កណ្តាលៈ ​លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ដែល​នឹង​ផុត​អាណត្តិ​នៅ​ចុងខែ​សីហា​នេះ បានប្រកាសថា មាន​ហេតុផល​ចំនួន​ ៤ ដែល​ធ្វើឱ្យ​លោក​សម្រេច​ចិត្ត​ចាក​ចេញពី​តំណែង​ជានា​យក​​រដ្ឋមន្ត្រី បន្ទាប់ពី​លោក​បាន​កាន់​​កាប់​តំណែង​នេះ អស់​រយៈពេល​ជាង​ ៣៨ ​ឆ្នាំ​មកហើយ​។​


​លោក​បញ្ជាក់ថា មូលហេតុ ៤ ​ដែល​ធ្វើឱ្យ​លោក​សម្រេច​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺ​៖ ១ ការផ្ទេរ​តំណែង​នៅពេលនេះ​គឺមាន​ស្ថិរភាព និង​សុវត្ថិភាព ជាង​ពេលដែល​លោក​ចាស់ ឬ​ស្លាប់​, ២ ក្រុមយុវជន​បន្តវេន​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​ទទួល​អំ​រែក​បន្ត​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន​។ ៣ ជំនាន់​ចាស់​ចាក​ចេញពី​តំណែង​ដឹកនាំ ប៉ុន្តែ​មិន​មែន​ចាក​ចេញពី​ឆាកនយោបាយ​ទេ​និង​ហេតុផល​ទី​ ៤ ចុងក្រោយ គឺ​សភាពការណ៍​គ្រប់ផ្នែក អនុ​គ្រោះ​ឱ្យ​ក្រុម​បន្តវេន​អាច​ចេញ ដំណើរ​បាន​។​

​ការលើកឡើង​ពី​ហេតុផល​ទាំងនេះ​ត្រូវបាន​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ឱកាសលោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូ​ការ​នូវ​ផ្លូវ​ក្រវាត់​​ក្រុង​ទី​៣ នា​ព្រឹក​ថ្ងៃទី​ ៣ សីហា ឆ្នាំ​ ២០២៣​។


លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​បន្តិច​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​សម័យ​ដើម រហូតមក​ដែល​ធ្លាប់បាន​លះបង់​អំណាច​ដូច​ខ្ញុំ នៅពេលដែល​ខ្ញុំ​អាចមាន​លទ្ធភាព​ធ្វើជា​នាយករដ្ឋមន្ត្រី បាន​ ៥ ​ឆ្នាំ​ឬ​ ១០ ​ឆ្នាំ​ទៀត ប៉ុន្តែ​មិនមែនជា​ការល្អ​ទេ បើសិនជា​ដល់ពេល​យើង​ចាស់​ពេក ឬ​ដល់ពេល​យើង​ស្លាប់​»​។​

​ទោះយ៉ាងណា​លោក​បាន​បន្តថា ជំនាន់​ចាស់​មិនទាន់​ចាកចេញ​ពី​វិស័យ​នយោបាយ​របស់​កម្ពុជា​នោះទេ ខណៈ​លោក​នឹង​នៅតែ​បន្ត​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​មន្ដ្រី​ចាស់ៗ​មួយចំនួនទៀត​ក៏​នឹង​បន្តធ្វើ​ការងារ​លើ​វិស័យ​នយោបាយ​នេះដែរ​នៅក្នុង​ជួរ​គណបក្ស​ប្រ​​ជា​ជនកម្ពុជា​។ ប៉ុន្តែលោក​ក៏បាន​បញ្ជាក់​ជាថ្មី​ផងដែរ​ថា លោក​នឹងមិន​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ដ្រី ឬ​គណៈរដ្ឋមន្ដ្រី​ថ្មី​នៅពេល​ឡើងកាន់​អំណាច​នោះទេ​។


លោក ហ៊ុន សែន ថ្លែងថា​៖ «​ប៉ុន្ដែ​បើ​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ធ្វើ​ខុសពី​គោលការណ៍​គណបក្ស​ប្រជា​ជនកម្ពុជា នោះ​នឹងត្រូវ​អញ្ជើញ​មក​ប្រជុំ​ដោះស្រាយ​ភ្លាម​»​។​

​អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក យង់ ពៅ បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣ ខែសីហាថា ការផ្ទេរ​ការដឹកនាំ​គឺ​ស្របពេល​​វេលា​ដែល​ត្រូវ​ធានា​ស្ថិរភាព​នយោបាយ​ហើយ​ជា​គោល​កា​​រណ៍​គ្រឹះ បើ​មិនមាន​ស្ថិរភាព​នយោបាយ លំនឹង​នយោបាយ​ទេ នោះ​ការដឹកនាំ​សង្គម​​ប្រទេស​នឹងធ្វើ​ឱ្យមាន​ប​ញ្ហា ឬ​ជួប​វិបត្តិ​អ្វីមួយ​ជា​បន្តទៀត​។​

​លោក​បន្តថា នេះ​ជា​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​ដែល​ពីមុនមក​មិនដែល​មានការ​ផ្ទេរតំណែង ឬ​ផ្ទេរអំណាច​ប្រកបដោយ​ស្ថិរភាព​ដូចនេះ​ទេ​។ អ៊ីចឹង​! នេះ​គឺជា​គំរូ​មួយ​ដែល​ធានា​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​។ លោក យង់ ពៅ បញ្ជាក់ថា​៖ «​ក្នុង​បរិការណ៍​នេះ ថ្នាក់​ដឹក​​នាំ​ដែលជា​អ្នកជំនាន់ក្រោយ​បាន​ចូលរួម​ក្នុងសង្គម និង​នយោបាយ​កន្លងទៅ​ទាំង​ចំណេះដឹង បទពិសោធន៍ និង​ការងារ​សង្គម​បាន​រួចរាល់​ដែល​ភាគច្រើនបំផុត​ពួក​គាត់​បាន​ដឹកនាំ​តាម​មន្ទីរ ក្រសួង ស្ថាប័ន​រួចជាស្រេច និង​កិច្ច​ការ​សង្គម​ផ្សេងៗ​ទៀត​។ ដូចនេះ ជា​ពេលវេលា​មួយ​សមស្រប​ដែល​គាត់​អាចធ្វើ​កិច្ចការងារ​នេះ​បាន​»​។​

​ម្យ៉ាងទៀត​ទាន់​នៅមាន​អ្នក​ជំនាន់​មុន នៅមាន​ថាមពល​តម្រែតម្រង់​ជួយ​មើល​ការដឹកនាំ​ប្រទេសជាតិ​នេះ​បន្ត ប៉ុន្តែ​ប្រសិន​បើ​ចាំមើល​អ្នកដឹកនាំ​ជំនាន់​មុន​អស់​ថាមពល​នោះ នឹងមិន​មាន​អ្នកចង្អុល​បង្ហាញ ឬ​ជា​អ្នក​ដែល​ជួយ​បង្វឹក ឬ​បង្រៀន​បានទេ​។ នេះ​បើ​យោងតាម​លោក យង់​ ពៅ បន្ថែម​។

លោក​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​៖ «​អ្នកនយោបាយ​ជាន់មុន​នេះ ទោះ​តែ​ចេញពី​ការ​ដឹកនាំ​ផ្ទាល់ ប៉ុន្តែ​នៅតែ​ជា​អ្នក​គូសវាស​នយោបាយ នៅតែ​ជា​អ្នកចង្អុល​បង្ហាញ​នយោបាយ​ទាំង​នៅក្នុង​ឋានានុក្រម​បក្ស និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ និង​ថ្នាក់​កំពូលៗ​របស់​បក្ស​ផងដែរ​»​។​

​សូម​រំឭក​ផងដែរ​ថា នៅ​ថ្ងៃទី ​២៦​ ខែកក្កដា​ កន្លងទៅនេះ លោក ហ៊ុន សែន ​ក៏បាន​ថ្លែង​សារ​ដោយ​ប្រកាស​ជា​សាធារណៈ​ថា លោក ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយ​ជានា​យក​រដ្ឋមន្ត្រី​ក្នុង​អា​ណ្តិ​ត​ថ្មី អា​ណ​ត្តិ​ទី​៧ នា​ល្ងាច​ថ្ងៃទី​ ២២ ខែ​សីហា ​ឆ្នាំ​ ២០២៣ បន្ទាប់ពី​រដ្ឋ​សភា បើក​កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន​៕