រដ្ឋបាល​ខេត្ត​បាត់ដំបង បានស្នើ​សុំកិច្ច​អន្តរាគមន៍​ពីស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​មានវិធានការណ៍​ផ្អាក​រោងចក្រ មិនឱ្យ​ដំណើរការ​ជាបណ្តោះ​អាសន្ន បន្ទាប់​រោងចក្រ​នេះ បានបង្ហូរសំណល់​រាវ ចូលក្នុង​ទឹក​ស្ទឹងសង្កែ ដែលបាន​បង្ក​ឱ្យទឹក​ប្រែទៅជា​ខ្មៅខុស​ប្រក្រតី។


សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ចុះថ្ងៃទី ៤ ខែសីហា បានលើកឡើង​ថា កាលពី​ថ្ងៃទី២ ខែសីហា​កន្លងទៅ មានការផ្សព្វផ្សាយ និងចែករំលែក​ព័ត៌មាន​តាមបណ្តាញសង្គម និងគេហទំព័រ​សារព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធនឹង​ករណី​ទឹក​ស្ទឹងសង្កែ​មានពណ៌ខ្មៅខុស​ប្រក្រតី និងមានការពុល​ងាប់ត្រី​មួយចំនួន។

ពាក់ព័ន្ធ​បញ្ហា​នេះ​ រដ្ឋបាល​ខេត្ត​បាត់ដំបង​ធ្វើការបំភ្លឺ​ថា៖«ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះភ្លាម គណៈកម្មការ​ចម្រុះ​ខេត្ត បានចុះ​ទៅពិនិត្យ និងស្រាវជ្រាវ​ដល់ទីតាំង ជាក់ស្ដែង​រយៈពេល​ពីរថ្ងៃ​មកហើយ ដោយបាន​រកឃើញ​ថា ទឹក​ដែលមានពណ៌ខ្មៅ​ខុសប្រក្រតី​ខាងលើ បានបង្ក​ឡើងពី​សំណល់​រាវ​របស់​រោងចក្រ​មួយកន្លែង​ហូរចូល​ក្នុង​ទឹក​ស្ទឹងសង្កែ ដែល​មានទីតាំង​ស្ថិតនៅ​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង»។


ជាមួយគ្នា​នេះ រដ្ឋបាល​ខេត្ត បានណែនាំ​ឱ្យមន្ត្រី​បច្ចេកទេស​រដ្ឋាករទឹក​បាត់ដំបង នៃ​មន្ទីរឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្ត ធ្វើ​ការពិនិត្យ និងបានរក​ឃើញ​ថា ទឹក​នៅតែរក្សា​បានគុណភាព​ល្អ​ជាធម្មតា​អនុលោម​តាមស្តង់ដា​គុណភាព​ទឹក​ស្អាត និងមិនមានផលប៉ះពាល់​ដល់សុខភាព​ឡើយ ហើយ​បច្ចុប្បន្ន​ទឹក​ស្ទឹងសង្កែ​បានវិលត្រឡប់​មកសភាព​ដើម​ជាធម្មតា។

ទន្ទឹមនេះ រដ្ឋបាលខេត្ត​បានចាត់វិធានការ​ចំពោះក្រុមហ៊ុន ដោយបាន​ធ្វើ​កិច្ចសន្យា និងមិនអនុញ្ញាត​ឱ្យមាន​ការហូរចេញ​នូវ​សំណល់​រាវ (ទឹក​កខ្វក់) សំណល់​រឹង និងសារធាតុ​ពុល ឬសារធាតុ​គីមី​គ្រប់​ប្រភេទ ចេញពី​ទីតាំង​រោងចក្រ ចូលទៅ​ក្នុង​ទឹក​ស្ទឹងសង្កែ សាជាថ្មី​ម្តងទៀតទេ។ បើករណី​នេះ​នៅតែបន្ត​កើតមាន​ឡើង ក្រុមហ៊ុន​ត្រូវទទួល​ខុសត្រូវ​ទាំងស្រុងចំពោះ​មុខ​ច្បាប់។


សេចក្តីប្រកាស​បញ្ជាក់​ថា៖ «ចំពោះ​មុខ រដ្ឋបាល​ខេត្ត បានគោរព​ស្នើសុំ​កិច្ចអន្តរាគមន៍​បន្ថែមទៀត​ពី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បី​មានវិធានការណ៍​ផ្អាក​រោងចក្រ មិនឱ្យ​ដំណើរការ​ជាបណ្តោះ​អាសន្ន និងស្នើ​សុំ​ទៅ​ក្រសួង​បរិស្ថាន និងក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និងវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​សាឡើង​វិញ ចៀសវាងបង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលក្រោយទៀត»៕