ភ្នំពេញៈ ​ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​សិក្សា​​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន ភ្នំ​គូលែន​ដើម្បី​ផ្សព្វផ្សាយ​និង​អភិ​​រក្ស​ពូជ​កេសរ​កូ​ល​ព្រៃ និង​ដើម្បី​ទាក់​ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​ផងដែរ​។​


​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី ​១ ខែសីហា​ថា មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១៨ ​មក ដែល​ក្រសួង​នឹងដាក់​សម្ពោធ​នៅ​ថ្ងៃទី​ ២ ខែសីហា ឆ្នាំនេះ​។​

​មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​ក្នុង​បំណង​សំខាន់​ គឺ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​មាននៅ​កម្ពុជា ដើម្បី​អភិរក្ស​ឱ្យបាន​គង់វង្ស​។


​លោក​បាន​បន្តថា មជ្ឈមណ្ឌល​នេះ​ក៏​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រីក​ការផ្សព្វផ្សាយ​អំពី​ប្រភេទ​កេសរ​កូ​ល​ដល់​សាធារណជន​ឱ្យបាន​យល់​ជ្រាប ព្រោះ​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ​ដែលមាន​រហូតដល់​ជាង​ ៥ ០០០ ​ប្រភេទ​។

​លោក​បាន​បន្ថែមថា នៅមាន​ប្រភេទ​រុក្ខជាតិ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ដែល​ក្រសួង​កំពុង​សិក្សា និង​កំពុង​ចងក្រង​ដើម្បី​អាច​កត់ត្រា​ប្រភេទ​ថ្មីៗ​និង​ប្រភេទ​ដែល​មិនអាច​កត់ត្រា​បាន​ផងដែរ​។​


​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន​នៅ​ប្រទេស​កម្ពុជា យ៉ាងហោចណាស់​មាន​កេសរ​កូ​ល​ព្រៃ​ជាង​ ៥០០​ ប្រភេទ ហើយ​បច្ចុប្បន្ន ក្រសួង​កំពុង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​នៃ​កេសរ​កូ​ល​ព្រៃ​ទាំងនោះ ដើម្បី​អាច​ចង​ជា​ទិន្នន័យ​សម្រាប់​ការថែរក្សា និង​ការ​អភិរក្ស ជាពិសេស​គឺ​សម្រាប់​បង្កាត់​ពូជ​បង្កើតជា​ប្រភេទ​ថ្មីៗ​បន្ថែមទៀត​។

​លោក​ នេត្រ ភក្ត្រា បាន​បញ្ជាក់ថា​៖ «​មណ្ឌល​នេះ ក៏មាន​គោលបំណង​ដើម្បី​បណ្ដុះ​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម ការពារ និង​អភិរក្ស​ជីវចម្រុះ រុក្ខជាតិ​ដែលមាន​តម្លៃ​សម្រាប់​កម្ពុជា ខណៈ​កេសរ​កូ​ល​នេះ ជា​ប្រភេទ​ផ្កា​ព្រៃ​ដែលមាន​សារៈសំខាន់ ជាពិសេស​វា​ក៏មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​»​។

​លោក​បាន​បន្ថែមថា នៅក្នុង​ការងារ​គ្រប់គ្រង​និង​អភិរក្ស​នេះ ជា​កិច្ចការ​មួយ​សំខាន់​ដែល​ក្រសួង​ត្រូវ​ថែរក្សា​ការពារ​ពូជ​កេសរ​កូ​ល និង​ធ្វើការ​ទប់ស្កាត់​រាល់​ការធ្វើ​អាជីវកម្ម​ហួស​ជ្រុល ពីព្រោះ​បច្ចុប្បន្ន កេសរ​កូ​ល​កំពុង​ប្រឈម​ការធ្វើ​អាជីវកម្ម​បែបនេះ​ដោយមាន​ការចូលទៅ​បោច​កេសរ​កូ​ល​ក្នុងព្រៃ​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ខាងក្រៅ​ជាដើម​។​

​លោក​ នេត្រ ភក្ត្រា ថ្លែងថា​៖ «​អ៊ីចឹង​ការរៀបចំ និង​ការបង្កើត​នូវ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​នេះ ជា​បណ្ដុំ​នៃ​ការប្រមូល​ប្រភេទ​ពូជ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​គឺ​យើង​បាន​សិក្សា​ប្រហែល​ជាង​ ២០០​ ប្រភេទ​ហើយ​ដែល​យើង​បាន​ចងក្រង​ទុក​ដោយមាន​កិច្ច​សហការ​ជាមួយ​អន្តរជាតិ ជាពិសេស​សារមន្ទីរ​នៅ​បារាំង​ដើម្បី​សិក្សា​អំពី​ប្រភេទ​ផ្សេងៗ​នៃ​កេសរ​កូ​ល​ហ្នឹង​»​។​

​រីឯ​ទំហំ​ផ្ទៃដី​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន រួមទាំង​តំបន់​អភិរក្ស​នៅក្នុង​នោះ លោក​ថា មាន​ប្រហែល​ជាង​ ២ ០០០ ​ហិកតា ហើយ​តំបន់​ទាំងនោះ​មិន​ត្រឹមតែ​ជាទី​តាំង​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ផង និង​ជា​កន្លែង​ស្វែងយល់​ពី​កេសរ​កូ​ល​ផង ដែល​វា​នឹង​ទាក់ទាញ​ទាំង​ពលរដ្ឋ​ទូទាំង​ប្រទេស ក៏ដូចជា​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​នៅទីនេះ​។​

​លោក ​នេត្រ ភក្ត្រា បន្ថែមថា​៖ «​តំបន់​ហ្នឹង​មិន​ត្រឹមតែ​ជា​កន្លែង​ផ្សព្វផ្សាយ​និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​សង្ឃឹមថា​វា​ក៏​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ទៅ​កម្សាន្ត និង​ទៅ​សិក្សា​ស្វែង​យល់​ពី​កេសរ​កូ​ល​នៅ​ហ្នឹង​ផង​»៕