិត្តអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាសម្រេចវាយកម្ទេចអគារមួយដែលជាជំនួយរបស់អាមរិកនៅមូលដ្ឋានទ័ពរាមនេះកាលពីខែតុលា ឆ្នាំ ២០២០។
ចាប់ពីពេលនោះមកសហរដ្ឋអាមេរិកបានចោទកម្ពុជាថា បានប្រគល់សិទ្ធិផ្តាច់មុខនៃមូលដ្ឋានទ័ពរាមឱ្យទៅចិន ខណៈដែលរដ្ឋាភិបាលកម្ពុជា និងចិនបានបដិសេធជារឿយៗចំពោះការចោទប្រកាន់នេះ និងខណៈដែលតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា មិនអនុញ្ញាតឱ្យបរទេសណាមួយដាក់មូលដ្ឋានទ័ពខ្លួននៅលើទឹកដីកម្ពុជាបានឡើយ៕