ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៣ កក្កដា បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំបង្កើតគណៈកម្មាធិការអន្តរក្រសួង និងកំណត់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីនយោបាយលើការលើកស្ទួយផលិតកម្មកសិកម្ម និងការរកទីផ្សារ សម្រាប់លក់កសិផល។ នេះបើយោងតាមហ្វេសប៊ុកលោកយ៉ង សាំងកុមារ។
គណៈកម្មាធិការដែលនឹងត្រូវបង្កើតឡើង ក៏នឹងរិះរកយន្តការ ដើម្បីរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ដោយប្រើយន្តការហិរញ្ញប្បទាន ១០០ លានដុល្លារ សម្រាប់អន្តរាគមន៍ប្រើប្រាស់ទិញកសិផលពីកសិករឱ្យបានទាន់ពេលក្នុងតម្លៃសមរម្យផងដែរ។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «នេះជាការងារថ្មី និងដ៏សំខាន់បំផុតមួយ ដែលយើងរួមគ្នាធ្វើនិងទទួលខុសត្រូវក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម សន្តិសុខស្បៀង និងជីវភាពប្រជាកសិករ»៕