លោក​ ហ៊ុន ម៉ា​ណែ​ត អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា រដ្ឋាភិបាល​នីតិកាលទី៧ នឹង​បន្តការ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​វិស័យ​អប់រំ​ដែលជា​អាទិភាព​ចម្បង ដែល​ត្រូវ​បណ្តុះ​ធនធានមនុស្ស​ដើម្បី​ជា​ចំណែក​សសរទ្រូង​ទ្រទ្រង់​ជាតិ​ស្របតាម​តម្រូវការ​ជាតិ និង​រីកលូតលាស់​នៃ​សេដ្ឋកិច្ច-សង្គម។


នេះ​បើ​យោងតាម​វីដេអូ​ឃ្លី​ប​ដែល​អនាគត​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន​ទាំង Facebook និង Telegram នៅ​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣។ លោក​សង្កត់ធ្ងន់ថា ការមាន​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​នៅក្នុង​ប្រទេស​សម្បើម​អស្ចារ្យ​មិនសូវ​សំខាន់​ខ្លាំង​នោះទេ អ្វីដែល​សំខាន់​នោះ​គឺមាន​ធនធាន​មនុស្សជាតិ​ផ្ទាល់ខ្លួន​ដែលមាន​សមត្ថភាព​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ទាំងនោះ​ទៅវិញ​ទេ។

លោក​សង្កត់ធ្ងន់ថា​៖ «​ជា​សម​ទ្ធិ​ផល​ធំ​សំខាន់បំផុត​គឺ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព មាន​គុណធម៌ សីលធម៌ សម្រាប់​ពង្រឹង​ប្រទេសជាតិ​របស់​យើង។ បើយើង​ផលិត​បាន​ធនធាន ១ ពាន់​នាក់ គឺ ១ ពាន់​គ្រួសារ ជា​សសរទ្រូង ១ ពាន់ នៅក្នុង​ប្រទេស​យើង​ដែល​មាន ១៧ លាន​នាក់។ យើង​ត្រូវការ​សសរ​ដែល​រឹងមាំ ទាំង​សមត្ថភាព សុខភាព និង​ចំណេះដឹង»។​


លោក​គូសបញ្ជាក់ថា នៅពេល​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ជាមួយ​អត្រា​កំណើន​ប្រជាជន​កាន់តែ​កើន ជោគវាសនា​មនុស្ស​ក្នុង​សង្គម​ក៏ចេះ​តែកើន ខណៈ​ប្រទេសជាតិ​កាន់តែ​អភិវឌ្ឍន៍ គឺ​កាន់តែ​ត្រូវការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង និង​បណ្តា​ប្រទេស​ក្នុង​សកលលោក ដែល​ចាំបាច់​ត្រូវការ​ធនធាន​មនុស្ស​កាន់តែ​មាន​សមត្ថភាព​ដើម្បី​ទ្រទ្រង់​សភាពការណ៍​បាន។​

លោក​បន្ថែមថា នៅពេល​បច្ចុប្បន្ន​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព អាចមាន​លទ្ធភាព​ក្នុងការ​បង្កើន​សមត្ថភាព​ធនធានមនុស្ស ការផ្តល់​ការអប់រំ​កម្រិត​ខ្ពស់ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ ខុសពី​សម័យមុន​ដែលជា​សម័យ​សង្គ្រាម​គ្មាន​លទ្ធភាព​ផ្តល់​ការអប់រំ​មួយបាន។


ជុំវិញ​បញ្ហា​នេះដែរ លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា គាំទ្រ​ការលើកឡើង​និង​ចក្ខុវិស័យ​របស់​លោក​ហ៊ុន ម៉ាណែត អនាគត​នាយករដ្ឋមន្ត្រី​ដែលមាន​ចក្ខុវិស័យ​បន្ត​លើកកម្ពស់​វិស័យ​អប់រំ​ជា​គោលដៅ​ចម្បង​ក្នុង​អាណត្តិ​រដ្ឋាភិបាល​នីតិកាលទី ៧ ដែល​តាម​គម្រោង​ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន ម៉ាណែត ខ្លួនឯង​ផ្ទាល់។​

