ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាថ្ងៃទី ៤ ខែសីហានេះ បានប្រកាសច្រានចោលនូវការលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង ហើយលោកនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឱ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានបំពេញភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។
លោក ស ខេង បានផ្ញើសារជូនជនរួមជាតិថា ក្រោយការបោះឆ្នោតជាសកលជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងជាពិសេសក្រោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលបង្ក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។
ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស ខេងបានលើកឡើងថា ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឱ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា៖«ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ»។
លោកបានបន្តថា ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត។ តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រ នៃបេសកកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣។
លោកស ខេងបានគូសបញ្ជាក់ជំហរដ៏មុតមាំរបស់លោកប្រាប់ជនរួមជាតិថា៖«ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត និងចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន»។
លើសពីនោះ លោក ស ខេងក៏បានសរសេរលើហ្វេសប៊ុករបស់លោកផងដែរថា៖«ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឱ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបំពេញភារកិច្ចរបស់ខ្លួន ឱ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា»៕