ព្រះ​វិហារៈ សិស្សានុសិស្ស​ជនជាតិ​ជប៉ុន និង​កម្ពុជា ប្រមាណ​ជាង​ ៩០ ​នាក់ ដែល​ដឹកនាំ​ដោយ​លោកស្រី លីម ហួង (Sakura) តំណាង សភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ​ជប៉ុន (JCI) ប្រចាំ​នៅ​កម្ពុជា​បានធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​តំបន់​ប្រាសាទព្រះវិហារ ដោយមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នា​ថ្ងៃទី​ ៣​ ខែសីហា​។​


​យោងតាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នា​ថ្ងៃទី​៤​ខែសីហា​បានឱ្យដឹងថា ទស្សនកិច្ច​សិក្សា​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​សិស្សានុសិស្ស​ជនជាតិ​ជប៉ុន​ស្វែងយល់​ពីអ្វី​ដែល​ហៅថា​សន្តិភាព ការអប់រំ និង​ស្ថានភាព​នៃ​ការរស់នៅ​របស់​សិស្ស​នៅតាម​ព្រំដែន ព្រមទាំង​សិក្សា​ស្វែងយល់​ពី​អច្ឆរិយៈ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ នៃ​ប្រាសាទព្រះវិហារ លើ​កំពូលភ្នំ​ដងរែក​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ ក្រុមការងារ​របស់​ស​ភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ​ជប៉ុន និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក៏បាន​ចុះ​ពិនិត្យ​សមិទ្ធផល គម្រោង​អភិវឌ្ឍន៍​នានា ដែល​បាន​ជួយ​ដល់​សហគមន៍​រហូតដល់​ពេលបច្ចុប្បន្ន​។ គម្រោង​ទាំងនោះ​ស្ថិតនៅក្នុង​តំបន់​ប្រាសាទព្រះវិហារ​ដូចជា អណ្តូងស្នប់ សួន​បន្លែ​សហគមន៍ ស្រះ​ចិញ្ចឹម​ត្រី​។​


​ក្នុងឱកាស​នោះដែរ​សភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ​ជប៉ុន​ក៏បាន​ផ្តល់នូវ​អំណោយ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ខេមរៈ​តេ​ជោ មួយចំនួន​ថែមទៀត​ផងដែរ​។

​ទន្ទឹមនឹង​នោះដែរ តំណាង​សភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ​ជប៉ុន​ក៏បាន​សន្យាថា នៅពេល​ខាងមុខនេះ​នឹង​ពិនិត្យ​លទ្ធភាព​កៀរគរ​មូលនិធិ​បន្តទៀត ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍ​សហគមន៍ និង​វិស័យ​អប់រំ​បន្ថែមទៀត នៅក្នុង​តំបន់​ប្រាសាទព្រះវិហារ​៕