លោក​ហេង វ៉ាន់ដា យល់ថា៖ «​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ក្រោយនេះ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដែល​ផ្តោត​ការយក​ចិត្តទុកដាក់​លើ​វិស័យ​អប់រំ​នេះ ជា​រឿង​ត្រឹមត្រូវ​ណាស់ ដោយសារ​យើង​ត្រូវការ​ការប្រកួត​ប្រជែង យើង​ត្រូវការ​ធនធាន​មនុស្សជាតិ​ដែលមាន​សមត្ថភាព។ បើយើង​គ្មាន​ធនធានមនុស្ស​ដែលមាន​ស្តង់ដា​អាច​ប្រើប្រាស់ តើ​យើង​អាច​ប្រកួតប្រជែង​ជាមួយគេ​ម្តេចបាន​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី​នេះ»។​

លោក ហេង វ៉ាន់ដា ជា​អ្នកជំនាញ​លើ​វិស័យ​អប់រំ មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​សមត្ថភាព និង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​នៅក្នុង​ស្រុក​សព្វថ្ងៃ ដែល​លោក​អះអាងថា ធនធានមនុស្ស​កម្ពុជា​មាន​សក្តានុពល​មិន​ចាញ់​ប្រទេស​ជិតខាង ឬ​នៅ​ក្នុង​ពិភពលោក​នោះឡើយ ហើយ​កម្ពុជា​តែង​ខំប្រឹង​បង្កើន​សមត្ថភាព​ចំណេះដឹង និង​ចំណេះធ្វើ​របស់ខ្លួន​ជានិច្ច​ឱ្យទាន់​សភាពការណ៍​នៃការ​រីកចម្រើន​របស់​សកលលោក។ លោក​បន្ថែមថា នៅពេល​អនាគត​កម្ពុជា​ត្រូវតែ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​របស់ខ្លួន តាមរយៈ​ការលើក​កម្ពស់​វិស័យ​អប់រំ​ដែល​ពាក់ព័ន្ធ​នឹង​ស្ទេម (STEM) និង​វិស័យ​ឌីជីថល ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​នឹង​សកលលោក​បាន ខណៈ​សេដ្ឋកិច្ច​ឌីជីថល​កំពុង​រីកលូតលាស់ ដែល​នេះជា​អ្វីដែល​រដ្ឋាភិបាល​បាន​ដៅ​ទុកជា​ស្រេច​ទៅហើយ។​

គួរ​ជម្រាបជូន​ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​ទិសដៅ​អាទិភាព ក្នុងការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ចំនួន ៨ ចំណុច ដើម្បី​បន្ត​ឈានទៅ​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ដោយ​ប្ដេជ្ញាចិត្ដ​យ៉ាង​មុតមាំ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ភាពជា​ពលរដ្ឋ​សកល​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ការអភិវឌ្ឍ​កម្ពុជា។ ជាមួយគ្នានេះ ក្នុង​ផែនការ​គោលនយោបាយរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានឈ្នះ​ឆ្នោត​បន្ត​កាន់អំណាច​នៅ​អាណត្តិទី ៧ ៥ ឆ្នាំ​ខាងមុខនេះ ក៏បាន​លើកឡើង​ពី​ការបន្ត​លើកកម្ពស់​វិស័យ​អប់រំ​ផងដែរ ជាពិសេស​ការបណ្តុះបណ្តាល​សមត្ថភាព​តាម​វិជ្ជាជីវៈ ដែល​គ្រោង​ផ្តល់ការ​បណ្តុះបណ្តាល​ដល់​មនុស្ស​ជាង ២ លាននាក់​នៅ​ឆ្នាំ ២០២៤៕