ឧត្ត​រ​មាន​ជ័​យៈ អាជ្ញាធរ​មីន​នា​ថ្ងៃទី ៣ ខែសីហា​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ និង​ដំឡើង​ផ្ទាំង​ប៉ាណូ នៅ​អនុវិទ្យាល័យ ហ៊ុន សែន ត្រពាំង​ប្រីយ៍ ភូមិ​ឃ្លាំងកណ្តាល ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់វែង ក្នុង​គោលបំណង​ឱ្យ​ពលរដ្ឋ សិស្សានុសិស្ស និង​សហគមន៍​យល់ដឹង​អំពី​មីន​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​ទាំងនោះ​បន្តទៀត។​


ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន ដែ​មានការ​ចូលរួម​ពី​លោក​លោកស្រី​មិន ធារី អភិបាលរង​ខេត្ត​ឧត្តរមានជ័យ អភិបាលស្រុក​អន្លង់វែង អភិបាលរង​ស្រុក កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ដែនដី ប្រតិបត្តិករ HALO Trust, NPMEC សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាដើម។​

យោងតាម​អាជ្ញាធរ​មីន​បានឱ្យដឹងថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣ ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ២១ នាក់។ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​មាន ៨ នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម​ចំនួន ១៣ នាក់ ហើយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន មាន ៤០ នាក់ ដែល​ថយចុះ (១៩ នាក់) ៤៨ ភាគរយ។​


ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ពាំនាំ​នូវ​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រតិបត្តិករ និង​ប្រជាពលរដ្ឋ​ដូចជា ស្នើសុំ​ប្រតិបត្តិករ​ទាំងអស់ ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា នូវ​សំណូមពរ​របស់​ពលរដ្ឋ ដោយ​ប្រមូល​និង​កម្ទេចចោល​គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍។​

ក្រៅពីនោះ ក៏​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​ប្រថុយប្រថាន​ចូលទៅ​តំបន់​ដែល​មិន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ ច្បាស់លាស់​ក្នុង​បំណង​ណាមួយ ដូចជា​ប្រើប្រាស់​ដី រុករក​អនុផល​ព្រៃឈើ ធ្វើដំណើរ​ឆ្លងកាត់ មិនត្រូវ​ប៉ះពាល់​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ជាដាច់ខាត។​


លើសពីនោះ ក៏​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ធ្វើការ​អប់រំ​យល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលំទូលាយ​ជា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ពីគ្រាប់​ទាំងនោះ​ជាយថាហេតុ។​

ដោយឡែក ចំពោះ​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល ក៏​សូមជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅដល់​ពលរដ្ឋ តាមរយៈ​វេទិកា​នានា ជាពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ច្បាប់​ស្តីពីការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ៕