ភ្នំពេញ​: ការប្រកួត​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​សិង្ហ​បុរី​ឆ្នាំ ​២០២៣ (SIMOC) បានបញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៣ បន្ទាប់ពី​បាន​ទាក់​ទាញ​បេក្ខជន​ចំនួន ​១ ៦៣៣​ នាក់​ មកពី ​២៥ ​ប្រទេស ​ដែល​ក្នុងនោះ​មាន​សិ​ស្សា​-​នុ​សិស្ស​កម្ពុជា​ដ៏​មាន​ទេពកោសល្យ ​៣៧​ នាក់​មកពី​សាលា​ចំនួន ​១៤ ​ទីតាំង​ផងដែរ​។​


​ក្នុងចំណោម​សិស្សានុសិស្ស​ឆ្នើម​ដែល​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ៤២ គឺ ថាវរៈ ប៊ុណ្ណ​វឌ្ឍនៈ ​អាយុ ១២ ឆ្នាំ​ បានឈ្នះ​មេដាយមាស​។ នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ​៦ ​ឆ្នាំ ដែល​បេក្ខជន​កម្ពុជា​បាន​ចូលរួម​ការប្រកួត​អន្តរជាតិ​។​

​លោក ​យ៉ែម សុ​ភ័​ណ្ឌ​ ប្រធាន​រៀបចំ​ការប្រឡង​គណិត​វិទ្យា​អន្តរជាតិ​សិង្ហ​បុរី ​(SIMCC)​ ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា​៖ «​នេះ​ជា​ឆ្នាំ​ទី​១ នៅក្នុង​រយៈពេល ​៦​ ឆ្នាំ​ចុងក្រោយ ដែល​បេក្ខជន​កម្ពុជា ចូលរួម​ការប្រឡង​ក​ម្រិ​ត​អន្តរជាតិ គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​សិង្ហ​បុរី​ទទួលបាន​រង្វាន់​សិស្ស​លំដាប់​ខ្ពស់​ទាំង​ ៣ និង​មេដាយមាស​ពី​ការប្រកួត​លើ​វិញ្ញាសា​គណិតវិទ្យា​ជា​ឯកជន​នេះ​»​។​


SIMOC គឺជា​ការប្រកួតប្រជែង​គណិតវិទ្យា​តែ​ ១​ គត់ ដែល​សាកល្បង​ជំនាញ​ដោះស្រាយ​បញ្ហា​នៅលើ​ក្រដាស និង​ការងារ​ជា​ក្រុម​តាមរយៈ​ហ្គេម​អន្តរ​កម្ម​និង​ល្បែង​ផ្គុំ​រូប​។ អ្នកចូលរួម​ធ្វើការ​ប្រកួតប្រជែង​រវាង​សិស្សានុសិស្ស​ទេព​កោសល្យ​កំពូល​នៅ​ទូទាំង​ពិភពលោក​ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​មេដាយ​និង​ពាន​ជា​លក្ខណៈ​បុគ្គល​និង​ក្រុម​។​

​វឌ្ឍនៈ​ ដែល​ចាប់ផ្ដើម​ប្រកួតប្រជែង​ផ្នែក​គណិតវិទ្យា​តាំងពី​រៀន​ថ្នាក់​ទី​៥ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សរុប​មេដាយ​និង​ពិន្ទុ​ទាំង ​៣ វិញ្ញាសា​ខ្ញុំ​ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត​លំដាប់​ទី​ ២ នៅលើ​ពិភពលោក​ដែល​ទទួលបាន​ពាន​ ១ ​មក​ផ្ទះ​វិញ​»​។


​ការប្រកួត​គណិតវិទ្យា​ជា​ឯកជន គឺជា​ការប្រឡង​សរសេរ​ជា​លក្ខណៈ​បុគ្គល ដែលមាន​ ១១​ កម្រិត ចាប់ពី​ថ្នាក់​ទី ​១ ​ដល់ ១១/១២​។ អ្នកចូលរួម​មាន​ពេល​ ៩០ ​នាទី​ ដើម្បី​ឆ្លើយ​សំណួរ​ចំនួន​ ២៥ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ ១៥ ​ពិន្ទុ​បន្ថែម​ហើយ​ពិន្ទុ​ល្អឥតខ្ចោះ​គឺ ​៨៥ ​ពិន្ទុ​។ ផ្នែក A មាន​ ១៥​ សំណួរ​ច្រើន​ជម្រើស ដែលមាន​ ២ ​ពិន្ទុ​សម្រាប់​ចម្លើយ​ត្រឹមត្រូវ សូន្យ​ពិន្ទុ សម្រាប់​សំណួរ​ដែល​មិនបាន​ឆ្លើយ​និង​ពិន័យ​ដក ១ ពិន្ទុ​សម្រាប់​ចម្លើយ​ខុស​ខណៈពេលដែល​ផ្នែក B មាន​ ១០​ សំណួរ​បើកចំហ​ដែលមាន​ ៤ ​ពិន្ទុ សម្រាប់​ចម្លើយ​ត្រឹមត្រូវ និង​គ្មាន​ការពិន័យ​សម្រាប់​ចម្លើយ​ខុស​។

