រយៈពេល​ជាង ១ ឆ្នាំ តាមរយៈ​យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុស​ការយល់ដឹង​ដល់មនុស្ស​ជាង ១៤ លាន​នាក់ ខណៈក្រសួង​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និងអង្គការ​ដៃគូ ប្តេជ្ញា​រួមគ្នា​បន្ត​អនុវត្ត​យុទ្ធនាការ​ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់​នៅ​កម្ពុជា។


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ចុះថ្ងៃទី៣ ខែសីហា បានឱ្យដឹង​ថា ត្រឹម​រយៈពេល ១៣ ខែ គឺក្នុង​ចន្លោះ​ខែមីនា ឆ្នាំ២០២២ ដល់​ខែមិថុនា ឆ្នាំ២០២៣ ក្រសួង​បរិស្ថាន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​មូលដ្ឋាន និងអង្គការ​ដៃគូ​បានរួម​សហការ​អនុវត្ត​យុទ្ធនាការ​អន្ទាក់សូន្យ​នៅតាម​តំបន់​ទីប្រជុំជន និង​ស្រុក​ក្នុង​ខេត្ត​ចំនួន ១២។ ខេត្ត​គោលដៅ​ទាំងនោះ​រួមមាន ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និងខេត្ត​ប៉ៃលិន។

យុទ្ធនាការ​អន្ទាក់សូន្យ​ដែលត្រូវបាន​ផ្តួចផ្តើម​គំនិត​និងដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន និងដោយ​មានការចូលរួម​គាំទ្រ​សហការរៀបចំ​ពី​អង្គការ​ដៃគូ បាន​បិទ​បញ្ចប់​ប្រកបដោយ​លទ្ធផល​ជោគជ័យ​ជាទីមោទនៈ​បំផុត។ គោលដៅ​ចម្បង​នៃយុទ្ធនាការ​នេះ​គឺ បញ្ចប់​វិបត្តិ​អន្ទាក់ និងការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា។ នេះគឺ​ជាការគូស​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងជា​ប្រធាន​យុទ្ធនាការ​អន្ទាក់សូន្យ ក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃការអនុវត្ត​យុទ្ធនាការ​អន្ទាក់សូន្យ ដែលបាន​ប្រព្រឹត្តទៅ​នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួង​បរិស្ថាន។


ជាមួយនឹង​លទ្ធផល​នេះ​ លោកបាន​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ទាំងអស់​ដែលបាន​ចូលរួម​រៀបចំ និងអនុវត្ត​យុទ្ធនាការ​ដ៏មានសារៈសំខាន់​នេះ ​យ៉ាងខ្ជាប់​ខ្ជួន និងដោយ​រលូន ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស​សាធារណជន ​អំពី​ផលវិបាក​បណ្តាល​មកពី​ការដាក់​អន្ទាក់ និងការជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ សំដៅ​ផ្លាស់ប្តូរ​ផ្នត់គំនិត និងឥរិយាបថ​ខុសឆ្គង​ទាក់ទង​នឹងការបរិភោគ​សាច់​សត្វព្រៃ និងប្រើប្រាស់​ផលិតពី​សត្វព្រៃ​ដែលសង្គម​កម្ពុជា​មិនផ្តល់​តម្លៃ​សោះ។ លោកបញ្ជាក់​ថា៖ «ជាលទ្ធផល​រួម យុទ្ធនាការ​អន្ទាក់សូន្យ​បានបំផុស​ការយល់ដឹង​ដល់មនុស្ស​ជាង ១៤ លាននាក់ ដោយរាប់​បញ្ចូលការ​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ពី​យុទ្ធនាការ ទាំងតាមរយៈ​ការចូលរួម​ក្នុងសកម្មភាព​យុទ្ធនាការ​នេះ​ដោយ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​ក្នុងស្រុក ក្នុង​តំបន់ និងតាមបណ្តាញ​សង្គម​របស់​ក្រសួង​បរិស្ថាន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អង្គការ​ដៃគូ និងភាគី​អនុវត្ត​យុទ្ធនាការ​ទាំងអស់»។

