ភ្នំពេញៈ ក្រសួង​សាធារណការ និងដឹកជញ្ជូន បញ្ជាក់​ថា នាវា​ប្រមាណ ៩៣ ភាគរយ​នឹងអាច​ចូលចត​នៅកំពង់ផែ​ស្វយ័ត​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ក្រោយសាងសង់​រួច​នៅ​ឆ្នាំ២០២៩។


ក្រសួង​បញ្ជាក់នា​ថ្ងៃទី៥ ខែសីហា ថា កំពង់ផែ​ស្វយ័ត​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ​នេះបានបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ហើយការសាងសង់ ចែកជា ២ ដំណាក់កាល។ ដំណាក់កាល​ទី១​មានប្រវែង ២៥៣ ម៉ែត្រ ហើយដំណាក់កាល​ទី២ មាន ៣ ជំហាន។

ជំហាន​ទី១ មានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ ម៉ែត្រ។ ជំហានទី២ មាន​ប្រវែង ៤០០ ម៉ែត្រ និងជម្រៅ ទឹក ១៦,៥ ម៉ែត្រ។ ជំហានទី៣ មាន ប្រវែង ៤៣០ ម៉ែត្រ និងជម្រៅទឹក ១៧,៥ ម៉ែត្រ។


ក្រសួង​បញ្ជាក់​ថា៖ «គ្រោង​បញ្ចប់ នៅឆ្នាំ២០២៩ ទំហំ​ទឹកប្រាក់ ៩៧៣ លានដុល្លារ។ ក្រោយការសាងសង់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នាវា​ប្រមាណ ៩៣ ភាគរយ នឹងអាចចូលចត​បាន»។

ក្រសួង​លើកឡើងទៀត​ថា កំពង់ផែ​នេះ ជាសរសៃឈាម​សេដ្ឋកិច្ច​ដ៏មានសក្តានុពល​របស់កម្ពុជា តភ្ជាប់​ទំនាក់ទំនង​គមនាគមន៍​ផ្លូវទឹក វិនិយោគ ការដោះដូរ​ទំនិញ ដឹកជញ្ជូន​ឆាប់រហ័ស និងចំណាយ​តិច៕