​ការប្រកួត​ជា​ក្រុម (Maths Warriors Competition) ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០២ ដោយ​លោក Henry Ong ​ស្ថាបនិក SASMO ដើម្បី​ជួយ​សិស្ស​ឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​គណិតវិទ្យា​គឺជា​ហ្គេម​សាក​ល្បង​សមត្ថភាព​នព្វន្ត​ផ្លូវចិត្ត​និង​ការគិត​ជា​យុទ្ធសាស្ត្រ​របស់​សិស្ស​។​

​ជាមួយ​ការដាក់ឱ្យ​ប្រើប្រាស់​ដំបូង​នៅ​សិង្ហ​បុរី វា​បាន​ក្លាយជា​ផ្នែក​មួយ នៃ​ការប្រកួត​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​សិង្ហ​បុរី ​(SIMOC) ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ​ ២០១៥​។ ដោយសារ​ជោគជ័យ​វា​ត្រូវបាន​ផ្ដល់ទៅឱ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា (MOEYS) និង​បាន​ក្លាយជា​វិញ្ញាសា​ប្រកួត​ថ្នាក់ជាតិ​។​

​ភាពជា​ដៃគូ​ជាមួយ​សមាគម​គណិត​វិទ្យា​កម្ពុជា​ (CMS) ក្នុង​ឆ្នាំ​ ២០២០ មាន​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​គ្រូបង្រៀន​និង​ផ្តល់​អាហារូបករណ៍​បន្ថែមទៀត សម្រាប់​សិស្ស​និង​អ្នក​អប់រំ​កម្ពុជា​។ វា​នឹង​ក្លាយជា​ការប្រកួតប្រជែង​ថ្នាក់ជាតិ​ក្នុងប្រទេស​អាស៊ាន​ផ្សេងទៀត​។​

​ការប្រកួត​ជា​ក្រុម (Mind Sports Challenge) ជា​សកម្មភាព​ប្រកួត​រយៈ​​ពេល​មួយ​ម៉ោង​រវាង​ក្រុម​សហការគ្នា​ដើម្បី​ដោះស្រាយ​ល្បែង​ផ្គុំ​រូប​ដោយ​ដៃ ហើយ​អ្នកចូលរួម​ទទួលបាន​ពិន្ទុ​ដោយ​ផ្អែកលើ​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​។ ពេល​ត្រៀម​ចូល​ថ្នាក់​ទី​១២ ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ខាងមុខ​យុវ​សិស្ស​វឌ្ឍនៈ​បាន​សង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការអភិវឌ្ឍ​ចំណេះដឹង តាំងពី​កុមារភាព​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​ប្រាថ្នា​ចង់​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។ សមិទ្ធផល​របស់​យុវ​សិស្ស​រូបនេះ ជា​សក្ខីភាព​បញ្ជាក់​ពី​សក្ដានុពល​របស់​គណិត​វិទូ​វ័យក្មេង​នៅ​កម្ពុជា ហើយ​វឌ្ឍនៈ​គ្រោង​នឹងចូលរួម​ក្នុង​ការប្រកួត​គណិតវិទ្យា​អន្តរជាតិ​ឆ្នាំ ​២០២៣​ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ទៀត​។​

យុវសិស្ស ថាវរៈ ប៊ុណ្ណវឌ្ឍនៈ អាយុ ១៥ ឆ្នាំបានឈ្នះមេដាយមាស។ រូបថត សហ​ការី

​ក្នុងចំណោម​សមិទ្ធផល​ដែល​ទទួលបាន​នោះ​មាន​សិស្ស​ថ្នាក់ខ្ពស់​ចំនួន ៣ ​នាក់ ក្នុង​កម្មវិធី​រួម​ថ្នាក់​ទី​ ១១ មេដាយមាស​ ១៣​ គ្រឿង​មេដាយប្រាក់​ ៦ និង​មេដាយ​សំរឹទ្ធ​ ២៣ ​គ្រឿង​។​

​យុវ​សិស្ស គង់វង្ស ឧ​ត្ត​ម​ពិសិដ្ឋ សិស្ស​ថ្នាក់​ទី​ ១០ មកពី​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏បាន​ធ្វើឱ្យ​កម្ពុ​ជាមាន​មោទនភាព​ជាមួយ​ការទទួលបាន​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​ជា​ក្រុម (Mind Sports Challenge) នៅ SIMOC​។ ពិសិដ្ឋ និយាយថា ប្រភេទ​ការ​ប្រកួត​មុខវិជ្ជា​គណិតវិទ្យា​(Mind Sports Challenge) មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​ទូទាំង​តំបន់​អាស៊ី​តែ​នៅ​កម្ពុជា​មិនទាន់មាន​ការពេញនិយម​នៅឡើយ​ទេ ដោយសារ​វា​ត្រូវបាន​ចាត់ទុកជា​ល្បែង​-​កម្សាន្ដ​ជាជាង​មុខវិជ្ជា​គណិតវិទ្យា​។