របាយការណ៍​ស្តីពី​លទ្ធផល​ជាផ្នែកៗ​នៃការអនុវត្តយុទ្ធនាការ​ទាំងមូល បានបង្ហាញ​ថា មានមនុស្ស​ចំនួន​ប្រមាណជា ១ ម៉ឺននាក់​បានចូលរួម​ដោយផ្ទាល់​ក្នុងសកម្មភាព​ផ្សេងៗ​នៃយុទ្ធនាការ និងមាន​អត្ថបទ​ព័ត៌មាន​សរុប​ប្រមាណជា ១ ពាន់​ចំណងជើង ត្រូវបាន​ផ្សព្វផ្សាយ​ដល់មនុស្ស​ចំនួន​ប្រមាណជា ៥ លាននាក់ ខណៈមនុស្ស​ចំនួន ៧ លាននាក់ ទៀតបាន​អានសារ​អប់រំ​តាមទូរស័ព្ទដៃ​ដែលបាន​អំពាវនាវ​ឱ្យ​ចូលរួម​ការពារ​សត្វព្រៃ ដោយបញ្ឈប់ការ​ដាក់​អន្ទាក់ និងកុំពាក់ព័ន្ធ​នឹងការជួញដូរ​សត្វព្រៃ។


លោក ឃុត ចាន់ដារ៉ា សមាជិក​រដ្ឋសភា និងជាសមាជិក​គណ:កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និងធនធាន​ទឹក​នៃរដ្ឋសភា​ជាតិ បានថ្លែង​ក្នុងកិច្ច​ប្រជុំ ដោយវាយ​តម្លៃខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ជាពិសេស​លទ្ធផល​ដែល​សម្រេចបានរួមគ្នា​ក្នុងក្របខ័ណ្ឌ​យុទ្ធនាការ​អន្ទាក់សូន្យ។ លោកថា៖ «ច្បាប់បាន​កំណត់​ថា​តំបន់​ការពារ និងសត្វព្រៃ​ត្រូវបាន​ចាត់ទុក​ជាបេតិកភណ្ឌ​របស់រដ្ឋ។ ដូច្នេះ​យុទ្ធនាការ​អន្ទាក់សូន្យ​នេះ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បរិស្ថាន​និងធនធាន​ធម្មជាតិ ជាពិសេស​ជាផ្នែកមួយ​រួមចំណែក​ដល់​កិច្ចខិតខំ​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​ការរស់រាន​របស់​សត្វព្រៃ សំដៅ​អភិរក្ស និងស្តារ​ចំនួន​សត្វព្រៃ​ឱ្យមាន​ចំនួន​កើនឡើង»។

លោក ឃុត ចាន់ដារ៉ា សង្កត់ធ្ងន់​ថា៖ «ការពង្រឹង​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​បរិស្ថាន ធនធាន​ធម្មជាតិ ព្រៃឈើ ជាពិសេស​គឺក្រម​បរិស្ថាន និងធនធាន​ធម្មជាតិ​ដែលទើប​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋ​សភា មានភាព​ចាំបាច់​ត្រូវដើរ​ទន្ទឹមគ្នា​នឹងយុទ្ធនាការ​ផ្សព្វផ្សាយ​សំដៅ​ជំរុញ​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ និង​អភិរក្ស​សត្វព្រៃ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ថែមទៀត»។

