ភ្នំពេញ​: កាលពី​ខែមីនា​កន្លងទៅ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានរៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី ChatGPT ភាសា​ខ្មែរ​សាកល្បង​។ គណៈកម្មាធិការ​ឌីជីថល​របស់​ក្រសួង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការវិភាគ​ប្រព័ន្ធ និង​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នក​ឌី​ហ្សា​ញ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​។


​ទន្ទឹមនឹង​ការរង់ចាំ​នេះ​និស្សិត​កម្ពុជា​ ប៉ាង វរៈ​ឧ​ត្ត​ម បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ថ្មី​សន្លាង​របស់ខ្លួន​ជាមួយ​ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការ​ទាំង App និង​វេ​ប​សាយ​។

​ក្នុងនាម​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឆ្នាំ​ទី​៣ ​នៅ​សាកលវិទ្យាល័យ Swinburne ក្នុង​ទីក្រុង Melbourne ឧ​ត្ត​ម បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី UAI: AI Khmer Search Engine ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AI ស្រដៀង​នឹង ChatGPT ដ៏​ល្បីល្បាញ​។ យុវជន​ឧ​ត្ត​ម​ដែលមាន​វ័យ ​២០ ​ឆ្នាំ​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​កម្មវិធី​នេះ មាន​គោលបំណង​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់​កម្ពុជា​ដែល​អាច​ជួប​បញ្ហា​នឹង​ភាសា​ពេល​ប្រើ ChatGPT ដោយ​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការចូល​ប្រើ​ព័ត៌មាន ដែល​ពួកគេ​ត្រូវការ​»​។​


​គំនិត​នៃ​ការបង្កើត​ឆាត​វៃឆ្លាត​នេះ ដោយសារតែ​លោក​ដឹងថា ChatGPT ដ៏​មាន​ប្រជាប្រិយភាព​ទូទាំង​ពិភពលោក​មិន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ទេ ដោយ​កត្ដា​រឹតបន្តឹង​ទីតាំង និង​តម្រូវការ VPN​។ ដោយបាន​ប្តេជ្ញាចិត្ត​ដើម្បី​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ និង​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការបន្ត​ការសិក្សា និង​វិជ្ជាជីវៈ​របស់​ពួក​គេ​ឧ​ត្ត​ម​បានសម្រេច​ចិត្ត​បង្កើត​ដំណោះ​ស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

UAI: AI Khmer Search Engine មាន​មុខងារ​ស្រដៀង​គ្នា​ទៅនឹង ChatGPT ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​សួរ​សំណួរ និង​ទទួលបាន​ការឆ្លើយតប​ជា​ភាសា​អង់គ្លេស ជាពិសេស​ភាសា​ខ្មែរ​។​


​លោក​និយាយថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​សាក​ល្បង​បង្កើត UAI App សម្រាប់​មហា​​ជន​ប្រើប្រាស់ ហើយ​នៅពេល​មាន​អ្នក​​ប្រើប្រាស់​ច្រើន វា​ចាប់ផ្ដើម crush និង​ជួប​បញ្ហា​រអាក់រអួល​ច្រើន​»​។ នេះ​ជាហេតុ​ដែល​លោក​ឧត្ដម​នៅតែ​បន្ដ​ដាក់ឱ្យ​មហាជន​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​រហូតដល់​ដំណាច់ឆ្នាំ​។ និស្សិត​វិទ្យា​សា​​ស្ដ្រ​កុំព្យូទ័រ រូបនេះ​និយាយថា​៖ «UAI ជា​ធនធាន​ដែល​បន្ត​រៀន និង​វិ​វ​ឌ្ឍ​រក្សាទុក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដើម្បី​ផ្តល់​លទ្ធផល​កាន់តែ​ឆ្លាត​វៃ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​»​។​

