ភ្នំពេញៈ មូលនិធិគន្ធបុប្ផា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនៅរដូវវស្សានេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រើប្រាស់ឈាមប្លាស្មាចំនួន ១៦ ប្លោកដើម្បីសង្គ្រោះជីវិតកុមារីអាយុ ៩ ឆ្នាំម្នាក់ពីជំងឺគ្រុនឈាម ខណៈក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ ៦៦៨ ករណី។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជាឱ្យដឹងថា កុមារីអាយុ ៩ ឆ្នាំម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ជាជួយសង្គ្រោះ គឺមានស្ថានភាពធ្ងន់ធ្ងរបំផុតមុនពេលបញ្ជូនមកមន្ទីរពេទ្យនេះ ហើយគ្រូពេទ្យត្រូវធ្វើការព្យាបាល ៤៨ ម៉ោងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា៖ «ការជួយសង្គ្រោះជីវិតកុមារីវ័យ ៩ ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងឡើយ»។
ទាក់ទងនឹងជំងឺគ្រុនឈាមនេះមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏បានប្រកាសឱ្យដឹងដែរថា នារដូវវស្សានេះ ជារដូវដែលសម្បូរទៅដោយមូសខ្លា ជាហេតុបង្កឱ្យកើតមានជំងឺគ្រុនឈាម ដោយសារការចម្លងពីមូសខ្លាខាំ។
មន្ទីរសុខាភិបាលមណ្ឌលគិរី ប្រកាសថា៖ «មន្ទីរមានវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតាមបណ្ដាភូមិ ឃុំ ស្រុកមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ដោយមន្ទីរនឹងធ្វើការបាញ់ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋានក្រុងសែនមនោរម្យ និងស្រុកកែវសីមា ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៩ ខែសីហា»។
ចំណែកលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានឱ្យដឹងនៅថ្ងៃទី ១ ខែសីហាដែរថា នៅទូទាំងខេត្តព្រះវិហារ មានស្រុកចំនួន ៤ ក្នុងចំណោមក្រុងស្រុកទាំង ៨ កំពុងមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ។
លោកបន្តថា ខាងមន្ទីរសុខាភិបាលខេត្តបានចុះអប់រំ ណែនាំប្រជាពលរដ្ឋឱ្យចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួន ហើយក៏បានចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមតំបន់ដែលមានការរាតត្បាតពីជំងឺគ្រុនឈាម ហើយមន្ទីរក៏បានចុះដាក់ថ្នាំអាប៊ែត នៅតាមអាងទឹករបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានត្រៀមមន្ទីរពេទ្យ និងថ្នាំសង្កូវ ដែលធ្វើយ៉ាងណាសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងកុមារ នៅទូទាំងខេត្តព្រះវិហារ។
លោក គួង ឡូ និយាយថា៖ «ចំពោះការបាញ់ថ្នាំសម្លាប់សត្វមូសនេះ យើងបាញ់តែកន្លែងដែលផ្ទុះកន្លែងដែលមានការរាតត្បាត ដែលយើងគិតថា កន្លែងដែលមានការរាតត្បាតនោះប្រាកដណាស់ថា មានផ្ទុះដោយមេរោគគ្រុនឈាមដូច្នេះគោលដៅយើងបាញ់ គឺសម្លាប់មូសដែលមានផ្ទុកមេរោគគ្រុនឈាម»។
លោកបញ្ជាក់ថា ចាប់តាំងពីសប្ដាហ៍ទី១ ដើមឆ្នាំ ២០២៣ រហូតមកដល់សប្ដាហ៍ទី ៣០ នេះ ជំងឺគ្រុនឈាមនៅក្នុងខេត្តព្រះវិហារសរុបទាំងអស់មានចំនួន ៥៩០ ករណី ក្នុងនោះមានកុមារចំនួន ៣៩៥ ករណី ដែលរកឃើញមានជំងឺគ្រុនឈាម ខណៈដែលស្រុកមានការរាតត្បាតជំងឺគ្រុនឈាមខ្លាំងជាងគេ គឺស្រុកជាំក្សាន្ត បន្ទាប់មកស្រុកគូលែន ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។
បើពិនិត្យមើលក្នុងសប្ដាហ៍ទី ៣០ នេះ ស្រុកទាំង ៤ នៃខេត្តព្រះវិហារដែលមានការរាតត្បាតជំងឺគ្រុនឈាម មានការធ្លាក់ចុះហើយព្រោះកាលពីសប្ដាហ៍ទី ២៩ មានករណីគ្រុនឈាមចំនួន ១១២ ករណី ប៉ុន្តែសប្ដាហ៍ទី ៣០ នេះ គឺបានធ្លាក់ចុះមកត្រឹម ១០០ ករណី។ នេះបើតាមលោក គួង ឡូ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ៤ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ ករណីដែលចំនួននេះមានការកើនឡើងជិត ២ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន៕