ក្រោមឆ័ត្រ​នៃយុទ្ធនាការ​អន្ទាក់សូន្យ ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ បានមក​ធ្វើ​ការរួមគ្នា​ក្រោមការដឹកនាំ​របស់​ក្រសួង​បរិស្ថាន ដោយមានភាព​ជាដៃគូ​ជាមួយ​អង្គការ​ជាច្រើន ជាក់ស្តែង ក្នុង​ឆ្នាំ២០២២ អន្ទាក់​សរុប​ប្រមាណ​ជាង ៣៤.០០០ ត្រូវបាន​ដកចេញ​ពីតំបន់​ការពារ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។ នេះជា​តួលេខ​បង្ហាញពី​ការថយចុះ​នៃអត្រា​អន្ទាក់​ក្នុងព្រៃ​ប្រមាណ ៤៤% បើធៀប​នឹង​លទ្ធផល​នៃការដោះ​អន្ទាក់​ក្នុង​ឆ្នាំ២០២១ ដែលចំនួន​អន្ទាក់​ប្រមូលបាន​សរុប​មានចំនួន​ដល់ទៅ ៦១.៦១១ អន្ទាក់។ ចំណែកឯ​អន្ទាក់​ចំនួន ១៤.៣២៥ អន្ទាក់​ត្រូវបានដោះចេញ​ពីតំបន់​ការពារ​ធម្មជាតិ​ក្នុង​ឆមាសទី១ ឆ្នាំ២០២៣ នេះ។

លោក លឿង កេសរោ អគ្គនាយករង​តំបន់​ការពារ​ធម្មជាតិ​នៃក្រសួង​បរិស្ថាន​បានថ្លែង​ថា ការស្វែងរក​អន្ទាក់​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​អន្ទាក់​សំងំ​លាក់ខ្លួន​ក្នុងព្រៃ​រង់ចាំ​ទាក់ចាប់ និងសម្លាប់ សត្វព្រៃ​ដែលដើរ​រកស៊ី​ក្នុងតំបន់​ទីជម្រក។

លោកបន្ត​ថា ចាំបាច់​ណាស់​យើង​ត្រូវ​ប្រើវិធីសាស្រ្ត​ច្នៃប្រឌិត​ថ្មី​បន្ថែមជា​ជំនួយ​ដល់​ការដើរ​ល្បាត​ក្នុង​តំបន់​ការពារ ដើម្បី​បង្កើន​សមត្ថភាព​មន្រ្តី​ឧទ្យានុរក្ស​ក្នុងការស្វែងរក​អន្ទាក់​គ្រប់ប្រភេទ​និងតាមដាន​បទល្មើស​សត្វព្រៃ​បានប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​ថា៖«យើងក៏​ត្រូវការ​ធនធាន​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​និងជំនាញ​ឧទ្យានុរក្ស​ក្នុងការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងតំបន់​ការពារ​ធម្មជាតិ ខណៈ​ជំរុញ​ការអនុវត្ត​ថែមទៀត​នូវកម្មវិធី​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ដែលរស់នៅ​ជុំវិញ​តំបន់​ការពារ» ។ ផ្អែក​លើលទ្ធផល​នៃយុទ្ធនាការ​អន្ទាក់សូន្យ​នាពេលនេះ លោកបាន​សំណូមពរ​ដល់​គ្រប់ភាគី​ជាពិសេស​អង្គការ​ដៃគូ​ឱ្យបន្ត​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និងអាជ្ញាធរ​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង​តំបន់​ការពារ និងការអភិរក្ស​ធនធាន​សត្វព្រៃ​ដ៏មាន​តម្លៃ​របស់​កម្ពុជា​ឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក សេង ទៀក នាយក​អង្គការ WWF និងជាលេខាធិការដ្ឋាន​នៃយុទ្ធនាការ​បានឱ្យដឹង​ថា ការអនុវត្ត​យុទ្ធនាការ​នេះ​ត្រូវបាន​សាទរ​ពីមជ្ឈដ្ឋាន​អន្តរជាតិ​ជាច្រើន​ថា ​កម្ពុជា​ ជាប្រទេស​ដំបូងគេ​បង្អស់ ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដែលបាន​ផ្តួចផ្តើម​និង អនុវត្ត​យុទ្ធនាការ​អន្ទាក់សូន្យ​សម្រាប់​ជាដំណោះស្រាយ​ចំពោះ​វិបត្តិ​អន្ទាក់​ក្នុងតំបន់​ការពារ​ធម្មជាតិ។ លោក​ថា៖«លទ្ធផល​នៃយុទ្ធនាការ​អន្ទាក់សូន្យ​បានជះ​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​ប្រជាជន​គ្រប់ស្រទាប់​ក្នុង​សង្គម​កម្ពុជា ដែលបាន​រួមចំណែក​កាត់បន្ថយ​ចំនួន​អន្ទាក់​ក្នុង​តំបន់​ការពារ និងចូលរួម​ចំណែក​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាពល​រដ្ឋ​ឱ្យ​ស្រឡាញ់​សត្វព្រៃ​និង​ធម្មជាតិ ។ ទោះយ៉ាងណា យើង​ចាំបាច់​ត្រូវ​បន្តស្មារតី​នៃយុទ្ធនាការ​អន្ទាក់សូន្យ​និងការសហការគ្នា​ដើម្បី​ជួយដោះស្រាយ​បញ្ហារួម​របស់​យើង»។