​ទោះជា​យ៉ាងណាក៏ដោយ​ឧត្ដម​ទទួល​ស្គាល់​ថា ការបង្កើត​កម្មវិធី UAI មិនមែន​គ្មាន​បញ្ហា​ប្រឈម​នោះទេ​។ ឧបសគ្គ​ចម្បង​មួយ គឺ​កង្វះ​ទិន្នន័យ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដែល​ជះឥទ្ធិពល​ដល់​ភាពត្រឹមត្រូវ​នៃ​ការឆ្លើយតប​ចំពោះ​សំណួរ​មួយចំនួន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​គ្រោង​នឹង​ប្រើប្រាស់​ទិន្ន​​ន័យ​នាពេល​អនាគត និង​ការបញ្ចូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដើម្បី​កែ​​លម្អ​បន្ថែមទៀត​។

លើសពីនេះ​ការ​អភិ​វឌ្ឍន៍ UAI គឺជា​ការខិតខំ​ប្រឹងប្រែង​តែម្នាក់ឯង​ដែលជា​កិច្ច​ការលំបាក​សម្រាប់​លោក​ឧត្ដម​។ យុវជន​រូបនេះ​និយាយថា ទាំង​វេ​ប​សាយ និង App នៅ​មិនទាន់​ដំណើរការ​រលូន​ទេ ដោយ​លោក​ចាំ​ទទួល​រាល់​មតិយោបល់​អំពី​បញ្ហា​ខ្វះ​ចន្លោះ និង​ដោះស្រាយ​បណ្ដើរៗ​។​

​ទោះបី​ជាមាន​បញ្ហា​ប្រឈម​ក៏ដោយ ក៏​លោក​ឧ​ត្ត​ម​នៅតែ​ប្តេជ្ញា​ធ្វើឱ្យ​កម្មវិធី UAI ក្លាយជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា​។ ស្រដៀង​ទៅនឹង ChatGPT ដែរ UAI ក៏​ប្រើប្រាស់ Google ជា​ប្រភព​ទិន្នន័យ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​អ្នកប្រើប្រាស់​ផងដែរ​។

​ទោះជា​យ៉ាងណាក៏ដោយ​បញ្ហា​ប្រឈម​មួយ គឺ​ទិន្នន័យ​ជា​ភាសា​ខ្មែរ​នៅលើ Google មិន​ទូលំទូលាយ​ដូច​ទិន្នន័យ​ភាសា​អង់​គ្លេ​ស ដែលនាំឱ្យ​មានការ​កម្រិត​នៅក្នុង​ទិន្នន័យ​ដែល​ផ្តល់​ដល់​អ្នកប្រើប្រាស់​។​

​លោក​ឧត្ដម​និយាយថា​៖«​ការផ្ដល់​ទិន្នន័យ​ដល់​អ្នកប្រើប្រាស់​នៅមានកម្រិត និង​មិនទាន់​រៀបចំ​ជា​ទម្រង់ (format)​ ស្អាត​នៅឡើយ​»​។

យ៉ាង​ណា​មិញ​ដោយសារតែ​បច្ចេកវិទ្យា AI នេះ​ទាញយក​ទិន្នន័យ​ពី Google ដែល​នរណាៗ​ក៏​អាច​ទម្លាក់​ព័ត៌មាន​ចូល ទាំង​ព័ត៌មាន​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ​យុវជន​ឧត្ដម​បាន​ក្រើនរំឭក​អ្នកប្រើប្រាស់​ថា​៖ «​សុំ​កុំ​ទាន់​អាល​ជឿ​លើ AI ខ្លាំងពេក​»​។

​លោក​បន្ដថា ដើម្បី​ដំណើរការ UAI កាន់តែ​រលូន​លោក​ឧត្ដម បាន​លើកឡើងថា លោក​ត្រូវការ​ដៃគូ​ក្នុងការ​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យបាន​ទាន់ពេលវេលា​។ ប៉ុន្ដែ​ដោយសារ​វា​ជា Search Engine ប្រើប្រាស់​ឥតគិតថ្លៃ​លោក​មិនមាន​លទ្ធភាព​ចំណាយ​បង្កើតជា​ក្រុមការងារ​ឡើយ​។