​ពិសិដ្ឋ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​វា​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង​ការដោះស្រាយ​លើ puzzle ដោយ​យើង​នឹង​ទទួលបាន​ពិន្ទុ​ទៅតាម​ការដោះស្រាយ puzzle ដែល​បានកំណត់​»​។​

​ជា​មិ​ត្ដ​រួម​ថ្នាក់​នៅ​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះ​ស៊ីវ​ត្ថិ យុវ​សិស្ស កុសល សុខា វិទូ ទទួលបាន​មេដាយមាស លើ​វិញ្ញាសា​ការប្រកួត​ជា​ក្រុម (Maths Warriors Competition)​។ វិទូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ដើម្បី​សម្រេចបាន​និង​ទទួលបាន​មេដាយ​ខ្ញុំ​ខិតខំ​សិក្សា​បន្ថែម​លើសពី​កម្មវិធីសិក្សា​របស់​រដ្ឋ ហើយ​ព្យា​យាម​ធ្វើ​លំ​ហាត់​វិញ្ញាសា​ប្រឡង​ចាស់ៗ​»​។​

​អ្នក​ទាំង​ ៣ បាន​និយាយ​នៅពេល​ត្រឡប់​មកពី​សិង្ហ​បុរី​នៅ​ថ្ងៃទី ​២៥ កក្កដា​ថា​៖ «​យើង​លើកទឹកចិត្ត​សិស្ស​របស់​យើង​ឱ្យ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ថ្នាក់ជាតិ និង​អន្តរជាតិ​លើ​វិញ្ញាសា​ផ្សេងៗ​គ្នា ជា​​មួយ​នឹង​ការរៀបចំ​ឱ្យបាន​ហ្មត់ចត់ មិន​ថា តាមរយៈ​ការសិក្សា​នៅ​សាលា​ស្តង់ដា​អន្ដរជាតិ​ឬ​ការសិក្សា​ដោយ​ខ្លួនឯង​»​។​

​លោក សោ​ភ័​ណ្ឌ បាន​កោតសរសើរ​ចំពោះ​ស្នាដៃ​របស់​សិស្សានុសិស្ស និង​បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​កម្ពុជា​កាន់តែច្រើន​ក្នុងការ​ចូលរួម​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។​

​បេក្ខជន​ដែល​អាចមាន​សិទ្ធិ​ទៅ​ចូល​រួមការ​ប្រឡង​នេះ​ត្រូវតែ​ជា​បេក្ខជន​ជយលាភី​មេដាយមាស ប្រាក់ ឬ​សំរឹទ្ធ​នៃ​ការប្រឡង Singapore and Asian Schools Math Olympiad (SASMO), American Mathematics Olympiad (AMO) or Singapore Math Challenge (SMC) ជាការ​ប្រឡង​រៀបចំឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​និយាយថា​៖ «​បន្ទាប់ពី​ទទួលបាន​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅមាន​បេក្ខជន​កម្ពុជា​ជាច្រើនរូប​ទៀត​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ការប្រកួត​នេះ នៅឡើយ​តែ​ពួកគាត់​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ឬ​មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ស្តីពី​ការ​ប្រកួត​»​។

​លោក​ថា​៖ «​ខ្ញុំ​សូម​ជំ​រុញឱ្យ​បេក្ខជន​កម្ពុជា​ទាំងអស់​ធ្វើ​ការវាស់ស្ទង់​នូវ​សមត្ថភាព​របស់ខ្លួន​តា​មរយៈ​ការចូលរួម​ការប្រឡង​ផ្សេងៗ​លើ​មុខវិជ្ជា​គណិតវិទ្យា ​(SASMO, AMO, SMC...) វិទ្យាសាស្ត្រ ​(VANDA) ការគិត​តាមបែប​កុំព្យូទ័រ ​(DrCT, Bebras) ជាការ​ប្រឡង​កម្រិត​ជាតិ​ដើម្បី​ជ្រើស​រើសយក​បេក្ខជន​ជយលាភី​ទៅ​បន្ត​ការប្រឡង​កម្រិត​អន្តរជាតិ​»​។ សម្រាប់​ព័ត៌មាន​លម្អិត​ស្តីពី​ការប្រឡង​ផ្សេងៗ​សូម​ចូលមក​កាន់​ក្រុម​តេ​ឡេ​ក្រាម SIMCC Cambodia តាមរយៈ​លីង https://t.me/+spvMALns7w40Y2Fl ៕