លោក ទុយ សេរីវឌ្ឍនា នាយក​កម្មវិធី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និងធម្មជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ថា​ក្នុងនាមជា​ផ្នែកមួយ​នៃយុទ្ធនាការ ពិតជា​រំភើប​បំផុត​ពេលបាន​ឃើញ​ទឹកចិត្ត និងឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​របស់​យុទ្ធនាការ តាមរយៈ​ការអង្កេត​ឃើញ​ដោយផ្ទាល់​ថា​ពួកគាត់​បានក្លាយខ្លួន​ទៅជា​បុគ្គល​គំរូ ពីអ្នក​ដែលធ្លាប់​ប្រព្រឹត្ត​ទង្វើ​ដែលប៉ះពាល់​ដល់​ការអភិរក្ស​សត្វព្រៃ ហើយងាកមក​ចូលរួម​អភិរក្ស​សត្វព្រៃ តាមរយៈ​ការបញ្ឈប់ ការលក់ ការជួញដូរ និងការបរ​បាញ់​សត្វព្រៃ។

តាមរយៈ​ការអនុវត្ត​យុទ្ធនាការ​អន្ទាក់សូន្យ សាធារណជន​បានយល់ដឹង​ពីសារៈសំខាន់​នៃការអភិរក្ស​សត្វព្រៃ និងភាពចាំបាច់​ដែលខ្លួន​ត្រូវចូលរួម​ជាផ្នែកមួយ​ទាំងក្នុង​ការជួយ​ផ្សព្វផ្យាយ​បន្ត និងការអនុវត្ត​សកម្មផ្ទាល់ខ្លួន​គឺ​មិនលក់ មិនទិញ មិនបរិភោគ និងមិនជួញដូរ​សត្វព្រៃ​ដែលជាអំពើ​ច្បាប់​ហាមឃាត់។ ទោះយ៉ាងណាក៏ដោយ​ការដាក់​អន្ទាក់ និងការបរបាញ់​សត្វព្រៃ​ខុសច្បាប់ នៅតែជា​កត្តា​គំរាមកំហែង​ដ៏ចម្បង​ចំពោះការរស់រាន​របស់​សត្វព្រៃ​ដែលទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់គ្នា។

ជាអនុសាសន៍​រួម ភាគី​ពាក់ព័ន្ធ​បានស្នើ​ដោយទទូច​ផ្តោត​ផងដែរ​លើការបង្កើត​ឱ្យមាន​អង្គភាព​អនុវត្ត​ច្បាប់​ចល័ត​ចម្រុះ​នៅថ្នាក់​ខេត្ត​សម្រាប់​ទទួលបន្ទុក​ការប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សត្វព្រៃ​ក្រៅ​តំបន់​ការពារ និងការអនុម័ត​យកនូវ​វិធានការ​សុខាភិបាល ស្តីពី​ការទប់ស្កាត់​ហានិភ័យ​សុខភាព​សាធារណៈ​ដែលអាច​បណ្តាលមក​ពី​ការជួញដូរ ការចរាចរ​សាច់​សត្វព្រៃ ការលក់ទិញ​សត្វព្រៃ​រស់​សម្រាប់​ជាអាហារ និងការបរិភោគ​សាច់​សត្វព្រៃ៕