​បច្ចុប្បន្ននេះ UAI ជួបប្រទះ​វិបត្ដិ​ក្នុងការ​ចំណាយ​ប្រាក់​បង់ថ្លៃ​សេវាកម្ម​ប្រើ​​ប្រាស់​ភាសា​ខ្មែរ ដែល​និស្សិត​ឆ្នាំ​ទី​ ៣ រូបនេះ​បាន​និយាយថា លោក​បាន​ផ្អាក​ដំណើរការ​ភាសា​ខ្មែរ​មួយរយៈ​សិន​។

​លោក​ថ្លែងថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កត្ដា​ចម្បង​ត្រូវ​បង្កើន​ទិន្នន័យ​ឱ្យបាន​ច្រើន​ហើយ​ខ្ញុំ​គិតថា នៅពេល​អនាគត​វា​ប្រាកដជា​កើនឡើង​។ ម្យ៉ាងទៀត​នៅពេល​ដែលមាន​អ្នកប្រើប្រាស់​កាន់តែច្រើន ខ្ញុំ​អាច​ប្រើប្រាស់​ទិន្នន័យ​នោះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព័ត៌មាន​ប្រកបដោយ​ភាពត្រឹមត្រូវ​»​។

​លោក​ ឧ​ត្ត​ម​ ទទួលស្គាល់ថា បច្ចុប្បន្ននេះ UAI កំពុង​ប្រឈម​នឹង​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​សេវា​ភាសា​ខ្មែរ​ដែលនាំឱ្យ​មានការ​ផ្អាក​ជា​បណ្ដោះអាសន្ន​។ លោក​បានលើកឡើង​ពី​ការ​រិះរក​វិធី​កាត់បន្ថយ​ការចំណាយ​ដោយសារ​ការចំណាយ​លើ API ខ្ពស់ នៅពេល UAI មិនមាន​ចំណូល​សម្រាប់​ទប់ទល់​។ ឧត្ដម​បាន​និយាយថា ម៉ាស៊ីន​ស្វែងរក ឬ Search Engine នៅតែ​អាច​ប្រើ​ជា​ភាសា​​អង់គ្លេស ហើយ​លោក​កំពុង​ស្វែងរក​វិធី​កាត់បន្ថយ​ការចំណាយ​។​

​បន្ថែម​ពីលើ​ការងារ UAI យុវជន ឧត្ដម​បង្កើត​ចំណូល​ចម្បង​ដោយ​ការបង្រៀន​សរសេរ​កូដ​ទាំង​លើ​អន​ឡាញ និង​បង្រៀន​ដោយផ្ទាល់​។ បច្ចុប្បន្ននេះ លោក​មាន​សិស្ស​ប្រហែល​ ៣០០ ​នាក់ ហើយ​ចំនួន​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់​ ៧០០​ នាក់ នៅ​ខែក្រោយ ដោយ​សង្កត់​ធ្ងន់​ជាពិសេស​ទៅលើ​ការសរសេរ​កូដ​សម្រាប់​គេហទំព័រ និង​កម្មវិធី​។​

​បន្ថែម​ពីលើ​ការបង្រៀន​សរសេរ​កូដ ឧ​ត្ត​ម​បាន​សហការ​ជាមួយ​អ្នក​ផលិត​វីដេអូ​ដើម្បី​បង្កើត​គម្រោង​ឯករាជ្យ​សម្រាប់​ក្រុមហ៊ុន និង​ស្ថាប័ន​ដោយ​ផ្តោតលើ​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ក្នុងនាម​ជា​យុវជន​កម្ពុជា​ដែលមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល ឧ​ត្ត​ម​ត្រូវបាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​សាកលវិទ្យាល័យ Rangsit International College ប្រទេស​ថៃ អញ្ជើញ​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​លើ​បណ្តាញ​របស់​ពួកគេ​ស្តីពី ​«AIvolution: Journey into the future of work»​ នៅ​ថ្ងៃទី ​៣ ខែសីហា​៕