ភ្នំពេញៈ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៣ ប្រតិបត្តិការ​សម្អាត​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ការដ្ឋាន​កោះពាមរាំង សម្រេច​លទ្ធផល ស្រង់​គ្រាប់​ពី​បាតទន្លេ​មេង្គ បាន​ជាង ១ ម៉ឺន ២ ពាន់​គ្រាប់ បើ​គិតជា​ទម្ងន់​មាន​ជាង ២ រយ​តោន និង​ស្រង់​បំណែក​នាវា​បានជា​ច្រើន​ទៀត។ នេះបើ​យោងតាម​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់ មីន​កម្ពុជា (CMAC) ។​


លោក ហេង រតនា បាន​ថ្លែង​បែបនេះ ប្រាប់ BTV ហើយ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដកស្រង់​យកមក​ចុះផ្សាយ​នៅ​ថ្ងៃទី ២ សីហា​ថា ប្រតិបត្តិការ​សម្អាត​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាមជរ ខេត្តព្រៃវែង ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង អនុញ្ញាត​ដល់​អង្គភាព CMAC សហការ​ជាមួយ​ក្រសួង​ការពារជាតិ និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ធ្វើការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុងទន្លេ។

ប្រតិបត្តិការ​នេះ មាន​រយៈពេល ១៨ ខែ ដោយ​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២២ គិត​មកដល់​ពេលនេះ មាន​រយៈពេល​ជិត ២ ឆ្នាំ។​


បើតាម​លោក​ហេង រតនា តាម​ផែនការ​ស្រាវជ្រាវ​ដំបូង បាន​រាវរក​ទិន្នន័យ​នៅ​បាតទន្លេ​ជាង ២ ៥០០ ចំណុច មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​វាយតម្លៃ​ការ​បោសម្អាត មាន​រយៈពេល ១៨ ខែ តែ​ការអនុវត្ត​ជាក់ស្តែង មិន​សម្រេច​តាម​ផែនការ​នោះទេ ដោយសារ​មូលហេតុ​មួយចំនួន ហួស​សមត្ថភាព ដែល​បាន​វាយតម្លៃ។​

នាវា​ដែល​លិច​ក្នុង​ទន្លេ​នេះ មាន​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ប្រមាណ​ជាពី ៣ ពាន់តោន ទៅ ៣ ពាន់ ៥ រយតោន៕